លោក ឈូគាត អូផាសាវង្ស (Chookiat Ophaswongse) ប្រធានកិត្តិយស នៃសមាគមអ្នកនាំចេញអង្ករថៃ បានលើកឡើងថា អង្ករសរបស់ថៃ មានតម្លៃ៤៨៥ដុល្លារក្នុងមួយតោន ខណៈអង្ករវៀតណាម មានតម្លៃត្រឹមតែ៤២០ដុល្លារ អង្ករប៉ាគីស្ថាន មានតម្លៃ៤១០ដុល្លារ ហើយអង្ករឥណ្ឌា មានតម្លៃត្រឹមតែ៣៨៨ដុល្លារក្នុង១តោនប៉ុណ្ណោះ។ ចំណែកឯអង្ករផ្កាម្លិះរបស់ថៃ មានតម្លៃខ្ពស់រហូតដល់ទៅ ១,១០០ដុល្លារក្នុងមួយតោន ខណៈអង្ករក្រអូបរបស់កម្ពុជា មានតម្លៃត្រឹមតែ៧៥០ដុល្លារ និងអង្ករក្រអូបរបស់វៀតណាម មានតម្លៃធូរចន្លោះពី៥២៥ទៅ៥៥៥ដុល្លារ។
ប្រធានកិត្តិយស នៃសមាគមអ្នកនាំចេញអង្ករថៃ រូបនេះ បានបញ្ជាក់ថា ហុងកុង និងចិន ដែលធ្លាប់ជាទីផ្សារធំសម្រាប់អង្ករផ្កាម្លិះរបស់ថៃ បានកាត់បន្ថយការបញ្ជាទិញយ៉ាងច្រើន ហើយងាកមកទិញអង្ករកម្ពុជា និងអង្ករវៀតណាម ដែលមានគុណភាពប្រហាក់ប្រហែលគ្នា តែតម្លៃទាបជាង។ ប្រធានកិត្តិយសរូបនេះព្រមានថា ថៃ អាចនឹងធ្លាក់តំណែងពីប្រទេសនាំចេញអង្ករធំជាងគេលំដាប់ទី៣ ក្នុងពិភពលោកមកនៅលេខ៤ ប្រសិនបើប៉ាគីស្ថានវ៉ាដាច់។
ក្រៅពីតម្លៃខ្ពស់ ថៃ ក៏កំពុងប្រឈមនឹងទិន្នផលទាប ថ្លៃដើមផលិតកម្មកើនឡើង និងកង្វះកម្លាំងពលកម្មផងដែរ។ កង្វះពលករចំណាកស្រុកបានធ្វើឱ្យការលើកដាក់អង្ករឡើងនាវានៅកំពង់ផែចំណាយពេលរហូតដល់២០ថ្ងៃ បើធៀបនឹងពីមុនដែលប្រើពេលខ្លីត្រឹមមួយសប្តាហ៍។ ទន្ទឹមនឹងនេះ ប្រធានកិត្តិយសរូបនេះ បានជំរុញឱ្យរដ្ឋាភិបាលថៃ កែទម្រង់វិស័យផលិតស្រូវអង្ករ បង្កើនទិន្នផល និងកាត់បន្ថយថ្លៃដើម ដើម្បីស្តារសមត្ថភាពប្រកួតប្រជែង និងទប់ស្កាត់ការបាត់បង់ទីផ្សារនាំចេញបន្ថែមទៀត៕
ដោយ: តែម សុខុម