នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងដាក់ទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីពេលថ្មីៗ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ គយប្រមូលចំណូលបានជិត២ពាន់៣រយលានដុល្លារ ថយចុះជិត១៦% បើធៀបនឹងឆ្នាំ២០២២។ លទ្ធផលនេះគឺសម្រេចបានជាង៨២% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
បើតាមឯកឧត្ដមបណ្ឌិត គុណ ញឹម កត្តាដែលធ្វើឱ្យការប្រមូលចំណូលក្នុងឆ្នាំ២០២៣ មិនអាចសម្រេចបានតាមផែនការ គឺកត្តាចម្បងបណ្ដាលមកពីការធ្លាក់ចុះទីផ្សារមុខទំនិញយានយន្ត ដែលកន្លងមកគឺជាប្រភពចំណូលដ៏សំខាន់ និងបណ្តាលមកពីកត្តាប្រឈមមួយចំនួនទៀតដូចជា កំណើនជាបន្តបន្ទាប់ទាំងវិសាលភាព និងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល និងការបន្តកើតមាននូវសកម្មភាពរត់គេចពន្ធដែលកាន់តែស្មុគស្មាញ និងជ្រកក្រោមរូបភាពថ្មីៗជាដើម។
ទន្ទឹមនេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា លទ្ធផលចំណូលដែលទទួលបាននេះ ត្រូវសម្រេចបានក្នុងស្ថានភាពមួយដែលបរិស្ថានជុំវិញជួបប្រទះនូវបញ្ហាប្រឈមនានា រួមមាន ការងើបឡើងយឺតនូវស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច, ការបន្តអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែន, បញ្ហាសង្គ្រាម និងបញ្ហានៅមជ្ឈឹមបូព៌ា និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយជាដើម ដែលបានបង្កការរំខានដល់វិស័យដឹកជញ្ជូនទំនិញ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ក៏ដូចជាតម្រូវការនៃការប្រើប្រាស់។ ទន្ទឹមនេះ ឯកឧត្ដម លើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ។
ជាមួយគ្នានេះ ដើម្បីបង្កើនប្រសិទ្ធភាពប្រមូលចំណូលនិងការងារផ្សេងទៀតរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាក ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ណែនាំឱ្យរៀបចំកញ្ចប់វិធានការសម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ ឱ្យកាន់តែជាក់លាក់ដោយកំណត់ពេលវេលា និងសូចនាករច្បាស់លាស់, បន្ដធ្វើទំនើបកម្មនីតិវិធីគយតាមរយៈការជំរុញធ្វើឌីជីថលនីយកម្ម សំដៅកាត់បន្ថយការប្រើប្រាស់ឯកសារក្នុងទម្រង់ក្រដាស, ជំរុញការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី៣ឱ្យបានពេញលេញ, រៀបចំយន្ដការតាមដាន វិភាគ និងវាយតម្លៃហានិភ័យដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងជាពិសេសជាមួយអគ្គនាយកដ្ឋានពន្ធដារ, និងលើកកម្ពស់អភិបាលកិច្ចតាមរយៈការអនុវត្តព្រមគ្នានូវយន្តការនៃការដាក់ទោសទណ្ឌនិងការលើកទឹកចិត្តឱ្យកាន់តែមានប្រសិទ្ធភាព៕