កសិកម្ម-ការផលិតកូនត្រី

កសិករមួយរូបនៅខេត្តតាកែវបង្កាត់ពូជត្រីលក់ រកចំណូលបានខ្ទង់សែនដុល្លារក្នុងមួយឆ្នាំ


កសិដ្ឋានបង្កាត់ពូជត្រីមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូន កែវ ខេត្តតាកែវ អាចបង្កាត់ពូជត្រីបានពី ៦ ទៅ ៧លានក្បាលក្នុងមួយឆ្នាំ រួមមាន ត្រីប្រា ត្រី អណ្តែង ត្រីឆ្ពិន និងត្រីទីឡាប់យ៉ា ជាដើម ដែលជាការចិញ្ចឹមតាមបែបបច្ចេកទេសវារីវប្បកម្ម ។
កសិករមួយរូបនៅខេត្តតាកែវបង្កាត់ពូជត្រីលក់ រកចំណូលបានខ្ទង់សែនដុល្លារក្នុងមួយឆ្នាំ

សព្វថ្ងៃ កសិដ្ឋាន​បង្កាត់​ពូជត្រីមួយនេះ អាចរកចំណូលបានចន្លោះពី ១០ ទៅ ១២​ម៉ឺន​ដុល្លារ​អាមេរិក ក្នុងមួយឆ្នាំៗ ពោលគឺ​ប្រហែល ១ម៉ឺនដុល្លារ​ក្នុង​មួយ​ខែ ។

ម្ចាស់​កសិដ្ឋាន​បង្កាត់​ពូជត្រី​ មាន​ឈ្មោះ​ថា ហង់ ហ៊ាង អាយុ ៦០​ឆ្នាំប្លាយ បាន​ចាប់​ផ្តើម​មុខរបរ​នេះ​តាំងពីឆ្នាំ២០០២ មកម្ល៉េះ ហើយ​បើ​គិតទល់នឹងពេលនេះ គឺ​មាន​រយៈ១៨​ឆ្នាំ​ហើយ ។

ផ្តើម​ចេញ​ពី​កសិករ​ចិញ្ចឹម​ត្រី​លក្ខណៈ​គ្រួសារ​តូចតាច លោក ហង់ ហៀង បាន​បែក​គំនិត​ងាក​មក​បង្កាត់​ពូជត្រីជាលក្ខណៈកសិដ្ឋាន​ទ្រង់ទ្រាយ​ធំ  ដោយសារតែ​លោក​មើល​ឃើញថា នៅ​ប្រទេស​កម្ពុជា​ មាន​តម្រូវការ​ពូជត្រីខ្ពស់ ប៉ុន្តែ បែរ​ជា​មិន​សូវមាន​អ្នក​ចេះ​បង្កាត់ ហើយ​នាំចូល​​តែពីប្រទេសជិតខាង ។

កសិដ្ឋាន​របស់​លោក ហង់ ហ៊ាង រៀបចំឡើងនៅលើ​ផ្ទៃដីទំហំប្រមាណ​ជា​ជាង ៣​ហិកតា ដោយ​មាន​ស្រះធំៗ ចំនួន១០ ស្រះ​តូចៗ ចំនួន​១២ស្រះ ។ 

លោក ហង់ ហ៊ាង បានរៀបរាប់​ប្រាប់​ដូច្នេះថា ៖ «ការសម្រេចចិត្តថា ឲ្យទៅជាអ្នកបង្កាត់ពូជត្រីវិញហ្នឹងដោយសារតែ​ការណែនាំពីរដ្ឋបាលជលផល ព្រោះថា កាលពីយើងនៅចិញ្ចឹមត្រីធម្មតា ហើយយើងទៅទិញកូនត្រីគេ ខ្ញុំឃើញថា មានអ្នកទៅទិញកូនត្រីច្រើនមែនទែន តែអ្នកផលិតកូនត្រីមានតិច ដល់អ៊ីចឹង វាមិនអាចបំពេញតម្រូវការដល់កសិករចិញ្ចឹមត្រីបាន ខ្ញុំក៏សម្រេចចិត្តចាប់ផ្តើមពីពេលនោះមក»។

ហង់ ហ៊ាង ​ម្ចាស់​កសិដ្ឋាន​បង្កាត់​ពូជត្រី

កាលពីនៅចិញ្ចឹមត្រីលក្ខណៈគ្រួសារ លោក ហង់ ហ៊ាង អាចរកចំណូលបានត្រឹមតែ​មួយ​គ្រប់​មួយ​គ្រាន់​សម្រាប់​ការ​ផ្គត់ផ្គង់​អាហារ​ហូបចុក​ក្នុង​គ្រួសារ​​តែ​ប៉ុណ្ណោះ តែក្រោយពីប្រែក្លាយមកជាកសិដ្ឋាន លោក​អាចរក​ចំណូល​បាន​ចន្លោះពី ១០ ទៅ ១២​ម៉ឺន​ដុល្លារ ក្នុង​មួយ​ឆ្នាំ។

លោក ហ៊ាង បាន​បញ្ជាក់​ថា «ក្នុង​មួយ​ឆ្នាំ ដែល​យើង​រកតាំងពីខែ១ រហូតដល់ពាក់កណ្តាលខែ១១ហ្នឹង អ៊ីចឹង បើ​យើង​គិតទៅ កូនត្រីយើង ៦ ទៅ ៧​លាន​ក្បាល ហើយ​បើ​គិត​ជា​ចំណូល​បាន​ប្រមាណ ជា ១០ ទៅ១២​ម៉ឺន​ដុល្លារ តែ​បើ​ផាត់​ថ្លៃ​ចំណាយ​អស់​ហើយ យើង​សល់​បាន ៥ ទៅ ៦​ម៉ឺន​ដុល្លារ​ដែរ [ក្នុង​មួយឆ្នាំ]» ។

យ៉ាងណាមិញ មុននឹងឈានដល់ការបានចំណូលខ្ទង់​រាប់​​ម៉ឺន​​ដុល្លារ​បែបនេះ លោក ហង់ ហ៊ាង បានប្រាប់ថា លោក​ក៏​ជួបបញ្ហាមិនតិចដែរ កាលពី​ពេលដែលចាប់ផ្តើមដំបូង ជាពិសេស ខាងផ្នែកហិរញ្ញវត្ថុ​និងបច្ចេកទេសខ្លះ នៅ​ក្នុង​ការ​ផលិត​ពូជត្រី ។

ដោយមិនរួញរា​នឹង​ឧបសគ្គ​ បើទោះបីជាខ្វះខាតដើមទុន និង​ការព្រួយបារម្ភ​ពី​ភរិយា​របស់​លោក ជុំវិញ​រឿង​បំណុលធនាគារ​ខ្លះ​ក៏ពិតមែន តែម្ចាស់កសិដ្ឋានបង្កាត់ពូជត្រី ហង់ ហ៊ាង មិនរាថយឡើយ ព្រោះ​លោកបានទទួលការបណ្តុះបណ្តាលបច្ចេកកសិកម្មពីនាយកដ្ឋានវារីវប្បកម្ម រដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផល ខេត្តតាកែវ​ ដែលលោកគិតថា ជា​ដើម​ទុន​ដ៏សំខាន់​បំផុត​ក្នុង​ការ​ចាប់​មុខរបរ​នេះ។

ក្នុងចំណោមកសិករគំរូដទៃទៀត លោក ហង់ ហ៊ាង ក៏ត្រូវបានរដ្ឋបាលជលផល​ចាត់ទុកថា ជាកសិករជោគជ័យមួយរូប​ផងដែរ លើការងារផលិតកូនត្រី ព្រោះថា កូនត្រីដែលលោកបានផលិត មាន​គុណភាព និងសុខភាពល្អ ហើយមានកសិករមកពីជុំវិញប្រទេសកម្ពុជា មកទិញពូជត្រីបន្តពីលោកយកទៅចិញ្ចឹម។

ភាពជោគជ័យនេះ បានជំរុញ​ឲ្យលោក ហង់ ហ៊ាង និងក្រុមគ្រួសារ មានគម្រោងនឹងបើកសាខាកសិដ្ឋានបង្កាត់ពូជត្រីមួយកន្លែងទៀត នៅក្នុងខេត្តតាកែវដូចគ្នា ដែលបច្ចុប្បន្ន លោកកំពុងតែប្រមូលទិញដីនៅស្រុកមួយ ក្នុង​ខេត្តតាកែវ ខណៈដែលតម្លៃដីធ្លីនៅក្បែរៗកសិដ្ឋានរបស់លោកមានការឡើងថ្លៃខ្លាំង​ពេក ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគារពាណិជ្ជកម្មកម្ពស់៣៦ជាន់ ខ្ពស់ជាងគេបង្អស់នៅខណ្ឌ ទួលគោក គ្រោងបើកដំណើរការនៅចុងឆ្នាំ២០២០

ព័ត៌មាន
គម្រោង ឌឹ ផាកវេ (The Park way) ដែលជាគម្រោងអគារពាណិជ្ជកម្មអភិវឌ្ឍចម្រុះ និងជាអគារពាណិជ្ជកម្មខ្ពស់ជាងគេក្នុងខណ្ឌទួលគោក គ្រោងនឹងបើកឲ្យដំណើរក…

វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា(AIB) បើកដំណើរការឡើងវិញនៅថ្ងៃនេះ ក្រោយក្រសួងអប់រំអនុញ្ញាត

ព័ត៌មាន
បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា បានលិខិតអនុញ្ញាតឲ្យវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AIB) បើកដំណើរការឡើងវិញកាលពីថ្ងៃទី១៤ ខែកញ្ញ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ