មន្ត្រីអនុវត្តច្បាប់ ដែលធ្វើការជំនួសមុខឱ្យក្រុមហ៊ុន Jaguar Land Rover ដែលមានមូលដ្ឋាននៅអង់គ្លេស បានចូលឆែកឆេរការិយាល័យរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD នៅក្នុងប្រទេសហូឡង់ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទចម្លងម៉ូដែលរថយន្ត។ ការឆែកឆេរនេះធ្វើឡើងមុនក្រុមហ៊ុនទាំងពីរត្រូវឡើងតតាំងគ្នានៅចំពោះមុខតុលាការក្នុងសប្តាហ៍នេះ ដើម្បីសម្រេចថា តើរថយន្តដែលរងការសង្ស័យបានលួចចម្លងនោះ ពិតជាបានរំលោភលើកម្មសិទ្ធិបញ្ញាដែរឬទេ។ នៅក្នុងប្រតិបត្តិការឆែកឆេរនោះ មន្ត្រីអនុវត្តច្បាប់បានដកហូតឯកសារឌីជីថលជាច្រើនមុនឈានដល់ការកាត់ក្តីលើបណ្តឹងរំលោភកម្មសិទ្ធិបញ្ញាលើរថយន្តម៉ូដែល Land Rover Defender។
ពាក់ព័ន្ធនឹងក្តីក្តាំនេះ សារព័ត៌មាន Sunday Times ក៏បានចុះផ្សាយដែរថា កាលពីខែសីហា កន្លងទៅ មន្ត្រីអនុវត្តច្បាប់ហូឡង់ដែលតំណាងឱ្យក្រុមហ៊ុន Jaguar Land Rover ក៏ធ្លាប់បានចុះដកហូតឯកសារឌីជីថលពីការិយាល័យរបស់ BYD នៅក្នុងទីក្រុងធំៗពីរនៅក្នុងប្រទេសហូឡង់ រួចហើយដែរ។
ក្រុមហ៊ុន Jaguar Land Rover បានដាក់ពាក្យប្តឹងក្រុមហ៊ុន BYD ពាក់ព័ន្ធថយន្តប្រភេទ SUV កូនកាត់៧កៅអី ម៉ូដែល Ti7។ ចាប់តាំងពីការដាក់បង្ហាញជាលើកដំបូងក្នុងប្រទេសចិនកាលពីខែកញ្ញា ឆ្នាំមុន អ្នកជំនាញក្នុងវិស័យយានយន្តបានកត់សម្គាល់ឃើញថា រថយន្ត Ti7 របស់ BYD នេះ មានរចនាបទស្រដៀងគ្នាច្រើនលើសលប់ទៅនឹងរថយន្តម៉ូដែល Defender ដ៏ល្បីល្បាញរបស់ Jaguar Land Rover។
បណ្តឹងនេះបានផ្ទុះឡើងចំពេលដែលក្រុមហ៊ុន BYD មានគម្រោងត្រៀមដាក់លក់រថយន្តរងការចោទប្រកាន់នេះនៅលើទីផ្សារអង់គ្លេស ក្នុងខែមករា ខាងមុខ ក្នុងតម្លៃប្រមាណ៦៥,០០០ដុល្លារ ដែលជាតម្លៃទាបជាងរថយន្ត Defender រហូតដល់ទៅជាង២៨,០០០ដុល្លារអាមេរិក ដែលនេះជាកត្តាធ្វើឱ្យមានការប្រកួតប្រជែងស្វិតស្វាញបំផុត៕
ដោយៈ សរ សុជាតិ