"បង្គោល​ភ្លើង​មរណៈ?"

បង្គោល​ភ្លើង​ចំ​កណ្ដាល​ផ្លូវ​បង្ក​គ្រោះ​ថ្នាក់​ដល់​ពលរដ្ឋ នាំ​ឲ្យ​មាន​ការរិះគន់!


បង្គោល​ភ្លើង​មួយ​ជួរ​ស្ថិត​នៅ​ចំ​កណ្ដាល​ផ្លូវ​ហាណូយ បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹក​​ញាប់។ ពលរដ្ឋ​ដែល​រស់នៅ​សង​ខាង​ផ្លូវ​ហាណូយ បាន​ហៅ​ផ្លូវ​នេះ​ថា «ជា​ផ្លូវ​មរណៈ» ព្រោះ​សម្បូរ​ឡាន​ម៉ូតូ​បើក​បុក​បង្គោល​ភ្លើង​នេះ​ជា​ច្រើន​លើក។ រីឯ​អ្នក​លេង​ហ្វេសប៊ុក​វិញ ក៏​បាន​ថត​បង្ហោះ​និង​សរសេរ​រិះគន់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​យ៉ាង​ចាស់​ដៃ​ផង​ដែរ។
បង្គោល​ភ្លើង​ចំ​កណ្ដាល​ផ្លូវ​បង្ក​គ្រោះ​ថ្នាក់​ដល់​ពលរដ្ឋ នាំ​ឲ្យ​មាន​ការរិះគន់!
ដោយ

អ្នកស្រី សំ សុផល ពលរដ្ឋ​រស់​នៅ​ជាប់​ផ្លូវ​ហាណូយ​ បាន​ប្រាប់​សារព័ត៌មាន ខេមបូណូមីស ថា ពលរដ្ឋ​នៅ​សង​ខាង​ផ្លូវ​នេះ​មិន​សូវ​ពេញចិត្ត​ចំពោះ​ការ​ធ្វើ​ផ្លូវ ដែល​មាន​បង្គោល​ភ្លើង​នៅ​ចំ​កណ្តាល​នោះ​ទេ ព្រោះ វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដំណើរ។

អ្នកស្រី សំ សុផល ដែល​រស់នៅ​ជាប់​ផ្លូវ​នេះ​ជាង​២០​ឆ្នាំ​មក​ហើយ​នោះ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា៖ «ពេល​ថ្ងៃ យើង​មើល​ឃើញ តែ​ពេល​យប់​វិញ គឺ​ប៉ះពាល់​ខ្លាំង​ណាស់ ព្រោះ​ផ្លូវ​នេះ​អត់​មាន​អំពូល​ភ្លើង​ផង»។

ដូចគ្នា​ដែរ លោក ជួន ធី ជាង​ជួសជុល​ម៉ូតូ​នៅ​ជាប់​ផ្លូវ​នេះ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​រស់​នៅ​ម្តុំ​នេះ គេ​បាន​ដឹង​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​ប្រុង​ប្រយ័ត្ន ប៉ុន្តែ សម្រាប់​អ្នក​មក​ពី​ចម្ងាយ ដែល​មិន​ធ្លាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ ទើប​ងាយ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍។

លោក​និយាយ​ថា៖ «អ្នក​ជិះ​អត់​មាន​ការ​ប្រុង​ប្រយ័ត្ន ណា​មួយ​គ្នា​អត់​ដឹង​ថា មាន​បង្គោល​ភ្លើង​នៅ​កណ្ដាល​ផ្លូវ យើង​អត់​មាន​សញ្ញា មក​ដល់​បុក​គ្រោះថ្នាក់​ដល់​ជីវិត​ក៏​មាន​ដែរ»។  

ចំណែក លោក ស៊ីដែន ពលរដ្ឋ​នៅ​ជាប់​ផ្លូវ​នេះដែរ បាន​រៀបរាប់​ថា បង្គោល​ភ្លើង​តែ​មួយ​នៅ​មុខ​ផ្ទះ​របស់​លោក បាន​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៣​ករណី ដោយ​មាន​អ្នក​ស្លាប់​និង​រង​របួស​ធ្ងន់។ លោក​និយាយ​ថា៖ «បុក ៣​ដង​ហើយ​បង ព្រោះ​បង្គោល​ហ្នឹង​វា​នៅ​ចំ​កណ្ដាល​ផ្លូវ​ជាង​គេ។ ថ្ងៃមុន បុក​រហូត​ដល់​ស្លាប់ ហើយ​មិន​ដល់​មួយ​អាទិត្យ​ផង មាន​ឡាន​មួយ​បុក​ចំ​កណ្ដាល​ឡាន​តែ​ម្តង»។

កាល​ពី​ថ្ងៃ​បើក​សម្ពោធ​ស្ពាន​អាកាស​ផ្សារ​ដីហុយ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​សម្តែង​ការ​សោក​ស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដែល​បាន​បាត់​បង់​ជីវិត​ដោយសារ​ជិះ​បុក​បង្គោល​ភ្លើង​ទាំង​នេះ ហើយ​រដ្ឋមន្ដ្រី​ដ៏​មាន​ប្រជាប្រិយ​រូប​នេះ ក៏​បាន​លើកដៃ​សុំ​ទោស​ប្រជាពលរដ្ឋ និង​សុំ​ការ​អធ្យាស្រ័យ ដែល​ក្រសួង​និង​អាជ្ញាធរ​នៅ​មិន​ទាន់​បាន​ដក​បង្គោល​ភ្លើង​ចេញ​ពីផ្លូវ។

ឯកឧត្តម​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​សន្យា​ថា ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា នឹង​ដក​បង្គោល​ភ្លើង​ទាំង​នេះ ចាប់ពី​ចន្លោះ​ខែ​មេសា ដល់​ខែ​មិថុនា ឆ្នាំ​២០១៨។ 

តាម​ពិត​ទៅ បង្គោល​ភ្លើង​ទាំង​នេះ​មាន​តាំង​ពី​ឆ្នាំ​២០០៩​មក​ម៉្លេះ មិនមែន​ទើប​តែ​ពង្រីក​ផ្លូវ​នេះ​រួច ហើយ​ដាក់​តាម​ក្រោយ​នោះ​ទេ។ ដោយសារ​តែ​ការ​ពង្រីក​ផ្លូវ​នេះ​ហើយ ទើប​បង្គោល​ភ្លើង​នេះ​បាន​រត់​មក​នៅ​ចំ​កណ្ដាល​ផ្លូវ​ទៅ​វិញ។ 

យ៉ាងណា​ក៏​ដោយ ពលរដ្ឋ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដក​បង្គោល​ផ្លូវ​នេះ ឲ្យ​បាន​ឆាប់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឡើង​ដោយ​បង្គោល​ភ្លើង​ពិឃាដ​នេះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោង​លំនៅដ្ឋាន​​ប្រណីត​ The Palms របស់​ឧកញ៉ា សៀ ឫទ្ធី បើក​ការដ្ឋាន​សាងសង់​ដើម​ខែ​ឧសភា​នេះហើយ!

ព័ត៌មាន
ជាការបោះជំហាន​ថ្មី​មួយ​ទៀត​ក្នុង​ជំនួញ​អចលនទ្រព្យ​របស់​ឧកញ៉ា សៀ ឫទ្ធី ដែល​ជា​សេដ្ឋី​ logistics និង​អចលនទ្រព្យ​ដ៏​ល្បី​ឈ្មោះ​នៅ​កម្ពុជា …

Emirates ទទួល​បាន​ពាន​រង្វាន់​​4​ ក្នុង​កម្មវិធី World Travel Awards Middle East ឆ្នាំ​2018

ព័ត៌មាន
ការ​ធ្វើ​ដំណើរតាម​យន្តហោះ​ជា​មធ្យោបាយ​ដ៏​ទំនើប​ថ្មី​មួយ​ដែល​ប្រជាជន​កម្ពុជា​ចាប់​ផ្តើម​និយម​ប្រើប្រាស់​ដើម្បី​ទៅ​ដល់​គោលដៅ​ផ្សេងៗ​របស់​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ