កំណើនតម្រូវកម្លាំងពលកម្ម និងរោងចក្រថ្មីៗនេះ ត្រូវបានថ្នាក់ដឹកនាំខេត្តនេះអះអាងថា គឺវាបានបង្ហាញពីសក្តានុពល និងភាពរីកចម្រើននៃឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់ខេត្តនៅជាប់រាជធានីភ្នំពេញមួយនេះ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអះអាងថា កង្វះកម្លាំងពលកម្មសម្រាប់បម្រើឱ្យវិស័យឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម នៅក្នុងខេត្តកំពង់មិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ ស្របពេលដែលខេត្តនេះបន្តទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់។ កត្តានេះបានជំរុញឱ្យថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ចាត់ទុកបញ្ហាកង្វះកម្លាំងពលកម្ម គឺជាក្តីកង្វល់ដ៏ធំមួយសម្រាប់ខេត្តកំពង់ស្ពឺ ក្នុងការទាក់ទាញគម្រោងវិនិយោគ និងអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រថ្មីចំនួន៦អគារកំពុងដំណើរការសាងសង់ និងគ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ដោយរោងចក្រទាំងនេះមានតម្រូវការកម្លាំងពលកម្មជាង៣ម៉ឺន៦ពាន់នាក់។
មិនមែនមានតែរោងចក្រថ្មីៗនោះទេដែលប្រឈមនឹងកង្វះកម្លាំងពលកម្ម សូម្បីរោងចក្រចាស់ៗដែលកំពុងដំណើរនៅក្នុងខេត្តនេះ ក៏កំពុងប្រឈមនឹងកង្វះពលកម្មតាមផ្នែកមួយចំនួនផងដែរ។ យ៉ាងណាមិញ ឯកឧត្តម វ៉ី សំណាង បានអំពាវនាវដល់យុវជនដែលពុំទាន់មានការងារធ្វើ គួរតែសម្លឹងមើលឱកាសការងារដែលមានស្រាប់ក្នុងស្រុក ដើម្បីអភិវឌ្ឃន៍សេដ្ឋកិច្ចគ្រួសារ ដោយពុំចាំបាច់ទៅរកការងារធ្វើនៅក្រៅប្រទេសក៏បានដែរ។ សម្រាប់អភិបាលខេត្តរូបនេះ កំណើនរោងចក្រថ្មីៗ និងតម្រូវការកម្លាំងពលកម្មកំពុងមានការកើនឡើង វាបានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ច ក៏ដូចជាកំណើននៃការនាំចេញរបស់ខេត្តនេះទៅកាន់ទីផ្សារអន្តរជាតិ។
ទោះបីមានការប្រឈមជាមួយនឹងកង្វះខាតកម្លាំងពលកម្មយ៉ាងណាក៏ដោយ តែថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ រំពឹងថា ខេត្តនេះនឹងទទួលបានគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មថ្មីបន្ថែមទៀតនាពេលខាងមុខ បន្ទាប់ពីមានអ្នកវិនិយោគបរទេសជាច្រើនតែងតែមកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅខេត្តជាប់រាជធានីភ្នំពេញមួយនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងខេត្តកំពង់ស្ពឺ មានរោងចក្រ/សហគ្រាស ចំនួន៣៩៤ និងបានស្រូបទាញកម្លាំងពលកម្មប្រមាណ១៦ម៉ឺននាក់។ តាមរយៈវត្តមានរោងចក្រ/សហគ្រាសទាំងនេះ ត្រូវបានឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កត់សម្គាល់ថា វាបានចូលរួមជួយអភិវឌ្ឃន៍សេដ្ឋកិច្ចគ្រួសារ និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ឱ្យមានភាពល្អប្រសើរយ៉ាងច្រើនផងដែរ។
បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បច្ចុប្បន្នវិស័យសំខាន់ចំនួន៣ រួមមាន ឧស្សាហកម្ម សេវាកម្ម និងកសិកម្ម កំពុងមានតម្រូវការកម្លាំងពលកម្មសរុបចំនួនជាង២ម៉ឺន៨ពាន់នាក់បន្ថែមទៀត និងបានណែនាំដល់អ្នកដែលចាប់អារម្មណ៍ឱ្យមកចុះឈ្មោះនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីទទួលបានការងារធ្វើផងដែរ៕