វិស័យពាណិជ្ជកម្ម

ប្រាក់ដុល្លារហក់ឡើងថ្លៃក្រោយលោក ត្រាំ បានប្រកាសដំឡើងពន្ធលើប្រទេសមួយចំនួននៅពេលលោកឡើងកាន់តំណែង


ប្រាក់ដុល្លារអាម៉េរិក បានហក់ឡើងភ្លាមៗ បើធៀបនឹងរូបិយប័ណ្ណជាគូប្រជែងមួយចំនួន ក្រោយប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសយកពន្ធ២៥% លើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា២៥% ចូលទៅកាន់សហរដ្ឋអាម៉េរិក នៅពេលលោកឡើងកាន់តំណែងភ្លាមៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រាក់ដុល្លារអាម៉េរិក បានកើនឡើងយ៉ាងទូលំទូលាយបើធៀបនឹងរូបិយប័ណ្ណរបស់គូប្រជែងសំខាន់ៗមួយចំនួន។ គិតត្រឹមថ្ងៃអង្គារ សប្តាហ៍នេះ តម្លៃប្រាក់ដុល្លារអាម៉េរិក បានកើនឡើងជាង២% បើធៀបនឹងប្រាក់ប៉េសូរបស់ម៉ិកស៊ិក និងកើនឡើង១% បើធៀបនឹងដុល្លាររបស់កាណាដា។ ការឡើងថ្លៃប្រាក់ដុល្លារនេះ បានកើតឡើងក្រោយលោក ត្រាំ ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែវិច្ឆិកា បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងយកពន្ធថ្មី២៥% លើទំនិញនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក ប្រសិនបើប្រទេសទាំងនេះមិនព្រមទប់ស្កាត់គ្រឿងញៀន ជាពិសេសថ្នាំហ្វេនតានីល និងជនចំណាកស្រុកដែលឆ្លងដែនចូលទៅក្នុងសហរដ្ឋអាម៉េរិកទេនោះ។

សូមរំលឹកថា ការនាំចេញពីម៉ិកស៊ិកទៅកាន់សហរដ្ឋអាម៉េរិក មានចំនួន៨៣% នៅក្នុងឆ្នាំ២០២៣ ខណៈដែលការនាំចេញរបស់កាណាដា ទៅអាម៉េរិក មានចំនួន៧៥%។ ការគំរាមយកពន្ធថ្មីរបស់លោក ត្រាំ នេះ ទំនងជានឹងបំពានលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាម៉េរិក-ម៉ិកស៊ិក-កាណាដា ទាំងដែលលោក ត្រាំ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដើម្បីឱ្យចូលជាច្បាប់ធរមានក្នុងឆ្នាំ២០២០ ផងដែរ។

ក្រសួងហិរញ្ញវត្ថុរបស់ម៉ិកស៊ិក បាននិយាយថា ម៉ិកស៊ិកគឺជាដៃគូពាណិជ្ជកម្មដ៏កំពូលរបស់អាម៉េរិក ហើយកិច្ចព្រមព្រៀងត្រីភាគីនេះបានផ្តល់ឱ្យមានក្របខ័ណ្ឌមានភាពប្រាកដប្រជាសម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ។

លោក ត្រាំ ក៏បានគូសបញ្ជាក់ដែរថា លោកនឹងយកពន្ធបន្ថែម១០%ទៀត លើផលិតផលនាំចូលមកពីប្រទេសចិន ដោយសាររដ្ឋាភិបាលក្រុងប៉េកាំង មិនបានចាត់វិធានការឱ្យបានខ្លាំងគ្រប់គ្រាន់ ដើម្បីបញ្ឈប់រំហូរគ្រឿងញៀនខុសច្បាប់ឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីអាម៉េរិក តាមរយៈប្រទេសម៉ិកស៊ិក​។

អ្នកនាំពាក្យស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន លោក លីវ ផេងយូ (Liu Pengyu) បានវាយបកចំពោះចំណាត់ការនេះថា ប្រទេសចិន ជឿថា កិច្ចសហការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាម៉េរិក នឹងផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ដូច្នេះហើយគ្មានភាគីណាម្នាក់នឹងឈ្នះសង្រ្គាមពាណិជ្ជកម្ម ឬសង្រ្គាមពន្ធគយនោះទេ។

ស្ថានទូតចិន ក៏បានលើកឡើងពីចំណាត់ការ ដែលចិនបានអនុវត្តចាប់តាំងពីមានកិច្ចប្រជុំរវាងអាម៉េរិក និងចិន ឆ្នាំ២០២៣ មកផងដែរ ដោយពេលនោះចិន បានយល់ព្រមថា ចិននឹងបញ្ឈប់ការនាំចេញរបស់របរដែលទាក់ទងនឹងការផលិតថ្នាំញៀន ហ្វេនតានីល ដែលមានការនិយមប្រើបំផុតនៅអាម៉េរិក៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមប្រឆាំងកំពុងដាក់សម្ពាធឲ្យរដ្ឋាភិបាលថៃ លុបចោលការចរចាជាមួយកម្ពុជា លើគម្រោងអភិវឌ្ឈន៍រួមនៅតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ

ក្រុមប្រឆាំងថៃ កំពុងដាក់សម្ពាធលើរដ្ឋាភិបាល ឱ្យបញ្ឈប់ការចរចាជាមួយកម្ពុជា លើគម្រោងអភិវឌ្ឍន៍រួមគ្នានៅក្នុងតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ ដែលម…

អ្នកការទូតចិនអះអាងថា សង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាម៉េរិកក្រោមរដ្ឋបាលថ្មី គ្មានអ្នកឈ្នះនោះទេ

អ្នកការទូតចិន បានលើកឡើងថា សង្រ្គាមពាណិជ្ជកម្មជុំថ្មី ដែលអាចកើតមានដោយសារតែការដាក់គំនាបពន្ធមកលើចិន ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ នឹងមិនមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ