លោក ចូ បៃដិន

អាម៉េរិក ជួបស៊យធំផ្ទួនៗដោយគ្រូពេទ្យពិនិត្យឃើញអតីតប្រធានាធិបតី ចូ បៃដិន កើតជំងឺមហារីក ហើយទីភ្នាក់ងារ Moody's ទម្លាក់ចំណាត់ថ្នាក់គុណភាពកម្ចីជាមួយនឹងហានិភ័យធ្ងន់ធ្ងរ


សហរដ្ឋអាម៉េរិក នៅមួយរយៈចុងក្រោយនេះ បានជួបស៊យធំផ្ទួនៗ ដោយពេលនេះ វេជ្ជបណ្ឌិតឯកទេសបានពិនិត្យឃើញអតីតប្រធានាធិបតីលោក ចូ បៃដិន ដែលមានវ័យ៨២ឆ្នាំកើតជំងឺមហារីកក្រពេញប្រូស្ដាតកម្រិតធ្ងន់។ ជាមួយគ្នានេះទីភ្នាក់ងារវាយតម្លៃកម្រិតគុណភាពឥណទានអន្តរជាតិ Moody's បានទម្លាក់ចំណាត់ថ្នាក់គុណភាពឥណទានរបស់ប្រទេសមហាអំណាចមួយនេះ ដោយព្រមានថា បំណុលដែលកើនឡើងរហូតដល់ទៅ ៣៦ទ្រីលានដុល្លាររបស់ប្រទេសនេះ បានក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរ ។
លោក ចូ បៃដិន
ដោយ

ការិយាល័យរបស់លោក ចូ បៃឌិន បានចេញសេចក្ដីថ្លែងការណ៍ដ៏គួរឱ្យតត់ស្លុតភ្ញាក់ផ្អើលមួយថា អតីតប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន ដែលមានវ័យ៨២ឆ្នាំ កំពុងមានជំងឺមហារីកក្រពេញប្រូស្ដាតកម្រិតធ្ងន់ធ្ងរ ដែលបានរាលដាលដល់សរីរាង្គឆ្អឹងរបស់លោក។ ប្រភពដដែលបានបញ្ជាក់ទៀតថា លោក ចូ បៃដិន ត្រូវបានវេជ្ជបណ្ឌិតឯកទេសធ្វើរោគវិនិច្ឆ័យរកឃើញជំងឺមហារីកនេះ កាលពីថ្ងៃទី១៦ ខែឧសភា ថ្មីៗនេះ ហើយក្រុមគ្រួសាររបស់លោកកំពុងពិនិត្យមើលជម្រើសនៃការព្យាបាលជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ។

លោក ហឺបឺត លីប៉ (Herbert Lepor) វេជ្ជបណ្ឌិតឯកទេសជំងឺប្រព័ន្ធផ្លូវទឹកនោម នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រមួយនៅសហរដ្ឋអាម៉េរិក បានអះអាងថា ករណីជំងឺរបស់លោក ចូ បៃដិន គឺពិតជាមានហានិភ័យខ្ពស់ណាស់ ប៉ុន្ដែមានបុរសជាច្រើនអាចនៅបន្ដរស់បានចន្លោះពី៥ ទៅ១០ឆ្នាំ ឬលើសពីនេះ។

ទន្ទឹមនេះ លោកវេជ្ជបណ្ឌិត គ្រីស ចច (Chris George) ប្រធានផ្នែកវេជ្ជសាស្រ្ត នៃកម្មវិធីជំងឺមហារីកសម្រាប់បណ្តាញសុខភាពបានអះអាងថា មហារីកក្រពេញប្រូស្ដាតមិនអាចព្យាបាលបានទេ នៅពេលដែលវារាលដាលដល់ឆ្អឹងទៅហើយនោះ ប៉ុន្ដែគេមានវិធីព្យាបាលដែលអាចគ្រប់គ្រងវាកុំឱ្យរីករាលដាលលឿនរហ័សបាន។

សូមបញ្ជាក់ថា ដំណឹងដ៏គួរឱ្យតក់ស្លុតនេះកើតមានឡើង ក្រោយពីទីភ្នាក់ងារវាយតម្លៃកម្រិតគុណភាពឥណទានអន្តរជាតិ Moody's បានទម្លាក់ចំណាត់ថ្នាក់គុណភាពឥណទានរបស់សហរដ្ឋអាម៉េរិក ដោយព្រមានថា បំណុលដែលកំពុងកើនឡើងរបស់ប្រទេសមហាអំណាចពិភពលោកមួយនេះ បានក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរ។

លោក ម៉ៃឃើល ភីតធ័រសុន (Michael Peterson) នាយកប្រតិបត្តិមូលនិធិ ភីតធ័រ ជី ភីតធ័រសុន បាននិយាយថា ការទម្លាក់ចំណាត់ថ្នាក់នេះ គឺជាសញ្ញាព្រមានយ៉ាងច្បាស់ថា សហរដ្ឋអាម៉េរិក ត្រូវតែបញ្ឈប់ការបង្កើនបំណុលបន្ថែមទៀត។ ដំណឹងដ៏អាក្រក់នេះកើតមានឡើងនៅពេលដែលការស្ទង់មតិមួយបង្ហាញថា ទំនុកចិត្តរបស់អតិថិជនជាអ្នកប្រើប្រាស់បានធ្លាក់ចុះខ្លាំងមកដល់កម្រិតទាបបំផុតមិនធ្លាប់មាន ហើយពលរដ្ឋអាម៉េរិកជាច្រើនព្រួយបារម្ភពីការហក់ឡើងអតិផរណា។

ហើយអ្វីដែលកាន់តែអាក្រក់ជាងនេះទៀតនោះ គឺសេចក្ដីព្រាងច្បាប់ ស្ដីពីគោលនយោបាយពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ បានជាប់គាំងនៅក្នុងសភា ក្រោយសមាជិកសភាមួយចំនួនមកពីគណបក្សសាធារណរដ្ឋបានបោះឆ្នោតប្រឆាំងនឹងសេចក្ដីព្រាងច្បាប់នេះ។

ការទម្លាក់ចំណាត់ថ្នាក់គុណភាពឥណទាននេះ បានធ្វើឱ្យបណ្ដាវិនិយោគិនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ព្រោះបំណុលរបស់ប្រទេសនេះបានកើនឡើងពួនគរដូចភ្នំឈានដល់កម្រិតហានិភ័យដល់ទៅ ៣៦ទ្រីលានដុល្លារទៅហើយ ហើយអាចឈានដល់ការដាក់សម្ពាធឱ្យរដ្ឋាភិបាលអាម៉េរិក កាន់តែប្រយ័ត្នប្រយែងនៅក្នុងការចំណាយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាម គ្រោងកាត់បន្ថយរយៈពេលសិក្សាថ្នាក់បរិញ្ញាបត្រពី៤ឆ្នាំមកនៅត្រឹម៣ឆ្នាំ

សកលវិទ្យាល័យជាតិ វៀតណាម នៅទីក្រុងហាណូយ នឹងកាត់បន្ថយរយៈពេលសិក្សាថ្នាក់បរិញ្ញាបត្រពី៤ឆ្នាំ មកនៅត្រឹម២ឆ្នាំកន្លះទៅ៣ឆ្នាំ។ ប៉ុន្តែគម្រោងកាត់បន្…

អាម៉េរិកព្រមានថា ប្រទេសទាំងអស់រួមទាំងកម្ពុជានឹងរងពន្ធបដិការតាមការកំណត់ បើមិនសម្រេចបានកិច្ចព្រមព្រៀងក្នុងការចរចា

ប្រទេស ដែលជាដៃគូពាណិជ្ជកម្មរបស់អាម៉េរិកទាំង១៨ រួមទាំងកម្ពុជា ក្នុងចំណោមប្រទេសទាំងអស់ ដែលរងគំនាបពន្ធបដិការ ដែលបានប្រកាសកាលពីថ្ងៃទី២ ខែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ