វិស័យហិរញ្ញវត្ថុ

អ្នកជំនាញអះអាងថា កម្ចីតាមអនឡាញ និងក្រៅផ្លូវការនៅតែបន្តវាយលុកទីផ្សារហិរញ្ញវត្ថុកម្ពុជា ក្រោមរូបភាពប្លែកៗ និងស្មុគស្មាញ


អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច កត់សម្គាល់ឃើញថា សកម្មភាពផ្តល់កម្ចីក្រៅផ្លូវការ និងកម្ចីអនឡាញ ដែលមានអត្រាការប្រាក់ខ្ពស់នៅតែបន្តរីករាលដាលយ៉ាងផុសផុល ទោះបីជាមានការព្រមានដាច់អហង្ការពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រឆាំងនឹងការផ្តល់កម្ចីខុសច្បាប់ទាំងនេះក៏ដោយ។ បណ្តាញកម្ចីក្រៅផ្លូវការទាំងនេះ កំពុងតែទាញទម្លាក់ពលរដ្ឋមួយចំនួនឱ្យធ្លាក់ក្នុងអន្ទាក់បំណុលវ័ណ្ឌក និងជះឥទ្ធិពលអាក្រក់ដល់សង្គមកម្ពុជា។ តើការរីកដុះដាល នៃកម្ចីក្រៅផ្លូវការនេះអាចគំរាមកំហែងដល់ស្ថិរភាពវិស័យហិរញ្ញវត្ថុទាំងមូលរបស់កម្ពុជា ដែរឬទេ?
វិស័យហិរញ្ញវត្ថុ
ដោយ

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានកត់សម្គាល់ឃើញថា មកទល់ពេលនេះ ការផ្តល់កម្ចីតាមអនឡាញ និងកម្ចីក្រៅផ្លូវការនៅតែបន្តវាយលុកក្នុងរូបភាពប្លែកៗ និងល្បិចកលកែច្នៃយ៉ាងស្មុគស្មាញ។ អ្នកជំនាញរូបនេះបានអះអាងថា ការផ្តល់កម្ចីខុសច្បាប់ទាំងនេះបានបង្កើតផលប៉ះពាល់អវិជ្ជមានជាច្រើនដល់វិស័យហិរញ្ញវត្ថុ ខណៈពលរដ្ឋដែលប្រើប្រាស់កម្ចីក្រៅផ្លូវការបានរងគ្រោះធ្ងន់ធ្ងរ ហើយអ្នកខ្លះបានធ្លាក់ក្នុងអន្ទាក់បំណុលវ័ណ្ឌករើខ្លួនពុំរួច។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចៀសវាងដាច់ខាតនូវការប្រថុយប្រថានប្រើប្រាស់កម្ចីអនឡាញ ឬកម្ចីក្រៅផ្លូវការខុសច្បាប់ ហើយត្រូវងាកមកប្រើប្រាស់សេវាកម្ចីផ្លូវការពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមាននីតិវិធីច្បាស់លាស់ និងស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីរដ្ឋ។

ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច សង្កេតឃើញថា ប្រតិបត្តិការផ្តល់កម្ចីក្រៅផ្លូវការអត្រាការប្រាក់ខ្ពស់កំពុងកើតមានក្នុងរូបភាពកាន់តែទូលំទូលាយ ដោយក្នុងនោះកម្ចីអនឡាញបានក្លាយជាមុខសញ្ញាលេចធ្លោជាងគេ ដែលធ្វើឱ្យពលរដ្ឋរងគ្រោះជាបន្តបន្ទាប់។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ កម្ចីតាមអនឡាញកំពុងបង្កើតជាមហារីកសង្គមដ៏ធំមួយ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បើពុំដូច្នោះទេ វានឹងក្លាយជាសោកនាដកម្មបំផ្លាញសេដ្ឋកិច្ចគ្រួសារ និងកិត្តិយសផ្ទាល់ខ្លួន។ ទោះជាយ៉ាងណាលោកបណ្ឌិត ហុង វណ្ណៈ បានអះអាងថា កម្ចីដែលមានអត្រាការប្រាក់ខ្ពស់នាពេលបច្ចុប្បន្នមិនទាន់ឈានដល់កម្រិតអាចធ្វើឱ្យរង្គោះរង្គើដល់ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាទាំងមូលនោះឡើយ ប៉ុន្តែវាអាចបង្កផលប៉ះពាល់ និងសម្ពាធយ៉ាងខ្លាំងដល់អ្នក ដែលមានបំណុលស្រាប់ជាមួយធនាគារ ឬមីក្រូហិរញ្ញវត្ថុ ហើយងាកទៅប្រើកម្ចីក្រៅផ្លូវការបន្ថែម។

សូមរំលឹកថា នាពេលថ្មីៗរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា បានក្រើនរំលឹកឱ្យពលរដ្ឋកុំប្រើប្រាស់កម្ចីតាមប្រព័ន្ធអនឡាញខុសច្បាប់ ដ្បិតវាអាចធ្វើឱ្យពលរដ្ឋវ័ណ្ឌកជាមួយបំណុល ដោយសារអត្រាការប្រាក់ខ្ពស់។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ពលរដ្ឋកុំសងកម្ចី ដែលផ្តល់តាមប្រព័ន្ធអនឡាញខុសច្បាប់ទាំងនោះ ហើយបើមានការរករឿងណាមួយត្រូវប្តឹងទៅសមត្ថកិច្ច។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឱ្យពលរដ្ឋបែងចែកឱ្យដាច់រវាងកម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ និងកម្ចីជាលក្ខណៈឯកជនបុគ្គល និងបុគ្គល ដែលផ្ទុយពីកម្ចីខុសច្បាប់ផងដែរ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ថៃ ត្រៀមសាងសង់លេណដ្ឋាន១,៦៦៩កន្លែងនៅតាមបណ្តោយព្រំដែនកម្ពុជា ខណៈអ្នកជំនាញមើលឃើញពីហានិភ័យនៃការធ្វើឱ្យតំបន់ព្រំដែនក្លាយជាតំបន់យោធា

កម្ពុជា បានចេញកំណត់ទូត និងដាក់ពាក្យតវ៉ាផ្លូវការទៅកាន់ភាគីថៃ យ៉ាងហោចណាស់ចំនួន៦០លើក គិតត្រឹមខែសីហា នេះ ដើម្បីប្រឆាំងដាច់ខាតចំពោះសកម្ម…

ក្រុមហ៊ុន Meta ប្រឈមការពិន័យ២០០ពាន់លានដុល្លារក្រោយរងការចោទប្រកាន់ថា ធ្វើឱ្យកុមារញៀនបណ្ដាញសង្គម

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិក Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram កំពុងប្រឈមក្ដីក្ដាំផ្លូវច្បាប់ដ៏ធំមិនធ្លាប់​មាន ដោយរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ