ក្រៅពីជាអ្នកជំនួញល្បីឈ្មោះ និងលេចធ្លោម្នាក់នៅកម្ពុជា លោកឧកញ៉ា គួច ម៉េងលី ក៏ជាអតីតសាស្រ្តាចារ្យដ៏ចំណានម្នាក់នៅសហរដ្ឋអាមេរិកផងដែរ។
អ្នកជំនួញជនជាតិខ្មែរសញ្ជាតិអាមេរិករូបនេះ បានមានប្រសាសន៍ថា ប្រសិនបើយុវជនណា ចង់ក្លាយជាអ្នកជំនួញ (Businessman) មិនគួរទៅរៀននៅមហាវិទ្យាល័យ Business នោះទេ។ ប៉ុន្តែ លោកចង់ឲ្យនិស្សិតចាប់យកជំនាញពិតប្រាកដមួយ ដែលខ្លួនចូលចិត្តដោយខិតខំប្រឹងប្រែងរៀន និងធ្វើការលើជំនាញនោះ ហើយបើកជំនួញលើជំនាញនោះនៅថ្ងៃអនាគតតែម្តង។
លោកមានប្រសាសន៍ថា៖ «ប្អូនៗខ្លះយល់ច្រឡំ ថាចង់ធ្វើ Business ស្រាប់តែរត់ទៅរៀនសាលា Business។ ការគិតបែបនេះ មិនត្រូវនោះទេ។ អ្នកទៅរៀន Business ភាគច្រើនធ្វើការឲ្យគេទេ។ បើចង់ធ្វើថៅកែគេ ទៅរៀនជំនាញដែលយើងចង់ធ្វើ។ ហើយបើកអាហ្នឹង បើទៅរៀនវិស្វករ បើកក្រុមហ៊ុនវិស្វករ ទៅរៀនកសិកម្ម ថ្ងៃក្រោយ បើកក្រុមហ៊ុនកសិកម្មធំមួយ»។
លោកឧកញ៉ាបន្តថា៖ «ទៅរៀនអ្វីមួយ បើកអាហ្នឹង បើធ្វើអាហ្នឹងជោគជ័យ គំនិត Business វានឹងមកឯង»។
ទន្ទឹមគ្នានេះ លោកសាស្រ្តាចារ្យ គួច ម៉េងលី ក៏ចង់ឲ្យនិស្សិតរៀនបណ្តើរ និងធ្វើការងារបណ្តើរ ដើម្បីសន្សំចំណេះ បទពិសោធន៍ និងដើមទុនខ្លះ ទុកបើកជំនួញនៅពេលឱកាសមកដល់។ បន្ថែមពីនេះ លោកចង់ឲ្យយុវជនធ្វើការងារឲ្យគេសិន មុននឹងចាប់ផ្តើមបើកជំនួញ ដោយរៀនតាមដំណាក់កាលពីតូចទៅធំ មិនត្រូវដើរផ្លូវកាត់នោះទេ។
លោកឧកញ៉ាបានបញ្ជាក់ថា៖ «នៅពេលធ្វើការឲ្យគេ យើងត្រូវរៀនស្វែងយល់ពីរបៀបគ្រប់គ្រងបុគ្គលិក របៀបគ្រប់គ្រងហិរញ្ញវត្ថុ ការទំនាក់ទំនងការងារ និងកិច្ចការជាច្រើនទៀត ដែលជាពិសោធន៍ដ៏ល្អសម្រាប់ជាទុនក្នុងការដំណើរការអាជីវកម្មមួយបាន»។
ជាងនេះទៅទៀត ការចាប់ផ្តើមអាជីវកម្មដំបូង គួរតែចាប់ផ្តើមតូច ពីព្រោះ ការចាប់ផ្តើមពីតូច គឺងាយស្រួលក្នុងការគ្រប់គ្រង។ លើសពីនេះ ភាពជឿជាក់លើខ្លួនឯង ក្លាហានក្នុងការសម្រេចចិត្ត ទំនាក់ទំនងសង្គម ជំនាញរឹង ជំនាញទន់ និងការសិក្សាបន្ថែម គឺសុទ្ធសឹងជាដើមទុនដ៏សំខាន់ក្នុងការធ្វើអាជីវកម្មឲ្យទទួលបានជោគជ័យ៕