អ្នកវិភាគបានព្រមានថា ប្រសិនបើប្រទេសផ្សេងៗទៀត ជាពិសេសគឺសមាជិកនៃប្លុកប្រទេស BRICS បន្តដកខ្លួនចេញពីប្រព័ន្ធទូទាត់អន្តរជាតិមួយនេះ នោះសេដ្ឋកិច្ចពិភពលោកនឹងមានការប្រែប្រួលបន្ថែមទៀត ។
សារព័ត៌មានធំៗបានរាយការណ៍ថា រុស្ស៊ី និងអ៊ឺរ៉ង់ ដែលសុទ្ធតែជាសមាជិកនៃប្លុកប្រទេស BRICS បានបោះបង់ចោលជាផ្លូវការនូវប្រព័ន្ធផ្ទេរ និងទូទាត់អន្តរជាតិ SWIFT សម្រាប់ប្រតិបត្តិការទូទាត់ឆ្លងដែន។ ប្រទេសទាំងពីរនឹងផ្តួចផ្តើមឱ្យមានការទូទាត់ពាណិជ្ជកម្មអន្តរជាតិ តាមរយៈការផ្ទេរប្រាក់ដោយផ្ទាល់តាមធនាគារក្នុងស្រុក និងដោយប្រើរូបិយប័ណ្ណក្នុងស្រុក។ អ្នកវិភាគបានលើកឡើងថា នេះគឺជាការខាតបង់ដ៏ធំមួយនៅពេលដែលប្រទេសទាំងពីរបានបញ្ឈប់ប្រតិបត្តិការទូទាត់សាច់ប្រាក់តាមប្រព័ន្ធ SWIFT។
ក្រុមអ្នកវិភាគបានបន្តទៀត បន្ទាប់ពីរុស្ស៊ី និងអ៊ឺរ៉ង់ ប្រសិនបើសមាជិកនៃប្លុកប្រទេស BRICS ផ្សេងទៀតដូចជាចិន ឥណ្ឌា អាហ្រ្វិកខាងត្បូង អេហ្ស៊ីប អេត្យូពី អារ៉ាប៊ីសាអូឌីត និងអេមរីរ៉ាត អារ៉ាប់រួមធ្វើតាម គឺជាបញ្ហារំជើបរំជួយថ្មីមួយនៅលើពិភពលោក ដោយសារតែពេលនេះ ប្លុកប្រទេស BRICS បានក្លាយជាទីផ្សារធំបំផុតនៅលើពិភពលោក ហើយក៏មានសក្តានុពលសេដ្ឋកិច្ចដ៏មហិមាផងដែរ។
ចាប់តាំងពីឆ្នាំ២០២២ មកដល់ពេលនេះគេដឹងថា រុស្ស៊ី និងអ៊ីរ៉ង់ត្រូវបានមហាអំណាច ជាពិសេសសហរដ្ឋអាម៉េរិក ដាក់ទណ្ឌកម្មមិនឱ្យទូទាត់តាមប្រព័ន្ធ SWIFT នេះទេ ប៉ុន្តែទោះជាយ៉ាងណា ប្រទេសទាំងពីរនៅតែអាចធ្វើប្រតិបត្តិការទូទាត់បានដដែល។
លោក ម៉ូសេន ការីមី (Mohsen Karimi ) អនុប្រធានធនាគារកណ្តាលអ៊ីរ៉ង់ បានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់លែងត្រូវការប្រព័ន្ធ SWIFT ទៀតហើយ។ លោកបានបន្តថា ធនាគារកណ្តាលអ៊ីរ៉ង់ និងរុស្ស៊ី ពេលនេះកំពុងធ្វើការឆ្ពោះទៅរកការផ្ទេរប្រាក់ដោយផ្ទាល់តាមធនាគារក្នុងស្រុក។
លោកបានអះអាងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ថា ប្រទេសទាំងពីរបានភ្ជាប់ប្រព័ន្ធបញ្ជូនសារឱ្យគ្នាទៅវិញទៅមក ដូចនេះធនាគារនៃប្រទេសទាំងពីរលែងត្រូវការប្រព័ន្ធ SWIFT ដើម្បីទំនាក់ទំនងគ្នាទៅវិញទៅមកទៀតហើយ ហើយធនាគារពាណិជ្ជនៃប្រទេសទាំងពីរអាចបង្កើតទំនាក់ទំនងអន្តរការីជាមួយគ្នាបានដោយផ្ទាល់។ លោកបានបន្តទៀតថា អ្នកនាំចេញអាចចេញវិក្កយបត្រគិតជារូបិយប័ណ្ណអ៊ីរ៉ង់ទៅឱ្យភាគីខាងរុស្ស៊ី ហើយទទួលប្រាក់ពីធនាគាររុស្ស៊ី ដែលស្ថិតក្នុងប្រទេសអ៊ីរ៉ង់៕
ដោយៈ សរ សុជាតិ