ទន្តបណ្ឌិត ទិត ហុងយឺ បានអត្ថាធិប្បាយយ៉ាងដូច្នេះថា៖ «យើងបានផ្តល់ជំនឿចិត្តដល់អតិថិជន ហើយក្រុមគ្រូពេទ្យយើងមានចំណេះវិជ្ជាបានរៀនសូត្រត្រឹមត្រូវ មានសញ្ញាបត្រថ្នាក់ខ្ពស់ ជាជំនាញឯកទេស។ ក្រៅពីហ្នឹង ក្រុមគ្រួសារពេទ្យយើងមានសីលធម៌វិជ្ជាជីវៈល្អក្នុងការនិយាយស្តីជាមួយអ្នកជំងឺ និងមានភាពសុចរិត ដែលមិនចង់បានប្រាក់អ្នកជំងឺខុសវិជ្ជាជីវៈឡើយ»។
ទន្ទឹមនឹងភាពជោគជ័យ វិនិយោគិនដែលមានបទពិសោធជាង២០ឆ្នាំរូបនេះ បានចែករំលែកគន្លឹះសំខាន់ៗចំនួន ដើម្បីវិនិយោគក្នុងវិស័យទន្តសាស្រ្តឲ្យទទួលបានការគាំទ្រ និងដំណើរការបានយូរអង្វែង។
លោករៀបរាប់ថា៖ «ខ្ញុំចង់ចែករំលែកដល់អ្នកប្រកបវិជ្ជាជីវៈដូចគ្នានៅក្នុងវិស័យទន្តសាស្រ្ត ត្រូវបង្កើនសមត្ថភាពដោយសិក្សាបន្ថែម ដោយប្រឹងរៀនសូត្រពីសិស្សច្បង កុំឲ្យគិតថា ចេញពីសាលាហើយគ្រប់គ្រាន់។ ហើយពេលនៅកន្លែងព្យាបាល ត្រូវមានសីលធម៌ និងមានភាពស្មោះត្រង់ជាមួយអតិថជន។ មួយទៀត ការព្យាបាល ធ្វើទៅតាមសមត្ថភាពដែលយើងមាន កុំឲ្យយើងចេះប៉ុណ្ណេះ យើងប៉ងទៅធ្វើលើសហ្នឹង ដែលខុសពីសមត្ថភាពយើង ឬហួសសមត្ថភាពពេក ដែលបង្កគ្រោះថ្នាក់ដល់អតិថិជន»៕