តម្លៃប្រេងហក់ឡើងកាន់តែខ្ពស់នេះ គឺធ្វើឡើងស្របពេលដែល ក្រុមហ៊ុនសាជីវកម្មប្រេងដ៏ធំរបស់អាមេរិក Exxon ដែលមានប្រតិបត្តិការនៅប្រទេសរុស្ស៊ីនោះ បានប្រកាសពីផែនការនឹងដកខ្លួនចេញពីរុស្ស៊ី ក្រោយពេលរុស្ស៊ីរងទណ្ឌកម្មធ្លាក់មកផ្ទួនៗពីប្រទេសលោកខាងលិច រួមទាំងពីអាមេរិកផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Nikkei Asia។
តម្លៃប្រេងឆៅពិភពលោកនៅថ្ងៃពុធទី២ នេះ បានកើនឡើងជាង ១០% ដែលបានធ្វើឲ្យការជួញដូរប្រេងក្នុងទីផ្សារ បានកើនឡើងដល់តម្លៃប្រមាណ ១១២ដុល្លារអាមេរិក ក្នុងមួយធុងបារ៉ែល នេះជាតម្លៃកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ។
តម្លៃប្រេងនៅទីផ្សារអង់គ្លេសថ្ងៃនេះកើនដល់ប្រមាណ ១១២ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែល ស្របពេលដែលតម្លៃប្រេងនៅទីផ្សារអាមេរិកកើនឡើងដល់ប្រមាណ១១០ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែល។
ស្របពេលដែលតម្លៃប្រេងហក់ឡើងខ្ពស់ បើមើលទៅលើតម្លៃភាគហ៊ុនពិភពលោកវិញ នៅថ្ងៃពុធសប្ដាហ៍នេះ សុទ្ធតែបង្ហាញពីការដាំក្បាលចុះទាំងអស់តែម្តង ទាំងភាគហ៊ុននៅអាមេរិក នៅអឺរ៉ុប និងនៅអាស៊ី។
តម្លៃប្រេងបន្ដកើនឡើង នៅគ្រាដែល ក្រុមហ៊ុនសាជីវកម្មប្រេងដ៏ធំរបស់អាមេរិក គឺ Exxon បានប្រកាសថា ខ្លួននឹងចាកចេញពីប្រតិបត្តិការនៅប្រទេសរុស្ស៊ី រួមទាំងប្រតិបត្តិការលើផលិតកម្មអណ្ដូងប្រេងផងដែរ។
យោងតាមសេចក្ដីរាយការណ៍ពីរ៉យទ័រ ការដកខ្លួនរបស់ក្រុមហ៊ុន Exxonចេញពីប្រតិបត្តិការនៅរុស្ស៊ីនេះ នឹងបន្សល់ទុកនៅទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនប្រមាណជាង ៤ពាន់លានដុល្លារ ហើយក្រុមហ៊ុនក៏នឹងបញ្ឈប់ការវិនិយោគគម្រោងថ្មីៗជាបន្តទៀតផងដែរ បន្ទាប់ទីក្រុងម៉ូស្គូបានធ្វើសង្គ្រាមឈ្លានពានលើអ៊ុយក្រែន។
អង្គការទីភ្នាក់ងារថាមពលអន្តរជាតិដែលមានសមាជិក២៨ប្រទេស និង អ្នកវិនិយោគជាច្រើនទៀតកំពុងរំពឹងថា នឹងមានការធ្លាក់ចុះនៃការផ្គត់ផ្គង់ ខណៈដែលទណ្ឌកម្មរបស់សហភាពអឺរ៉ុបទៅលើរុស្ស៊ីបានរំខានដល់ការដឹកជញ្ជូនថាមពលយ៉ាងធ្ងន់ធ្ងរ ដែលវិស័យថាលពល គឺជាការនាំចេញកំពូលរបស់រុស្ស៊ីទៅក្រៅប្រទេស។ បច្ចុប្បន្នការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និង អឺរ៉ុប ទៅលើរុស្ស៊ី រួមទាំងបានដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងពិសេសមួយទៀតការដកធនាគាររុស្ស៊ីមួយចំនួនចេញពីប្រព័ន្ធទូទាត់ប្រាក់អន្តជាតិ SWIFT បានបង្កើតភាពស្មុគស្មាញជាខ្លាំងសម្រាប់អ្នកទិញប្រេង និងឧស្ម័នបរទេសរបស់រុស្ស៊ី។
សូមជម្រាបថាវិបត្តិ សង្គ្រាម អ៊ុយក្រែន និងរុស្ស៊ី បាននិងកំពុងគំរាមកំហែងដល់អតិផរណាក៏ដូចជាតម្លៃម្ហូបអាហារនៅលើទីផ្សារអន្តរជាតិក៏កាន់តែអាក្រក់ទៅៗផងដែរ៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន