ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកត់សម្គាល់ថា ក្រោយកម្ពុជា បានធូរស្បើយពីការរាតត្បាតនៃជំងឺកូវីដ១៩ និងបានបើកសង្គម និងសេដ្ឋកិច្ចពេញលេញឡើងវិញ ដែលធ្វើឲ្យសកម្មភាពនាំទំនិញចេញ-ចូល កាន់តែប្រសើរ។ បើតាមឯកឧត្តម គុណ ញឹម នៅក្នុងត្រីឆមាសទី១ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា បានទទួលបានចំណូលពន្ធអាករ សរុបចំនួន ១,២៩៣លានដុល្លារអាមេរិក ដែលស្នើនឹង ៥០ភាគរយ នៃផែនការកំណត់ដោយច្បាប់ថវិកា។ អគ្គនាយកនៃនាយកដ្ឋានគយបានបន្តថា ប្រភពចំណូលសំខាន់គឺបានមកពីចំណូលពន្ធអាករ លើយានយន្ត មានប្រមាណ ៤៣ភាគរយ នៃចំណូលពន្ធអាករសរុប។ ក្នុងនោះ បើគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ មានម្ចាស់រថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសចំនួនជិត១ម៉ឺនគ្រឿង បានចូលខ្លួនមកបង់ពន្ធ និងកក់ប្រាក់ពន្ធ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលគិតជាទឹកប្រាក់មានចំនួន ៧៦លានដុល្លារអាមេរិក។
បើតាមឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាកកម្ពុជា ដើម្បីរឹតបន្តឹង និងទប់ស្កាត់ការលួចបន្លំនាំចូលរថយន្តចង្កូតស្ដាំថ្មីៗ ពីថៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានដាក់កម្លាំង នៅតាមមាត់ច្រកព្រំដែន នានា ជាពិសេសច្រកពំ្រដែនកម្ពុជា-ថៃ តែម្ដង។ លើសពីនេះ ឯកឧត្តមបានបញ្ជាក់ថា ក្នុងការទប់ស្កាត់នេះ ឯកឧត្តមនឹងចេញសេចក្តីណែនាំដល់មន្រ្តីគយ ជាពិសេសការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធនៅតំបន់៣ ដែលគ្របដណ្តប់នៅខេត្តកោះកុង កំពង់ស្ពឺ ព្រះសីហនុ, ការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៤ ដែលគ្រប់ដណ្តប់លើខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងនៅតំបន់៥ ដែលគ្របដណ្តប់លើខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ឱ្យយកចិត្តទុកដាក់ឃ្លាំងមើល និងបន្ថែមការដាក់ពង្រាយកងកម្លាំងយាមល្បាត ដើម្បីទប់ស្កាត់ការនាំចូលរថយន្តចង្កូតស្តាំថ្មីៗ ឱ្យបានជាអតិបរមា។
គូសបញ្ជាក់ថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំអត់ពន្ធ ដែលមានស្រាប់នៅក្នុងប្រទេស អាចចូលបង់ពន្ធបាន ដោយមិនចាំបាច់ប្ដូរចង្កូតពីស្តាំទៅឆ្វេង នោះទេ។ ក៏ប៉ុន្តែ សម្ដេចបានណែនាំ និងក្រើនរំលឹកឲ្យមន្ត្រីគយ ក៏ដូចជាកម្លាំងសមត្ថកិច្ចតាមព្រំដែន ធ្វើយ៉ាងណាមិនត្រូវឲ្យមានការបន្លំយករថយន្តចង្កូតស្តាំថ្មីៗ ចូលមកកម្ពុជា ដើម្បីចូលបង់ពន្ធនោះទេ ដោយសម្តេចបន្តថា រថយន្តចង្កូតស្តាំអត់ពន្ធ មានតែលួចនាំចូលតាមព្រំដែនថៃ ប៉ុណ្ណោះ៕