តួយ៉ាងនៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦ ចំណូលដែលគ្រឹះស្ថានអង្គរទទួលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានធ្លាក់ចុះប្រមាណ៣០% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានគូសបញ្ជាក់ថា ចរន្តភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្សាន្តនៅកម្ពុជា បានបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេល៥ខែកន្លងមកនេះ ដែលជាសញ្ញាគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់វិស័យទេសចរណ៍កម្ពុជា។ ការធ្លាក់ចុះនេះត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដោយសារការប្រែប្រួលខ្លាំង នៃវិបត្តិភូមិសាស្រ្តនយោបាយសកល និងតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់។ ហើយអ្វីដែលជាបញ្ហាប្រឈមដ៏ធំបំផុតនោះ គឺកង្វះខាតនៃការចូលរួមប្រឹងប្រែងផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់កម្ពុជា ដែលមិនទាន់មានកម្រិតប្រកួតប្រជែងនៅឡើយ ដែលទាមទារឱ្យមានការចូលរួមកាន់តែខ្លាំងថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ជាមួយគ្នានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា ក៏បានកត់សម្គាល់ឃើញពីការធ្លាក់ចុះនៃលំហូរភ្ញៀវទេសចរបរទេសផងដែរ ដោយលោកបានបង្ហាញថា វាជាផលប៉ះពាល់ផ្ទួនៗដែលកើតចេញពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ភាពរកាំរកូសតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងការធ្លាក់ចុះនៃកេរ្តិ៍ឈ្មោះរបស់កម្ពុជា លើឆាកអន្តរជាតិ ពាក់ព័ន្ធនឹងរឿងរ៉ាវឆបោកតាមប្រព័ន្ធអនឡាញ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ នៅតែបង្ហាញក្តីរំពឹងថា តាមរយៈយុទ្ធនាការបោសសម្អាតក្រុមឆបោកអនឡាញយ៉ាងក្តៅគគុករបស់រាជរដ្ឋាភិបាលនឹងអាចជួយស្តារមុខមាត់ និងទំនុកចិត្តរបស់ភ្ញៀវទេសចរឡើងវិញ។ ម្យ៉ាងវិញទៀតគោលនយោបាយលើកលែងទិដ្ឋការរយៈពេល៤ខែដល់ជនជាតិចិន សម្រាប់ការមកកម្សាន្តនារដូវបៃតងនេះ ក៏នឹងក្លាយជាកាតាលីករមួយយ៉ាងសំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរឡើងវិញផងដែរ។
បើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានបង្ហាញថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦នេះ កម្ពុជា រកចំណូលបានជាង១៧លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរពីភ្ញៀវទេសចរជាង៣៥ម៉ឺន៩ពាន់នាក់ បានធ្លាក់ចុះប្រមាណ៣០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ យ៉ាងណាមិញ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅត្រីមាសទី១ឆ្នាំ២០២៦ កម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសប្រមាណជាង១លាននាក់ប៉ុណ្ណោះ ថយចុះរហូតដល់ជាង៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទទួលបានជាង១,៨លាននាក់៕