ជំងឺម៉ូសាអ៊ិក ជាប្រភេទវីរុស ឬមេរោគម្យ៉ាងដែលធ្វើឲ្យស្លឹកដំឡូងស្វិត ស្លឹកងាប់ ស្លឹកដំឡូងមីក្តោបចុង ជំងឺនេះគឺឆ្លងតាមរយៈពូជដំឡូង។ ដំណោះស្រាយ នៅពេលដឹងថាដំឡូងមានមេរោគហើយ គឺត្រូវតែកាប់ចោល ពោលគឺមិនមានថ្នាំព្យាបាលឡើយ។ បច្ចុប្បន្ន នៅកម្ពុជា វាបានកើតឡើងនៅខេត្តចំនួន ៥ហើយ មានដូចជា ខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងព្រះវិហារ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីការការពារនិងទប់ស្កាត់នូវជំងឺឆ្លងយ៉ាងដូច្នេះ នៅក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីផែនការគ្រប់គ្រងជំងឺម៉ូសាអ៊ិក ដំឡូងមី នៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានសហការរៀបចំដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិក និងភាពជាដៃគូដំណាដំឡូងមីសកលសម្រាប់សតវត្សរ៍ ទី២១។
ឯកឧត្តមថ្លែងបញ្ជាក់ថា ការលេចឡើងនូវជំងឺម៉ូសាអ៊ិកដ៏គ្រោះថ្នាក់លើដំណាំដំឡូងមីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺពិតជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ផលិតកម្មទាំងមូល ទាំងការផលិត ការកែច្នៃ និងការនាំចេញ ហើយអាចឈានទៅប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចជាតិនៃបណ្តាប្រទេសនីមួយៗផងដែរ។
ឯកឧត្តមបន្ថែមថា ជំងឺនេះបានផ្ទុះឡើងនៅប្រទេសឥណ្ឌា និងស្រីលង្កា និងជាលើកដំបូង នៅអាស៊ីអាគ្នេយ៍ នៅក្នុងឆ្នាំ២០១៥ និងចុងក្រោយ ជំងឺនេះបានរីករាលដាលនៅប្រទេសវៀតណាម និងកម្ពុជា។ ដូច្នេះ ទាមទារឲ្យមានការសិក្សានិងវាយតម្លៃអំពីស្ថានភាពរាតត្បាតជំងឺ រួចដាក់ចេញជាវិធានការការពារ ទប់ស្កាត់ការឆ្លងជំងឺឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
យោងតាមរបាយការណ៍ក្រសួងកសិកម្មបង្ហាញថា កម្ពុជាបានចាត់ទុកដំណាំដំឡូងមីជាដំណាំអាទិភាពទី២ បន្ទាប់ពីដំណាស្រូវ ដែលមានផ្ទៃដីដាំដុះជាងកន្លះលានហិកតា និងទទួលបានទិន្នផលជាង ១៣,៨លានតោន។
ជាមួយគ្នានេះ កម្ពុជាបានក្លាយជាប្រទេសផ្គត់ផ្គង់ផលិតផលដំឡូងមី ទាំងវត្ថុធាតុដើម និងផលិតផលសម្រេចដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្តែង កាលពីក្នុងឆ្នាំ២០១៧ ផលិតផលដំឡូងមីពីកម្ពុជា ជាង ៣,៨លានតោន ត្រូវបាននាំចេញទៅកាន់ទីផ្សារក្នុងតំបន់និងពិភពលោក៕