សម្តេច ហ៊ុន សែន បានថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និសិ្សត ដូច្នេះថា “យើងមានទាំងរដ្ឋ យើងមានទាំងឯកជន ក៏ប៉ុន្តែ សុំកុំដណ្តើមអ្នកជំងឺគ្នា ប៉ុន្តែ បើដណ្តើមអ្នកជំងឺគ្នា សុំឱ្យមានការទទួលខុសត្រូវពីដើមដល់ចប់។”
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងផងដែរថា កន្លងមក នៅពេលដែលអ្នកជំងឺចូលដល់ស្ថានភាពសង្រ្គោះលែងបាន មន្ទីរពេទ្យឯកជនបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ហើយជាលទ្ធផល អ្នកជំងឺក៏ស្លាប់នៅឯមន្ទីរពេទ្យរដ្ឋ ហើយក៏មានការរិះគន់ផងដែរ។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍បន្តដូច្នេះថា ”មន្ទីរពេទ្យឯកជនដណ្តើមអ្នកជំងឺទៅមើល ដល់តែពេលសង្រ្គោះលែងបាន ថាបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ អាហ្នឹងបានរស់ ទៅដល់ងាប់នៅមន្ទីរពេទ្យរដ្ឋ ជេរបណ្តោយ។”
សម្ដេច ហ៊ុន សែន ក៏បានអំពាវនាវដល់គ្រូពេទ្យទាំងអស់ គោរពនូវក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវគិតពីតម្លៃជីវិតមនុស្សធំជាងលុយ ទោះបីប្រជាពលរដ្ឋដែលមកព្យាបាលជំងឺគ្មានប្រាក់ក៏ដោយ ហើយត្រូវពិនិត្យព្យាបាលជូនពួកគាត់ ជាមួយពាក្យសម្ដីសមរម្យ។
សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា “រឿងលុយ រឿងកាក់ទុកក្រោយ ធ្វើយ៉ាងម៉េចព្យាបាលជំងឺ ដោះស្រាយបញ្ហា ការព្យាបាលឱ្យគាត់សិន ហើយកុំឃើញថា គាត់អត់មានប្រាក់ បញ្ជូនគាត់ទៅកន្លែងផ្សេង»៕