តម្លៃប្រេងឆៅធ្លាក់ចុះ

តម្លៃប្រេងឆៅធ្លាក់ចុះ​ជាង៦% ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាពង្រីកសមរភូមិថ្មីគួរឱ្យព្រួយបារម្ភ


ប្រេងឆៅពិភពលោក​បានធ្លាក់ថ្លៃយ៉ាងគំហុករហូតដល់ទៅជាង៦% បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សម្រេច​ផ្អាកការវាយប្រហារលើអ៊ីរ៉ង់ ជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវឱ្យការទូតដំណើរការ និងបន្ធូរ​បន្ថយ​ភាពតានតឹង។ ប៉ុន្តែទោះបីជាសមរភូមិរវាងអាម៉េរិក និងអ៊ីរ៉ង់ ស្ងប់ស្ងាត់បន្តិច​យ៉ាង​ណាក្ដី ក៏​សង្គ្រាម​នេះ​មិនទាន់​បញ្ចប់ឡើយ ហើយកំពុងរីករាលដាលទៅកាន់តំបន់ថ្មីៗដូចជាសមុទ្រក្រហម សមុទ្រកាសព្យែន ​ព្រមទាំង​ច្រកសមុទ្រ Hormuz ដែលបង្កការព្រួយបារម្ភថ្មីអំពីសន្តិសុខថាមពល និងការដឹកជញ្ជូន​របស់​​ពិភពលោក។
តម្លៃប្រេងឆៅធ្លាក់ចុះ
ដោយ

សារព័ត៌មាន CNBC និង Reuters បានរាយការណ៍នៅថ្ងៃទី២៧ ខែកក្កដា ថា ទីផ្សារថាមពលពិភពលោកបានបញ្ចេញប្រតិកម្មតបភ្លាមៗ បន្ទាប់ពីការប្រយុទ្ធគ្នារវាងអាម៉េរិក និងអ៊ីរ៉ង់ បានផ្អាកមួយរយៈពេលខ្លី។ ជាលទ្ធផលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ បានធ្លាក់ថ្លៃជាង៦% មកនៅត្រឹម៩០,៥៨ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅនៅលើទីផ្សារអាម៉េរិក ក៏បានធ្លាក់ថ្លៃជាង៦% ផងដែរ។ វិនិយោគិនមើលឃើញថា ការផ្អាកប្រយុទ្ធនេះអាចជាសញ្ញាបង្ហាញថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុង
តេអេរ៉ង់ នៅតែមានឱកាសសម្រាប់ការចរចា ដើម្បីទប់ស្កាត់ការរីកធំនៃសង្គ្រាម។
លោក ម៉ៃ វ៉ល (Mike Waltz) ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិបានបញ្ជាក់ថា លោក ត្រាំ បានសម្រេចផ្អាកប្រតិបត្តិការយោធា ដើម្បីផ្តល់ឱកាសដល់ដំណើរការការទូត។ ទោះជាយ៉ាងណា សារព័ត៌មានអាម៉េរិកបានរាយការណ៍ថា សេតវិមាន ក៏កំពុងព្រួយបារម្ភអំពីផលប៉ះពាល់ផងដែររួមមានការថយចុះស្តុកអាវុធ ការប៉ះពាល់ដល់បណ្ដាប្រទេសជាសម្ព័ន្ធមិត្តនៅតំបន់មជ្ឈិមបូព៌ា និងការរាំងស្ទះដល់ទីផ្សារថាមពលពិភពលោក ប្រសិនបើសង្គ្រាមបន្តពង្រីកសមរភូមិ។
ស្របពេលសំឡេងគ្រាប់បែកស្ងប់ស្ងាត់បន្តិច សមរភូមិថ្មីកំពុងផ្ទុះឡើង ដោយអ៊ីរ៉ង់បានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿងនៅសមុទ្រកាសព្យែន បណ្តាលឱ្យនាវិកម្នាក់ស្លាប់ និងមនុស្សជាច្រើនរងរបួស។ ទីក្រុងតេអេរ៉ង់ បានចាត់ទុកហេតុការណ៍នេះថា ជាទង្វើ
អរិភាព និងឧក្រិដ្ឋកម្ម ហើយបានកោះហៅតំណាងការទូតអ៊ុយក្រែនមកតវ៉ា។
ជាការឆ្លើយតបលោក វ្លូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា កងកម្លាំងរបស់លោកបានវាយប្រហារចម្ងាយឆ្ងាយនៅតំបន់សមុទ្រកាសព្យែនទៅលើគោលដៅដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញយោធារបស់អ៊ីរ៉ង់។
ជាមួយគ្នានេះ ភាពតានតឹងនៅសមុទ្រក្រហម ក៏កាន់តែផ្ទុះឡើង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់បានវាយប្រហារលើទីតាំងប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ការវាយប្រហារនេះបានជំរុញឱ្យកងកម្លាំងគាំទ្រដោយអារ៉ាប៊ីសាអូឌីតបើកការវាយប្រហារសងសឹកនៅក្នុងប្រទេសយេម៉ែន។
ទោះបីប្រេងឆៅបានធ្លាក់ថ្លៃដោយសារក្តីសង្ឃឹមលើការចរចាក៏ដោយ ក៏ការដឹកជញ្ជូនតាមច្រក Hormuz នៅតែមានកម្រិតទាប ដោយសារក្រុមហ៊ុនដឹកជញ្ជូនជាច្រើននៅតែប្រុងប្រយ័ត្ន មិនហ៊ានបញ្ជូននាវាចូលតំបន់ ដែលមានហានិភ័យខ្ពស់នេះឡើយ។ ក្រុមអ្នកវិភាគបានបញ្ជាក់ថា ប្រសិនបើការវាយប្រហារបន្តរាលដាលទៅដល់ហេដ្ឋារចនាសម្ព័ន្ធថាមពល និងផ្លូវដឹកជញ្ជូនសំខាន់ៗ សម្ពាធលើការផ្គត់ផ្គង់ប្រេងអាចនឹងកើនឡើងវិញ ដែលអាចជំរុញឱ្យប្រេងហក់ឡើងថ្លៃ និងបង្កហានិភ័យដល់សេដ្ឋកិច្ចពិភពលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ការធ្វើបាតុកម្មរបស់យុវជន Gen Z បានបង្ខំឱ្យរដ្ឋមន្ត្រីក្រសួងអប់រំឥណ្ឌា លាលែងពីតំណែង

សម្ពាធ នៃកំហឹង និងការតស៊ូឥតថមថយរបស់ក្រុមយុវជន Gen Z នៅប្រទេសឥណ្ឌា បានបង្ខំឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ លោក ដាមេនដ្រា ប្រ៉ាដហាន (Dharmendra …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ