វិស័យ​សំណង់

វិស័យសំណង់កម្ពុជា បន្តរក្សាកំណើនទាប តែការផលិតសម្ភារ និងបរិក្ខារសំណង់ក្នុងស្រុកហក់ឡើងខ្ពស់


វិស័យសំណង់ ដែលជាសសរស្ដម្ភសេដ្ឋកិច្ចមួយ និងធ្លាប់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិសេដ្ឋកិច្ចសកលចាប់តាំងពីការរីករាលដាល នៃជំងឺកូវីដ-១៩ មកនោះ នៅតែបន្តរក្សាបានត្រឹមកំណើនកម្រិតទាបមកទល់ពេលនេះ។ យោងតាមរបាយការណ៍ផ្លូវការរបស់ធនាគារជាតិ នៃកម្ពុជា វិស័យសំណង់សម្រេចបានអត្រាកំណើនត្រឹម០,៣% ប៉ុណ្ណោះ នៅឆមាសទី១ ឆ្នាំ២០២៦ នេះ។ យ៉ាងណាមិញបើក្រឡេកមកមើលសម្ទុះ នៃការផលិតសម្ភារ និងបរិក្ខារសំណង់នៅក្នុងស្រុកវិញបែរជាបង្ហាញសញ្ញាណកើនឡើងយ៉ាងកំហុកគួរឱ្យកត់សម្គាល់រហូតដល់ទៅជាង១២%ក្នុងរយៈពេលដូចគ្នានេះ។
វិស័យ​សំណង់
ដោយ

ឧកញ៉ា កែវ បូណ៍ភិរក្ស អគ្គនាយកក្រុមហ៊ុនបូទីកា និងបុរីឡុងនី បានវាយតម្លៃថា ទោះបីជាអត្រាកំណើនក្នុងវិស័យសំណង់នៅឆមាសទី១ ឆ្នាំ២០២៦ នេះ សម្រេចបានក្នុងកម្រិតទាប០,៣% ក៏ពិតមែន ប៉ុន្តែវាជាសញ្ញាណវិជ្ជមាន នៃការចាប់ផ្តើមស្ទុះងើបចេញពីវិបត្តិយ៉ាងជ្រៅនាពេលកន្លងមក។ អ្នកជំនាញរូបនេះ បានកត់សម្គាល់ថា គម្រោងសំណង់ថ្មីៗដែលនៅតែអាចទាក់ទាញទុនវិនិយោគបានយ៉ាងល្អរួមមាន សំណង់រោងចក្រឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ខណៈដែលសំណង់ផ្នែកលំនៅឋាននៅតែបន្តជួបប្រឈមមុខនឹងភាពជាប់គាំង។ យ៉ាងណាមិញអ្នកជំនួយក្នុងអចលនទ្រព្យ និងសំណង់រូបនេះ កត់សម្គាល់ឃើញថា ការវិនិយោគលើការផលិតសម្ភារសំណង់ក្នុងស្រុកនាពេលនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយវិនិយោគិនជាច្រើនបានសម្រេចចិត្តបន្ថែមដើមទុនពង្រីកខ្សែច្រវាក់ផលិតកម្មដែលមានស្រាប់ ដើម្បីបង្កើនសមត្ថភាពផលិតឱ្យកាន់តែមានគុណភាព និងមានភាពប្រកួតប្រជែងខ្ពស់ជាមួយទំនិញនាំចូល។

ជាមួយគ្នានេះ លោក ឃូ សុខឡៃ អ្នកគ្រប់គ្រងទូទៅ នៃសាជីវកម្មពិស្ណុការ បានគូសបញ្ជាក់ថា ទោះបីជាវិស័យសំណង់កម្ពុជា មិនទាន់បង្ហាញសន្ទុះលោតផ្លោះខ្លាំងក៏ដោយ ប៉ុន្តែសកម្មភាពសាងសង់នៅតែបន្តដំណើរការជាហូរហែ ដែលជាសញ្ញានៃសង្ឃឹមក្នុងការស្តារកំណើនឡើងវិញនៅពេលស្ថានភាពសេដ្ឋកិច្ចពិភពលោកវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ ជាការវាយតម្លៃរបស់អ្នកជំនាញរូបនេះ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជាពិសេសវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា ជាកត្តាចម្បង់ធ្វើឱ្យវិនិយោគិនហាក់មានចិត្តភាពស្ទាក់ស្ទើរ និងខ្វះទំនុកចិត្តក្នុងការបោះទុនវិនិយោគបន្ថែម។ តែយ៉ាងណាលោកយល់ថា ការកើនឡើងនៃការផលិតសម្ភារ និងបរិក្ខារសំណង់ក្នុងស្រុកនៅមួយរយៈចុងក្រោយនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីភាពម្ចាស់ការរបស់កម្ពុជាក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលតាមរយៈការពង្រឹងសមត្ថភាព និងគុណភាពផលិតផលក្នុងស្រុក ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ។

របាយការណណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា នៅឆមាសទី១ឆ្នាំ២០២៦ វិស័យសំណង់សម្រេចបានកំណើនទាបក្នុងអត្រា០,៣% ដែលទាបជាងរយៈពេលដូចគ្នាឆ្នាំមុន ដែលមានកំណើន ១,១% ដែលគាំទ្រជាចម្បងដោយគម្រោងសំណង់ឧស្សាហកម្ម និងសំណង់សាធារណៈ។ យ៉ាងណាមិញការផលិតសម្ភារ និងបរិក្ខារសំណង់ក្នុងស្រុកត្រូវបានប៉ាន់ស្មានថា កើនឡើងជាង១២% នៅឆមាសទី១នេះ ខណៈការនាំចូលសម្ភារ និងបរិក្ខារសំណង់បានថយចុះ០,១%។ ជាមួយគ្នានេះតម្លៃគម្រោងសំណង់ដែលបានការអនុម័តសរុបបានថយចុះ០,៣% ក្នុងនោះសំណង់សាធារណៈកើនជាង ៦៨% សំណង់ឧស្សាហកម្មកើនជាង៣០% និងសំណង់ទេសចរណ៍កើនជាង១៣៦% ខណៈសំណង់លំនៅឋានថយចុះជាង២៦% និងសំណង់ពាណិជ្ជកម្មថយចុះជាង៥៤%៕




អត្ថបទបន្ទាប់


ហេតុអ្វីសេដ្ឋកិច្ចអ៊ីរ៉ង់ នៅតែមិនដួលរលំ ទោះបីរងទណ្ឌកម្មជុំទិស និងរងការវាយប្រហារពីអាម៉េរិក?

ទោះបីជាប្រឈមមុខនឹងទណ្ឌកម្មដ៏ធ្ងន់ធ្ងរពីសហរដ្ឋអាម៉េរិក សម្ពាធយោធា និងស្ថិតក្រោមភ្លើង​សង្គ្រាមអស់រយៈពេលជាច្រើនខែ​យ៉ាងណាក្ដី ក៏សេដ្ឋកិច្ចអ៊ីរ៉ង…

តើការជ្រើសរើសមុខវិជ្ជាវិទ្យាសាស្ត្រសង្គមច្រើនជាងវិទ្យាសាស្ត្រអាចធ្វើឱ្យប៉ះពាល់ដល់ផែនការអភិវឌ្ឍន៍បច្ចេកវិទ្យា AI និងឌីជីថលរបស់កម្ពុជា ទេ?

ខណៈដែលសិស្សានុសិស្សជាច្រើននៅតែបន្តជ្រើសរើសប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គមច្រើនលើសលប់លើថ្នាក់វិទ្យាសាស្ត្រពិត អ្នកជំនាញបានព្រមានថា និន្នាការនេះមិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ