ទោះយ៉ាងណា របរនេះ ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែរ ពិសេសទៅលើបច្ចេកទេសថែទាំ និងបញ្ហាចំណាយលើចំណី ដោយសារតែបច្ចុប្បន្នតម្លៃចំណីក៏កំពុងមានការកើនខ្ពស់ដូចគ្នាដែរ។
អាជីវកម្មចិញ្ចឹមមាន់ និងទាដើម្បីយកស៊ុត កំពុងតែមានទីផ្សារល្អជាមួយតម្លៃខ្ពស់គួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ ដែលធ្វើឲ្យកសិករប្រកបរបរនេះ ហាក់មើលឃើញពីប្រាក់ចំណូលខ្ពស់ជាងមុន។
លោក ភី ទី ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកស៊ុត នៅខេត្តស្វាយរៀង បានបញ្ជាក់ឲ្យដឹងថា លោកបានបើកកសិដ្ឋានចិញ្ចឹមមាន់យកស៊ុតនេះអស់រយៈពេល៣ឆ្នាំមកហើយ ប៉ុន្តែនៅរយៈពេលប្រមាណ ១ឆ្នាំចុងក្រោយនេះ ទីផ្សារស៊ុតមាន់ហាក់មានភាពល្អប្រសើរច្រើន និងមានការគាំទ្រពីប្រជាពលរដ្ឋ និងមានឈ្មួញយកទៅលក់បន្តនៅភ្នំពេញ និងតាមបណ្តាទីផ្សារនានាច្រើនផងដែរ។ លោក ភី ទី បញ្ជាក់ឲ្យដឹងថា ទីផ្សារស៊ុតមាន់មានតម្លៃល្អ គឺស៊ុតមាន់ដែលនាំចេញពីកសិដ្ឋានផ្ទាល់សម្រាប់លក់បោះដុំមានតម្លៃ ៤០០ រៀលក្នុងមួយគ្រាប់ ហើយចំពោះអ្នកយកទៅលក់បន្តអាចលក់បានក្នុងតម្លៃ ៦០០រៀលក្នុងមួយគ្រាប់ផងដែរ។
ពាក់ព័ន្ធនឹងតម្លៃស៊ុតមាន់មានភាពល្អប្រសើរនេះដែរ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានបញ្ជាក់ថា ទីផ្សារស៊ុតមាន់នៅមួយរយៈពេលក្រោយមកនេះគឺមានភាពល្អប្រសើរ មានទីផ្សារខ្ពស់ និងមានការចំណេញច្រើនផងដែរ។ លោកបន្ថែមថា កត្តាដែលនាំឲ្យតម្លៃល្អប្រសើរនេះគឺដោយសារតែ បច្ចុប្បន្នពុំមានការនាំចូលស៊ុតមាន់ពីប្រទេសជិតខាងចូលមកកម្ពុជា ដោយសារស៊ុតមាន់នៅប្រទេសជិតខាងមានតម្លៃថ្លៃជាងនៅកម្ពុជា។ ហើយសម្រាប់ការចិញ្ចឹមមាន់យកស៊ុតនេះដែរ លោក ស្រ៊ុន ពៅ បញ្ជាក់ដែរថា បច្ចុប្បន្នហាក់មិនមានការកើនឡើងនោះទេ ដោយសារការចិញ្ចឹមាន់យកស៊ុតនេះគឺត្រូវការបច្ចេកទេសច្បាស់លាស់ក្នុងការចិញ្ចឹមទើបទទួលបានផលល្អ បូករួមនឹងត្រូវការចំណាយដើមទុនច្រើន និងការចំណាយទៅលើចំណីក៏ច្រើនផងដែរ។
ជាមួយគ្នានេះ លោក ទេព វិចិត្រមុនី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ស្របពេលដែលតម្លៃស៊ុតមានទីផ្សារល្អ តម្រូវការស៊ុតហាក់មិនមានអ្វីប្រែប្រួលនោះទេ។ លោកបន្ថែមថា សម្រាប់ខេត្តកំពង់ស្ពឺ ស៊ុតមាន់ដែលទទួលផលបានពីកសិដ្ឋាន ត្រូវបាននាំចេញទៅលក់នៅតាមទីផ្សារ ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាជាដើម។ ទោះយ៉ាងណា មន្ត្រីកសិកម្មរូបនេះអះអាងថា តម្លៃចំណីឡើងថ្លៃនៅរយៈពេលចុងក្រោយនេះ នៅតែជាបញ្ហាប្រឈមខ្លាំងសម្រាប់បងប្អូនប្រជាកសិករដែលចិញ្ចឹមមាន់នាពេលបច្ចុប្បន្នផងដែរ៕