ក្នុងបរិបទដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពី AI អ្នកជំនាញបានជំរុញឱ្យមានការបញ្ជ្រាបការអប់រំគ្រឹះមូលដ្ឋានផ្នែក AI និងជំនាញឌីជីថលចាប់តាំងពីកម្រិតមត្តេយ្យរហូតដល់ឧត្តមសិក្សា ដើម្បីបង្កើនការយល់ដឹង និងត្រៀមកម្លាំងពលកម្មឱ្យស្របតាមតម្រូវការវិនិយោគក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។ តើការជ្រើសរើសមុខវិជ្ជាប្រឡងបាក់ឌុបរបស់សិស្សានុសិស្សអាចជះឥទ្ធិពលដល់យុទ្ធសាស្ត្រជាតិស្តីពី AI របស់រដ្ឋាភិបាលយ៉ាងដូចម្តេច?
លោក ឱក សេរី សោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អបានលើកឡើងថា មូលហេតុដែលសិស្សភាគច្រើនសម្រេចចិត្តជ្រើសរើសថ្នាក់វិទ្យាសាស្ត្រសង្គម គឺដោយសារមុខវិជ្ជាវិទ្យាសាស្ត្រពិតមានភាពស្មុគស្មាញ និងលំបាកក្នុងការរៀនសូត្រ ប្រឈមនឹងហានិភ័យប្រឡងធ្លាក់ខ្ពស់ ចំណាយថវិការៀនបំប៉នច្រើន ហើយកាន់តែពិសេសនោះ គឺពិបាកស្វែងរកការងារធ្វើ ដែលត្រូវនឹងជំនាញ។
បើតាមអ្នកជំនាញរូបនេះ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងរៀបចំ និងអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត យុវជនភាគច្រើននៅតែមិនទាន់ជ្រាបច្បាស់ពីឥទ្ធិពល និងសារប្រយោជន៍នៃបច្ចេកវិទ្យា AI នៅឡើយទេ ដែលកត្តានេះទាមទារពេលវេលាមធ្យម ឬវែងឆ្ងាយក្នុងការធ្វើកំណែទម្រង់។ លោកបានបន្ថែមថា ទាំងសិស្សថ្នាក់វិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រពិត គឺសុទ្ធតែមានអាទិភាពក្នុងការចាប់យកជំនាញ AI ស្មើៗគ្នា ប៉ុន្តែវាទាមទារឱ្យរដ្ឋាភិបាលចាក់បញ្ចូលចំណេះដឹងគ្រឹះអំពី AI ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ឧត្តមសិក្សា ដើម្បីបន្សាំធនធានមនុស្សឱ្យមើលឃើញពីសារប្រយោជន៍ជាក់ស្តែងនៃបច្ចេកវិទ្យានេះ។
ជាមួយគ្នានេះលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវបានកត់សម្គាល់ឃើញថា ជាទូទៅប្រសិនបើសង្គមមួយមានអ្នកសិក្សាខាងវិទ្យាសាស្ត្រពិតតិចតួច វានឹងធ្វើឱ្យល្បឿនអភិវឌ្ឍន៍បច្ចេកវិទ្យាមានភាពយឺតយ៉ាវ ប៉ុន្តែក៏មិនមែនមានន័យថាអ្នករៀនវិទ្យាសាស្ត្រសង្គមគ្មានសមត្ថភាពនោះដែរ។
ក្នុងបរិបទដែលរដ្ឋាភិបាលមានយុទ្ធសាស្ត្រជាតិស្តីពី AI ការបញ្ជ្រាប និងទាញចិត្តសិស្សឱ្យងាកមកចាប់អារម្មណ៍ជំនាញឌីជីថល គឺជាកិច្ចការចំបាច់បំផុត ដើម្បីឱ្យកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការអនាគតតាមរយៈការបង្កើនចំនួនគ្រូបង្គោល ដែលមានជំនាញស៊ីជម្រៅលើ AI ដើម្បីដើរតួជាអ្នកតម្រង់ទិសក្នុងយុគសម័យថ្មីនេះ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំ២០២៦ នេះ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន១៥១,២៣៨នាក់ក្នុងនោះអ្នកប្រលងមុខវិជ្ជាវិទ្យាសាស្ត្រមានចំនួន៣៧,៤៤៥នាក់ ខណៈអ្នកប្រលងមុខវិជ្ជាវិទ្យាសាស្ត្រសង្គមមានរហូតដល់១១៣,៧៩៣នាក់។ ពាក់ព័ន្ធនឹងបញ្ហាសិស្សប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួនច្រើនជាងថ្នាក់វិទ្យាសាស្ត្រនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកថ្មីៗនេះថា ក្រសួងបានយកចិត្តទុកដាក់ និងដាក់ចេញវិធានការជំរុញឱ្យសិស្សប្រឡងជាប់កាន់តែច្រើនតាមរយៈការបង្រៀនវគ្គបំប៉នទាំងផ្ទាល់ និងអនឡាញ ព្រមទាំងការបណ្តុះបណ្តាលបង្កើនសមត្ថភាពគ្រូបង្រៀនឱ្យប្រើយុទ្ធសាស្ត្របង្រៀនប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានណែនាំឱ្យសិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់ខ្ពស់សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នេះ ព្រមទាំងលើកទឹកចិត្តថា មិនត្រូវបោះបង់ចោលការសិក្សានោះឡើយក្នុងករណីប្រឡងធ្លាក់ គឺត្រូវខិតខំរៀនសូត្របន្តទៀត។
គួររំលឹកថា នៅក្នុងជំនួបទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី១៦ ខែកក្កដា លោក លី ឈាង នាយករដ្ឋមន្ត្រីចិនប្តេជ្ញានឹងជួយជំរុញឱ្យសហគ្រាសធំៗដែលមានសមត្ថភាពខ្ពស់ មកបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនលើវិស័យថាមពលថ្មី បច្ចេកវិទ្យា AI សេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មទំនើប។ ដូច្នេះកូនសោរគន្លឹះ គឺស្ថិតនៅលើដៃកម្ពុជាផ្ទាល់ ថាតើអាចរៀបចំផ្ទះខ្លួនឯងឱ្យមានរបៀបរៀបរយ មានតម្លាភាព និងត្រៀមធនធានមនុស្សឱ្យចេះប្រើប្រាស់បច្ចេកវិទ្យា AI បានទាន់ពេលវេលាកម្រិតណា ដើម្បីទទួលយកឱកាសវិនិយោគខ្នាតយក្សទាំងនេះ៕
អត្ថបទ៖ ជា ម៉ារ៉ា