
តាមពិតទៅ ផ្សារទំនើបនេះមានឈ្មោះថា PH Diamond Place ដែលធ្លាប់ប្រកាសគម្រោងសាងសង់ឲ្យដឹងជាសាធារណៈម្ដងហើយ ប៉ុន្តែ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសម្រេចចិត្តកែសម្រួលគម្រោងនេះ ដោយបង្កើនទំហំទឹកប្រាក់វិនិយោគដល់ខ្ទង់រយលានដុល្លារ កែប្រែរចនាបថស្ថាបត្យកម្ម និងទំហំផ្សារ ឲ្យកាន់តែទំនើបខ្លាំង និងស្របទៅតាមស្តង់ដារអន្តរជាតិនៃបណ្ដាផ្សារទំនើបធំៗនៅក្នុងតំបន់។

កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា លើកទី៤ ប្រចាំឆ្នាំ២០១៩ ផ្សារទំនើបស្តង់ដារអន្តរជាតិ PH Diamond Place នៅផ្លូវ៦០ម៉ែត្រនោះ បានលេចមុខក្នុងការប្រកួតប្រជែងក្នុងកម្មវិធី ជាមួយនឹងរចនាបថស្ថាបត្យកម្មថ្មី ហើយបានទទួលជ័យលាភី «ពានរង្វាន់ឌីហ្សាញស្ថាបត្យកម្មលក់រាយល្អជាងគេ - Best Retail Architectural Design» ថែមទៀតផង។ កម្មវិធីពានរង្វាន់នេះ រៀបចំឡើងដោយ ក្រុមហ៊ុន Property Guru ដែលមានមូលដ្ឋាន នាប្រទេសសិង្ហបុរី នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។
សារព័ត៌មាន ខេមបូណូមីស នឹងធ្វើការទំនាក់ទំនងទៅក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាម្ចាស់គម្រោងអភិវឌ្ឍផ្សារទំនើបខ្នាតអន្តរជាតិនេះ ដោយផ្ទាល់ ដើម្បីសាកសួរអំពីព័ត៌មានលម្អិតក្នុងពេលឆាប់ៗនេះ៕
