ក្រុមហ៊ុន Meta របស់កំពូលមហាសេដ្ឋី Mark Zuckerberg កំពុងប្រឈមនឹងបណ្តឹងទាមទារសំណងរហូតដល់ប្រមាណ២០០ពាន់លានដុល្លារ ជុំវិញការចោទប្រកាន់ថា Facebook និង Instagram ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួនបានធ្វើឱ្យកុមារញៀនបណ្ដាញសង្គម។ សំណុំរឿងនេះកំពុងក្លាយជាការសាកល្បងដ៏ធំថា តើក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះអាចត្រូវទទួលខុសត្រូវកម្រិតណា ចំពោះផលប៉ះពាល់ ដែលវេទិកា ឬ Platform បណ្ដាញសង្គមរបស់ខ្លួនបង្កឡើងចំពោះអ្នកប្រើប្រាស់វ័យក្មេង។
សំណុំរឿងនេះ បានចាប់ផ្តើមសវនាការជំនុំជម្រះនៅសប្តាហ៍នេះ ក្នុងតុលាការសហព័ន្ធនៅរដ្ឋកាលីហ្វ័រញ៉ា ដោយមានរដ្ឋចំនួន២៩ចូលរួម។ រដ្ឋទាំងនោះ បានចោទប្រកាន់ថា ក្រុមហ៊ុន Meta បានផ្តោតតែលើការរកប្រាក់ចំណេញដោយមិនខ្វល់ពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់វ័យក្មេង។ រដ្ឋអាជ្ញាអះអាងថា ក្រុមហ៊ុន Meta បានដឹងហើយថា កុមារ និងយុវជនងាយរងផលប៉ះពាល់ពីការញៀនបណ្ដាញសង្គម ប៉ុន្តែបែរជាបន្តប្រើយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យពួកគេចំណាយពេលកាន់តែច្រើនលើ Facebook និង Instagram។ រដ្ឋទាំងនោះ ក៏ចោទប្រកាន់ក្រុមហ៊ុន Meta ដែរថា បានបំភាន់សាធារណជនអំពីហានិភ័យនៃវេទិកា ឬ Platform របស់ខ្លួន និងមិនបានការពារកុមារឱ្យបានគ្រប់គ្រាន់ រួមទាំងបញ្ហាពាក់ព័ន្ធនឹងការប្រមូលទិន្នន័យពីអ្នកប្រើប្រាស់មិនទាន់គ្រប់អាយុផងដែរ។
ទំហំនៃការទាមទារសំណងនេះ កំពុងបង្កើនសម្ពាធយ៉ាងខ្លាំងលើក្រុមហ៊ុន Meta ហើយប្រសិនបើតុលាការសម្រេចឱ្យក្រុមហ៊ុនចាញ់ក្ដី ករណីនេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែអាចបង្ខំឱ្យក្រុមហ៊ុន Meta ផ្លាស់ប្តូរមុខងារមួយចំនួនរបស់ Facebook និង Instagram ដែលជាមូលដ្ឋានសំខាន់នៃអាជីវកម្មរបស់ខ្លួនផងដែរ។
ជាការឆ្លើយតប ក្រុមហ៊ុន Meta បានច្រានចោលការចោទប្រកាន់នេះយ៉ាងដាច់អហង្ការ ដោយអះអាងថា ខ្លួនបានវិនិយោគយ៉ាងច្រើនក្នុងការការពារអ្នកប្រើប្រាស់វ័យក្មេង ហើយបានបញ្ជាក់ថា រដ្ឋនានាមិនបានបង្ហាញភស្តុតាងថា វេទិកា ឬ Platform បណ្ដាញសង្គមរបស់ខ្លួនត្រូវបានរចនាឡើងដោយមានចេតនាបង្កគ្រោះថ្នាក់ដល់កុមារឡើយ៕
ដោយ: តែម សុខុម