អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានវាយតម្លៃថា ការស្ទុះងើបឡើង នៃចំនួនរោងចក្រ-សហគ្រាសក្នុងវិស័យកម្មន្តសាល និងសហគ្រាសធុនតូច និងមធ្យម គឺត្រូវបានជំរុញដោយផ្ទាល់ពីប្រសិទ្ធភាព នៃច្បាប់ស្តីពីវិនិយោគ គួបផ្សំនឹងស្ថិរភាពនយោបាយ និងបរិយាកាសធុរកិច្ចដ៏រឹងមាំ។ អ្នកជំនួញរូបនេះបានគូសបញ្ជាក់ថា នេះជាសញ្ញាណវិជ្ជមានមួយក្នុងការជួយទ្រទ្រង់និរន្តរភាពសេដ្ឋកិច្ចកម្ពុជា នាពេលខាងមុខ។
ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច សង្កេតឃើញថា នាពេលថ្មីៗនេះ វិស័យសហគ្រាសធុនតូច និងមធ្យមមានការរីកលូតលាស់គួរឱ្យកត់សម្គាល់ ដោយសារតែប្រជាពលរដ្ឋខ្មែរបានងាកមកបង្កើនការគាំទ្រផលិតផលក្នុងស្រុក ដែលធ្វើឱ្យអំណាចទិញ និងតម្រូវការទីផ្សាររក្សាបានកម្រិតខ្ពស់ជាងមុន។ បើតាមអ្នកជំនាញរូបនេះ ការផ្លាស់ប្តូរទម្លាប់មកគាំទ្រផលិតផលក្នុងស្រុក មិនត្រឹមតែជួយបង្កើតចរន្តសាច់ប្រាក់រត់ក្នុងសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបង្អែកដ៏រឹងមាំក្នុងការបង្កើត និងរក្សាឱកាសការងារជូនដល់កម្លាំងពលកម្មក្នុងស្រុកផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ នេះ រោងចក្រ និងសហគ្រាសក្នុងវិស័យកម្មន្តសាល ដែលកំពុងប្រតិបត្តិការនៅកម្ពុជាបានកើនឡើងដល់ប្រមាណ៤៧,៧០០មូលដ្ឋាន ដោយក្នុងនោះរោងចក្រធុនធំបានកើនឡើងជិត២៥% ខណៈសហគ្រាសធុនតូច និងមធ្យម កើនឡើង០,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វិស័យទាំងនេះកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ១,៨លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា៕
អត្ថបទ៖ បូ ដូឡា