វិស័យអប់រំ

ក្រសួងអប់រំ កំពុងពិចារណាប្រើវិធានការចាប់បង្ខំឱ្យសិស្សរៀនថ្នាក់វិទ្យាសាស្ត្រ តែអ្នកជំនាញហាក់ជំទាស់


ក្រុមអ្នកជំនាញផ្នែកអប់រំ និងសង្គម បានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា ផ្ដោតលើការកែលម្អគុណភាព នៃការបង្រៀន និងបង្កើតយុទ្ធសាស្ត្រលើកទឹកចិត្តសិស្សជាជាងការដាក់ចេញនូវវិធានការបង្ខិតបង្ខំឱ្យរៀនមុខវិជ្ជាណាមួយ។ ការជំរុញបែបនេះធ្វើឡើងក្រោយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាកំពុងពិចារណាប្រើវិធានការចាប់បង្ខំសិស្សឱ្យរៀនថ្នាក់វិទ្យាសាស្ត្រ ក្រោយចំនួនសិស្សរៀនថ្នាក់វិទ្យាសាស្ត្រសង្គមមានការកើនឡើងច្រើនលើសលប់ពីមួយឆ្នាំទៅមួយឆ្នាំ។
វិស័យអប់រំ
ដោយ

ក្រុមអ្នកជំនាញយល់ឃើញថា ការជ្រើសរើសមុខវិជ្ជារបស់សិស្សគួរតែផ្អែកលើទេពកោសល្យ និងសមត្ថភាពរៀនសូត្ររបស់បុគ្គលម្នាក់ៗ ខណៈការបង្រៀនតាមបែបប្រពៃណី កង្វះបច្ចេកទេស សម្ភារសិក្សា និងឱកាសការងារក្នុងវិស័យវិទ្យាសាស្ត្រនៅតែជាកត្តាសំខាន់ដែលធ្វើឱ្យសិស្សភាគច្រើន ងាកទៅជ្រើសរើសថ្នាក់វិទ្យាសាស្ត្រសង្គម។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងអ្នកតាមដានហេតុការណ៍សង្គម ហាក់មិនគាំទ្រចំពោះវិធានការចាប់បង្ខំឱ្យសិស្សរៀនថ្នាក់វិទ្យាសាស្ត្រ ដែលថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាកំពុងពិចារណានោះទេ។

សម្រាប់អ្នកជំនាញរូបនេះ មិនគួរមានវិធានការចាប់បង្ខំឱ្យសិស្សរៀនមុខវិជ្ជាណាមួយនោះទេ ដោយគួរផ្ដល់សិទ្ធិស្វ័យសម្រេចដល់សិស្សជាអ្នកជ្រើសរើសខ្លួនឯង ហើយងាកមកផ្ដោតលើកែប្រែវិធីសាស្រ្តបង្រៀនធ្វើយ៉ាងណាឱ្យសិស្សចង់រៀន រៀនឆាប់ចេះ ក៏ដូចជាផ្ដល់អាហារូបករណ៍ និងបង្កើនឱកាសការងារផ្នែកវិទ្យាសាស្រ្តឱ្យបានច្រើនប្រសើរជាង។

អ្នកជំនាញទស្សនៈវិជ្ជារូបនេះបានសង្កត់ធ្ងន់ថា ចំពោះករណីសិស្សជ្រើសរើសមុខវិជ្ជាសម្រាប់ប្រលងបាក់ឌុបគ្រាន់តែជាវិធីសាស្រ្ត ដើម្បីឱ្យពួកគេអាចប្រលងជាប់ប៉ុណ្ណោះ ព្រោះមានយុវជនជាច្រើនបានចាប់យកជំនាញសិក្សាបន្តខុសពីជំនាញដែលពួកគេបានជ្រើសរើសនៅក្នុងអំឡុងពេលប្រលងបាក់ឌុប។

ជាមួយគ្នានេះ លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា សង្កេតឃើញថា ជាទូទៅសិស្សានុសិស្ស គឺមានសមត្ថភាពរៀនពូកែ និងខ្សោយខុសៗគ្នាតាមហ្សេនរបស់ពួកគេម្នាក់ៗ ដែលបញ្ហានេះទាមទារឱ្យគ្រឹះស្ថានអប់រំទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថា សិស្សគ្រប់រូបទទួលបានចំណេះដឹងមានប្រសិទ្ធិភាព។

បើតាមប្រធានអង្គការរូបនេះ មូលហេតុ ដែលធ្វើឱ្យសិស្សមាននិន្នាការរៀនខាងវិទ្យាសាស្រ្តសង្គមច្រើនជាងវិទ្យាសាស្ត្រ ដោយសារតែការបង្រៀនភាគច្រើនធ្វើឡើងតាមបែបប្រពៃណី កង្វះបច្ចេកទេស និងសម្ភារៈសម្រាប់ប្រើក្នុងកម្មវិធីសិក្សាជាដើម ដែលបញ្ហានេះទាមទារឱ្យរដ្ឋយកចិត្តទុកកែទម្រង់បន្ថែមទៀត។ បើតាមអ្នកជំនាញរូបនេះក្រសួងអប់រំ មិនគួរមានវិធានការចាប់បង្ខំឱ្យសិស្សរៀនមុខវិជ្ជាណាមួយនៅកម្រិតមធ្យមសិក្សាទុតិយភូមិនោះទេ ដោយផ្តល់ឱកាសឱ្យពួកគេជ្រើសរើសមុខវិជ្ជាអ្វីតាមទេពកោសល្យរៀងៗខ្លួន។

គួរបញ្ជាក់ថា នៅក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៦ នេះ ចំនួនសិស្សចុះឈ្មោះប្រឡងថ្នាក់វិទ្យាសាស្ត្រ បានថយចុះប្រមាណ១ម៉ឺននាក់ ខណៈសិស្សប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គមបានកើនឡើងប្រមាណ១ម៉ឺននាក់ បើធៀបនឹងឆ្នាំមុន។ កត្តានេះបានធ្វើឱ្យឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កំពុងពិចារណាប្រើវិធានការចាប់បង្ខំសិស្សឱ្យរៀនថ្នាក់វិទ្យាសាស្ត្រ ប្រសិនបើចំនួនសិស្សរៀងថ្នាក់វិទ្យាសាស្ត្រសង្គមបន្តកើនឡើងច្រើនលើសលប់។

ទោះជាយ៉ាងណាក្រុមអ្នកជំនាញយល់ថា ការអនុវត្តវិធានការបែបចាប់បង្ខំ នឹងមិនអាចធ្វើឱ្យសិស្សរៀនចេះ ឬចាប់អារម្មណ៍មុខវិជ្ជាវិទ្យាសាស្ត្រឡើយ ព្រោះការសិក្សាអាស្រ័យលើក្តីស្រឡាញ់ និងចំណូលចិត្តផ្ទាល់ខ្លួន។ កន្លងមក ក្រសួងអប់រំ ក៏បានខិតខំពង្រឹងមូលដ្ឋានគ្រឹះអប់រំ បង្កើនម៉ោងបង្រៀន ធ្វើកំណែទម្រង់សាលារៀន និងផ្តល់ការប្រឹក្សាអាជីព ដើម្បីទាក់ទាញសិស្សឱ្យរៀនវិទ្យាសាស្ត្រផងដែរ មុននឹងឈានដល់ការពិចារណាលើកវិធានការបន្ថែមមេគុណពិន្ទុនាពេលនេះ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


កម្ពុជា ស្រូបទាញទុនវិនិយោគផ្ទាល់ពីបរទេសបានជាង២,៦ពាន់លានដុល្លារកើនឡើងជាង១៨%​ តើមានកត្តាជំរុញអ្វីខ្លះ?

ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ និងរងការគំរាមកំហែងពីជម្លោះប្រដាប់អាវុធនៅតំបន់មជ្ឈិមបូព៌ាយ៉ាងណាក៏ដោយ ក៏…

អ្នកប្រើប្រាស់កម្ចីកសិកម្មត្អូញត្អែរពិបាកទទួលបានឥណទាន​ដោយសារនីតិវិធីស្មុគស្មាញ

ប្រធានសហភាពសហគមន៍កសិកម្មដំណាំកម្ពុជា បានអះអាងថា កសិករមួយចំនួនដែលកំពុងស្ថិតក្នុងបណ្តុំផលិតកម្មកំពុងជួបបញ្ហាប្រឈមយ៉ាងខ្លាំងក្នុងការទទួលបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ