បើតាមការគូសបញ្ជាក់របស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង គម្រោងដាក់ឲ្យដំណើរការនេះ អាចនឹងត្រូវលើកពេលដោយសារក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវការពេល ដើម្បីបញ្ចប់ការសាងសង់ និងកែប្រែចំណុចខ្វះខាតដែលនៅសេសសល់មួយចំនួន។ ទោះយ៉ាងណា លោកជំទាវមិនបានបញ្ជាក់លម្អិតពីចំណុចខ្វះខាត ដែលត្រូវកែប្រែទាំងនេះនោះទេ។
យ៉ាងណាក៏ដោយលោកជំទាវ មិថុនា ភូថង បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា ក្រោយព្រលានយន្តហោះនេះដាក់ឲ្យដំណើរការវានឹងជួយធ្វើឲ្យវិស័យទេសចរណ៍របស់ខេត្តនេះកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ជាពិសេសជួយស្រូបទាញភ្ញៀវទេសចរបរទេសឲ្យមកកម្សាន្តនៅខេត្តនេះកាន់តែច្រើនថែមទៀត៊។ លើសពីនេះព្រលានយន្តហោះនេះនឹងរួមចំណែកជួយសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវអាកាស ទាក់ទាញការវិនិយោគ និងជំរុញការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗជាដើម។
ជាមួយគ្នានេះឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ដូចគ្នាថា គម្រោងដាក់ឲ្យដំណើរការហោះហើរសាកល្បងរបស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងនៅពាក់កណ្តាលឆ្នាំនេះ អាចនឹងត្រូវពន្យារពេល ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍មិនទាន់បញ្ចប់ទាំងស្រុងលើការអភិវឌ្ឍ និងបំពេញបែបឯកសារពាក់ព័ន្ធសុវត្ថិភាពនៃការហោះហើរ។ តែយ៉ាងណាឯកឧត្តមរំពឹងថា ព្រលានយន្តហោះនេះនឹងអាចដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។
យ៉ាងណាមិញ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចនវត្ថុកម្ពុជាជឿជាក់ថា ក្រោយអាកាសយានដ្ឋានអន្តរជាតិតារាសាគរដាក់ឲ្យដំណើរការ វានឹងជួយឲ្យធ្វើឲ្យតំបន់តារាសាគរកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត សម្រាប់វិនិយោគិនជាតិ និងអន្តរជាតិក្នុងការសម្លឹងឱកាសវិនិយោគនៅតំបន់នោះ។ ជាពិសេស វានឹងជួយជំរុញឲ្យតម្លៃអចលនទ្រព្យ និងការអភិវឌ្ឍន៍នៅតំបន់នោះកាន់តែមានការកើនឡើង និងរីកចម្រើនបន្ថែមទៀត។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរដំណាក់កាលទី១អភិវឌ្ឍន៍លើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍន៍បន្តចំនួន១ពាន់ហិកតា ដោយគ្រោងចំណាយថវិកាប្រមាណ២រយលានដុល្លារ ដែលជាការវិនិយោគគាំទ្រវិស័យទេសចរណ៍។ តាមផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងមធ្យម ព្រលានយន្តហោះនេះរំពឹង ទទួលបានអ្នកដំណើរ៧លាននាក់ និងទំនិញ១ម៉ឺនតោនក្នុង១ឆ្នាំចាប់ពីឆ្នាំ២០២១-២០៣០ និងបន្តកើនឡើងអ្នកដំណើរ២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំចាប់ពីឆ្នាំ២០៣០-២០៥០។ ព្រលានយន្តហោះដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ និងបុទុមសាគរខេត្តកោះកុងនេះ ជាលំដាប់ 4E និង 4F ដែលមានសមត្ថភាពអាចឲ្យយន្តហោះធំៗដូចជាអ៊ាបើស A-350-900 និងប៊ូអ៊ីង 777 អាចចុះចតបាន៕