ការសុំពន្យារពេលថ្មីចុងក្រោយនេះ ដោយសារតែមានការរាំងស្ទះក្នុងការបំពេញបែបបទផ្សេងៗពាក់ព័ន្ធសុវត្ថិភាព គួបផ្សំមានការរំខានពីវិបត្តិកូវីដ-១៩កន្លងមក។ អ្នកជំនាញបានបង្ហាញក្តីរំពឹងកន្លងមកថា ក្រោយព្រលានយន្តហោះ ដែលអាចឲ្យយន្តហោះធំៗចុះចតបានមួយនេះ បើកដំណើរការ វានឹងជួយរួមចំណែកឲ្យធ្វើវិស័យទេសចរណ៍ និងការដឹកជញ្ជូនកាន់តែល្អប្រសើរ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ បានបន្ដសុំពន្យារពេលបើកដំណើរការសាកល្បងរហូតដល់ពាក់កណ្តាលឆ្នាំ២០២២។ ការសុំពន្យារពេលនេះធ្វើឡើងក្រោយក្រុមហ៊ុនមានការរាំងស្ទះក្នុងការបំពេញព័ត៌មាន និងឯកសារនានាពាក់ព័ន្ធនឹងសុវត្ថិភាព ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានជិត១០០% ហើយ។
អ្នកពាក្យរូបនេះបានគូសបញ្ជាក់ទៀតថា ការឆ្លងរាតត្បាតនៃមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង មិនជាប់ពាក់ព័ន្ធនឹងការពន្យារពេលបើកដំណើរការសាកល្បងរបស់អាកាសយាន្ដដ្ឋានខាងលើនេះនោះទេ។ ទោះបីយ៉ាងនេះក្តី មេរោគបំប្លែងខ្លួនថ្មីអូមីក្រុងដែលកំពុងអុកឡុកពិភពលោកបានបង្ខំឲ្យប្រទេសមួយចំនួននៅជុំវិញពិភពលោកបានកាត់បន្ថយជើងហោះហើរទៅមកកម្ពុជា ដើម្បីទប់ស្កាត់ជំងឺរាតត្បាតជាសកលមួយនេះ។
តាមគម្រោងព្រលានយន្តហោះអន្តរជាតិ តារាសាគរ ខេត្តកោះកុង ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិន Union Development Group នេះ គ្រោងដាក់ឲ្យដំណើរការសាកល្បងតាំងពីដើមឆ្នាំ២០២១ ហើយត្រូវបានពន្យារពេលដល់ត្រីមាសទី១ឆ្នាំ២០២២ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គួបផ្សំបញ្ហាអាកាសធាតុ។ ហើយចុងក្រោយនេះ ពន្យារពេលបើកដំណើរការទៅដល់ពាក់កណ្ដាលឆ្នាំ២០២២វិញ។ ព្រលានយន្តហោះតារាសាគរ អភិវឌ្ឍន៍ដំណាក់កាលទី១លើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍន៍១ពាន់ហិកតា ដោយគ្រោងចំណាយថវិកាប្រមាណ២រយលានដុល្លារ។
តាមផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងមធ្យម ព្រលានយន្តហោះនេះរំពឹង ទទួលបានអ្នកដំណើរ៧លាននាក់ និងទំនិញ១ម៉ឺនតោនក្នុង១ឆ្នាំចាប់ពីឆ្នាំ២០២១-២០៣០ និងបន្តកើនឡើងអ្នកដំណើរ២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំចាប់ពីឆ្នាំ២០៣០-២០៥០។ ព្រលានយន្តហោះដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ និងបុទុមសាគរខេត្តកោះកុងនេះ ជាលំដាប់ 4E និង 4F ដែលមានសមត្ថភាពអាចឲ្យយន្តហោះធំៗដូចជាអ៊ាបើស A-350-900 និងប៊ូអ៊ីង B777 អាចចុះចតបាន៕