
ក្រុមហ៊ុនបច្ចេកវិទ្យាចិន DeepSeek ដែលមានអាយុកាលទើបតែ២០ខែ ដែលបានធ្វើឱ្យផ្សារហ៊ុនអាម៉េរិក ក្រឡាប់ចាក់ និងខាតបង់ធ្ងន់ធ្ងររហូតដល់ទៅជាង១ទ្រីលានដុល្លារ ក្នុងពេលត្រឹមតែមួយថ្ងៃ ក្រោយពីវត្តមាន AI ជំនាន់ថ្មីរបស់ក្រុមហ៊ុននេះបានក្លាយជា App ហ្វ្រីឥតគិតថ្លៃដ៏កំពូលនៅលើ App Store របស់ Apple នៅសហរដ្ឋអាម៉េរិក កាលពីថ្ងៃចន្ទ ទី២៧ ខែមករា ដើមឆ្នាំ២០២៥។
ក្រុមហ៊ុននេះ បានអះអាងថា AI ម៉ូឌែល V3 និង AI ម៉ូឌែល R1 របស់ខ្លួនបានធ្វើឱ្យប្រាក់ចំណេញរបស់ខ្លួនកើនឡើងរហូតដល់៥៤៥% គួរឱ្យភ្ញាក់ផ្អើលគិតត្រឹមថ្ងៃ២៨ ដែលជាថ្ងៃចុងក្រោយនៃខែកុម្ភៈ។
ក្រុមហ៊ុនទើបបង្កើតថ្មីដែលមានមូលដ្ឋាន នៅទីក្រុងហាងចូវ (Hangzhou) ខាងលើនេះ បានអះអាងលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនថា សេវាកម្មតាមអនឡាញរបស់ខ្លួនទទួលបានប្រាក់ចំណេញកើនឡើង៥៤៥%។ ក្រុមហ៊ុននេះ ក៏បានធ្វើឱ្យប្រសើរឡើងផងដែរ នូវល្បឿនដំណើរការទិន្នន័យ និងកាត់បន្ថយពេលវេលាឆ្លើយតបសម្រាប់សំណួររបស់អ្នកប្រើប្រាស់។
កាលពីសប្តាហ៍មុន ក្រុមហ៊ុន DeepSeek បានធ្វើឱ្យឧស្សាហកម្ម AI មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការចែករំលែកនវានុវត្តន៍សំខាន់ៗ និងទិន្នន័យនៅពីក្រោយម៉ូឌែល AI របស់ខ្លួន ខុសពីបណ្ដាក្រុមហ៊ុនអាម៉េរិក ដែលជាគូប្រជែងដូចក្រុមហ៊ុន OpenAI ជាដើមដែលតែងតាំងលាក់បាំងវាជាការសម្ងាត់៕
ដោយ: តែម សុខុម