ក្រុមហ៊ុនមេធាវី Helmsman LLC នៅប្រទេសសិង្ហបុរី គឺជាភ្នាក់ងារផ្នែកច្បាប់ដែលបានចុះអនុវត្តការឃាត់នាវាទេសចរណ៍ Odyssey ទុកនៅកំពង់ផែសិង្ហបុរី។ ទោះបីជាគេមិនទាន់ដឹងច្បាស់ថា ក្រុមហ៊ុនមេធាវីនេះកំពុងតំណាងឱ្យភាគីណាក៏ដោយ ប៉ុន្តែប្រភពជិតស្និទ្ធនឹងរឿងនេះ បានប្រាប់សារព័ត៌មាន CBS News ថា ភាគីដែលចេញបញ្ជាឱ្យឃាត់នាវានោះទំនងជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈ។
បច្ចុប្បន្ននាវាទេសចរណ៍ដ៏ប្រណីតមួយនេះ កំពុងធ្លាក់ក្រោមការគ្រប់គ្រងរបស់ស្ថាប័នផ្តល់ប្រាក់កម្ចី បន្ទាប់ពីក្រុមហ៊ុនមេ Villa Vie Residences មិនអាចបន្តបង់ប្រាក់សងតាមកាលកំណត់ក្នុងកិច្ចសន្យា។ ប្រភពដដែលបានបន្តថា ក្រុមហ៊ុន Villa Vie កំពុងជំពាក់ប្រាក់ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងក្នុងតំបន់ប្រមាណ៥០ម៉ឺនដុល្លារ ថ្វីបើគេមិនទាន់ដឹងច្បាស់ថា តើក្រុមហ៊ុនប្រេងនោះជាអ្នកជួលក្រុមហ៊ុនមេធាវីឱ្យឃាត់នាវា ឬយ៉ាងណាក៏ដោយ។ តាមនីតិវិធីផ្លូវច្បាប់ ការឃាត់នាវា គឺជាវិធានការរឹបអូស ឬឃាត់ទុកជាបណ្តោះអាសន្នតាមអំណាចដីកាតុលាការ បន្ទាប់ពីមានពាក្យបណ្តឹងផ្លូវច្បាប់។
ដំណើរទេសចរណ៍ជុំវិញពិភពលោកឥតឈប់របស់នាវា Odyssey ដែលបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ២០២៤ ប្រៀបដូចជា សុបិនអាក្រក់ ដោយបានបញ្ចប់យ៉ាងទាន់ហន់ កាលពីចុងខែមុន នៅក្នុងប្រទេសកម្ពុជា ខណៈអ្នកដំណើរនៅលើនាវាទាំងអស់ ត្រូវទទួលបានការជូនដំណឹងឱ្យប្រញាប់ប្រញាល់ចុះចេញពីលើនាវា ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ៕
អត្ថបទៈ សួន ឡង់ទី