ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា ចាត់ទុកការចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលបៃតងរបស់ក្រុមហ៊ុន ហ្គោលដេន ទ្រី នេះ បានសបញ្ជាក់ឱ្យឃើញថា វិស័យមូលបត្រកម្ពុជា កំពុងតែចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ និងលើកកម្ពស់បរិស្ថានសកល ដើម្បីសង្គមជាតិ និងពិភពលោកដ៏ស្រស់បំព្រងនេះ។
ថ្លែងនៅក្នុងកម្មវិធីបោះផ្សាយលក់សញ្ញាបណ្ណបៃតងជាផ្លូវការរបស់ក្រុមហ៊ុន ហ្គោលដេន ទ្រី ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ឱ្យដឹងដែរថា សញ្ញាបណ្ណបៃតង គឺជាប្រភេទឧបករណ៍ហិរញ្ជវត្ថុថ្មី ដែលមានភាពទាក់ទាញ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គមសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់គម្រោង ដែលនឹងចូលរួមចំណែកជាវិជ្ជមានដល់បរិស្ថាន។
ពាក់ព័ន្ធនឹងការរៀបចំឲ្យមានការបោះផ្សាយលក់សញ្ញាបណ្ណបៃតងនេះដែរ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា វាមិនត្រឹមតែអនុវត្តស្របតាមគោលការណ៍ណែនាំសញ្ញាប័ណ្ណបៃតងរបស់កម្ពុជានោះទេ ប៉ុន្តែគឺស្របទៅតាមស្តង់ដារសញ្ញាបណ្ណបៃតងរបស់អាស៊ានផងដែរ ដែលត្រូវបានរៀបចំឡើងក្រោមការជួយជ្រោមជ្រែងជាបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី។ ជាមួយគ្នានេះ ឯកឧត្តម ស៊ូ សុជាតិ ក៏បានបញ្ជាក់បន្ថែមដែរថា ផ្សារមូលបត្រកម្ពុជា មិនមែនមានតែការចុះបញ្ជីសញ្ញាបណ្ណបៃតងមួយនោះទេ ក្នុងឆ្នាំ២០២៣នេះ គឺនឹងមានការបោះផ្សាយសញ្ញាបណ្ណបៃតងមួយទៀតពីធនាគារ អេស៊ីលីដា ដែលជាការបោះផ្សាយលក់ក្នុងទំហំធំជាងផងដែរ។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុន ហ្គោលដេន ទ្រី ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ក្នុងការផ្តល់នូវសេវាជួលអាគារការិយាល័យ ពាណិជ្ជកម្ម និងប្រឹក្សាផ្នែកអចលនទ្រព្យ។ ឯកឧត្តម អះអាងថា នេះគឺជាការចុះបញ្ជីសញ្ញាបណ្ណបៃតងទី១ នៅក្នុងផ្សារមូលបត្រកម្ពុជា ក្នុងទំហំទឹកប្រាក់ចំនួន ៦ពាន់លានរៀល ឬស្មើនឹងប្រមាណ ១លាន៥សែនដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ ៧% ក្នុងមួយឆ្នាំ និង ឥណប្រតិទានចំនួន៥ឆ្នាំ។
ឯកឧត្តម ហុង សុហួរ បានចាត់ទុកឆ្នាំ២០២៣ នេះ ជាឆ្នាំដ៏ពិសេស និងមានសក្តានុពល សម្រាប់វិស័យមូលបត្រកម្ពុជា ដែលនឹងមានផលិតផលថ្មីៗបន្ថែមទៀត ជាមួយនឹងការចុះបញ្ជីរបស់ក្រុមហ៊ុនមួយចំនួនបន្ថែម។ ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០៣០ ផ្សារមូលបត្រកម្ពុជា មានមហិច្ឆតានឹងសម្រេចឱ្យបាននូវទំហំជួញដូរប្រចាំថ្ងៃក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារក្នុងមួយថ្ងៃផងដែរ។
បើតាម ឯកឧត្តម ហុង សុហួរ គិតមកត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន១៨ក្រុមហ៊ុន ក្នុងនោះ៩ ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន និង៩ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ តាមរយៈក្រុមហ៊ុនទាំង១៨នេះ បានប្រមូលទុនពីផ្សារមូលបត្រប្រមាណ ៣១៧ លានដុល្លារអាមេរិក។ ឯកឧត្តម បន្តថា ទន្ទឹមនឹងការកើនឡើងនៃចំនួនក្រុមហ៊ុនចុះបញ្ជី បរិមាណទំហំជួញដូរប្រចាំថ្ងៃក៏មានការកើនឡើងជាលំដាប់ផងដែរ។ ជាក់ស្តែងក្នុងឆ្នាំ២០២២ កន្លងទៅ ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមានប្រមាណជាង ៥០ម៉ឺនដុល្លារអាមេរិក ដែលមានការកើនឡើងប្រមាណ៥០% ធៀបឆ្នាំ២០២១។ ចំនួនគណនីជួញដូរ ក៏មានការកើនឡើងដល់ប្រមាណ ៣ម៉ឺន៦ពាន់គណនីផងដែរនៅឆ្នាំ២០២២៕