វិស័យកសិកម្ម

តម្រូវការទុរេនពីសំណាក់ទីផ្សារក្នុងស្រុកមានកំណើនខ្ពស់នៅឆ្នាំនេះ, តើមកពីមូលហេតុអ្វី?


ស្របពេលរដូវកាលប្រមូលផលទុរេននៅកម្ពុជា បានឈានចូលមកដល់ កសិករដាំទុរេនកំពុងមមាញឹកក្នុងការប្រមូលផលទុរេនរបស់ពួកគេ ដើម្បីផ្គត់ផ្គង់លក់នៅលើទីផ្សារ។ បើតាមការអះអាងរបស់អ្នកដាំទុរេន និងអ្នកជំនាញក្នុងវិស័យនេះ តម្រូវការទុរេនដែលដាំក្នុងស្រុកនៅឆ្នាំនេះ ហាក់មានសម្ទុះគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងឆ្នាំមុនៗ ខណៈទិន្នផលទុរេននៅឆ្នាំនេះ ក៏មានច្រើនជាងឆ្នាំមុនផងដែរ។ តើមានកត្តាអ្វីជំរុញឱ្យតម្រូវការទុរេននៅទីផ្សារក្នុងស្រុកមានកំណើនខ្ពស់នៅឆ្នាំនេះ?
វិស័យកសិកម្ម
ដោយ

លោក ឡេង ប៉លីន ម្ចាស់ចម្ការទុរេនម្នាក់នៅខេត្តកំពង់ចាម បានគូសបញ្ជាក់ថា នៅឆ្នាំនេះទុរេននៅចម្ការខ្លួនទទួលបានការគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងឆ្នាំមុន ជាពិសេសអតិថិជនភាគច្រើនបាននាំគ្នាមកទិញទុរេនដល់ចម្ការតែម្តង ដែលជំរុញឱ្យការប្រមូលផលទុរេនប្រភេទម៉ូសាំងឃីងនៅចម្ការលោក ជិតបានបិទបញ្ចប់ហើយមកទល់ពេលនេះ។ បើតាមម្ចាស់ចម្ការទុរេនរូបនេះ ការកើនឡើងខ្ពស់នៃតម្រូវការទុរេនក្នុងស្រុកនៅឆ្នាំនេះ ក៏ដោយសារតែប្រជាពលរដ្ឋមិនហ៊ានទិញទុរេននាំចូលមកបរិភោគ ដោយសារខ្លាចមានសារធាតុគីមី ដែលប៉ះពាល់ដល់សុខភាព ដូច្នេះហើយពួកគេបានងាកមកគាំទ្រទុរេនដែលដាំក្នុងស្រុកជំនួសវិញ។ ទន្ទឹមនឹងតម្រូវការមានការកើនឡើង ទិន្នផលទុរេននៅចម្ការរបស់​លោកនាឆ្នាំនេះ ក៏មានការកើនឡើងផងដែរ ដោយសារដើមទុរេនមានអាយុកាន់តែច្រើន ទទួលផលបានកាន់តែខ្ពស់។ បើតាមម្ចាស់ចម្ការរូបនេះ បច្ចុប្បន្នទុរេនរបស់លោកអាចលក់បានតម្លៃចន្លោះពី១៥,០០០រៀលទៅ២០,០០០រៀលក្នុងមួយគីឡូក្រាម តម្លៃនេះមានការធ្លាក់ចុះបន្តិចបើធៀបនឹងតម្លៃកាលពីឆ្នាំមុន។

​លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេននៃក្រុមហ៊ុន អង្គរហ្គ្រីន កត់សម្គាល់ឃើញថា ទិន្នផលទុរេនរបស់ប្រជាកសិករនៅឆ្នាំនេះ មានកំណើនខ្ពស់ប្រមាណ៣០% បើធៀបនឹងទិន្នផលដែលទទួលបានកាលពីឆ្នាំមុន ដោយសារការយល់ដឹងពីបច្ចេកទេសនៃការដាំដុះ និងថែទាំទុរេនរបស់កសិករមានភាពទូលំទូលាយជាងមុន។ បើតាមអ្នកជំនាញរូបនេះ តម្រូវការទុរេនរបស់កម្ពុជា នៅឆ្នាំនេះ មានការកើនឡើងខ្ពស់ ទាំងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅទីផ្សារប្រទេសជិតខាង។

​ជាមួយគ្នានេះ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការដាំដុះដំណាំទុរេននៅកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់មកទល់ពេលនេះ ខណៈមន្ត្រីជំនាញនៃក្រសួងកសិកម្ម ​កំពុងធ្វើបច្ចុប្បន្នភាពនៃស្ថានភាពដាំដុះដំណាំទុរេនរបស់កម្ពុជា នៅឆ្នាំនេះផងដែរ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ដំណាំទុរេននៅកម្ពុជា បច្ចុប្បន្នចាប់ផ្តើមប្រមូលផលជាបណ្តើរៗហើយនៅតាមតំបន់មួយចំនួន ហើយតំបន់ខ្លះអាចនឹងប្រមូលផលរហូតដល់អំឡុងខែសីហា ឯណោះ។

​គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការទប់ស្កាត់ការនាំចូលទុរេន ដែលមានផ្ទុកសារធាតុគីមី និងខូចគុណភាព ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋពីទីផ្សារប្រទេសជិតខាងចូលមកទីផ្សារកម្ពុជា ជាបន្តបន្ទាប់ ក្រោយប្រទេសចិន ដែលជាអ្នកនាំចូលទុរេនធំជាងគេនៅអាស៊ី រឹតបន្តឹងលើការត្រួតពិនិត្យរកសារធាតុម្យ៉ាង ដែលអាចបង្កឱ្យកើតជំងឺមហារីកលើទុរេននាំចូលពីវៀតណាម បានធ្វើឱ្យទុរេននៅប្រទេសនេះកកស្ទះនៅតាមព្រំដែន និងចាល់ពេញទីផ្សារក្នុងស្រុក៕




អត្ថបទបន្ទាប់


CDC ចាប់ដៃជាមួយ អេស៊ីលីដា ដើម្បីសម្រួលការទូទាត់ និងទាក់ទាញការវិនិយោគ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងធនាគារ អេស៊ីលីដា បានសហការគ្នាប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ដើម្បីប្រមូលចំណូលសេវាសាធារណៈ។…

តើរាជរដ្ឋាភិបាល គួរកែប្រែព្រលានយន្តហោះពោធិ៍ចិនតុងយ៉ាងណា ដើម្បីអាចផ្ដល់ផលប្រយោជន៍ដល់សាធារណៈជនឱ្យអស់លទ្ធភាព?

បើគ្មានការប្រែប្រួលអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ដែលគ្រប់គ្នាភាគច្រើនស្គាល់ថា ព្រលានយន្តហោះពោធិ៍ចិនតុង អាចនឹងបិទប្រតិបត្តិការរបស់ខ្លួននៅថ្ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ