កម្រិតបំណុលអាមេរិក

សេចក្ដីព្រាងច្បាប់ស្ដីពីកម្រិតបំណុលអាមេរិកឆ្លងផុតសភា ដោយមានការគាំទ្រយ៉ាងទូលំទូលាយពីបក្សទាំងពីរ


សភាសហរដ្ឋអាមេរិកបានអនុម័តសេចក្ដីព្រាងច្បាប់ព្យួរកម្រិតបំណុលចំនួន ៣១,៤ ទ្រីលានដុល្លារ របស់ប្រទេសនេះហើយកាលពីថ្ងៃទី ៣១ ឧសភា ដោយមានការគាំទ្រភាគច្រើនពីគណបក្សប្រជាធិបតេយ្យ និងពីគណបក្សសាធារណរដ្ឋ ដើម្បីជម្នះនឹងក្រុមប្រឆាំង ដែលដឹកនាំដោយពួកអភិរក្សនិយមតឹងរ៉ឹង និងដើម្បីបញ្ចៀសគ្រោះថ្នាក់បណ្ដាលមកពីអលទ្ធភាពសងបំណុល។ ច្បាប់នេះ នឹងត្រូវឆ្លងព្រឹទ្ធសភាសហរដ្ឋអាមេរិកជាបន្តទៀតនៅមុនចុងសប្ដាហ៍នេះ ប៉ុន្តែអាចមានការពន្យាពេល បើសិនមានសមាជិកព្រឹទ្ធសភាប្រឆាំង ហើយការប្រឆាំងនោះនឹងធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញ។
សេចក្ដីព្រាងច្បាប់ស្ដីពីកម្រិតបំណុលអាមេរិកឆ្លងផុតសភា ដោយមានការគាំទ្រយ៉ាងទូលំទូលាយពីបក្សទាំងពីរ

សភាសហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានបោះឆ្នោតដោយសំឡេង ៣១៤ ទល់នឹង ១១៧ ក្នុងការអនុម័តសេចក្ដីព្រាងច្បាប់ព្យួរកម្រិតបំណុលអតិបរមារបស់សហរដ្ឋអាមេរិកទំហំ ៣១,៤ ទ្រីលានដុល្លារ ដើម្បីបញ្ជូនច្បាប់នេះបន្តទៅព្រឹទ្ធសភាដែលត្រូវតែអនុម័តសំណើនេះ ហើយយកវាទៅឱ្យប្រធានាធិបតី ចូ បៃឌិន (Joe Biden) ចុះហត្ថលេខា មុនថ្ងៃចន្ទដែលជាកាលបរិច្ឆេទផុតកំណត់។ នេះជាពេលដែលគេរំពឹងថា រដ្ឋាភិបាលសហព័ន្ធនឹងអស់ប្រាក់សម្រាប់ទូទាត់ចំណាយរបស់ខ្លួន។

លោក Biden បាននិយាយក្រោយការបោះឆ្នោតថា៖ «កិច្ចព្រមព្រៀងនេះជាដំណឹងល្អសម្រាប់ប្រជាជនអាមេរិក និងសេដ្ឋកិច្ចអាមេរិក»។ លោកបានបន្តថា៖ «ខ្ញុំសូមឲ្យព្រឹទ្ធសភាអនុម័តឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីខ្ញុំអាចចុះហត្ថលេខាជាច្បាប់»។

សេចក្ដីស្នើច្បាប់នេះជាការសម្របសម្រួលរវាងលោក Biden និងប្រធានសភា លោក ខេវិន ម៉ាកខាធី (Kevin McCarthy)។ វាបានទាក់ទាញការប្រឆាំងពីសមាជិកគណបក្សសាធារណរដ្ឋចំនួន ៧១ នាក់។ ជាធម្មតា ចំនួននេះគឺគ្រប់គ្រាន់ដើម្បីរារាំងច្បាប់ដែលមានលក្ខណៈបក្សពួកនិយម ប៉ុន្តែអ្នកប្រជាធិបតេយ្យចំនួន ១៦៥ នាក់ ពោលគឺច្រើនជាងសមាជិកសភាចំនួន ១៤៩ នាក់នៅក្នុងគណបក្សសាធារណរដ្ឋដែលបានបោះឆ្នោតគាំទ្រ - ក៏បានគាំទ្រសេចក្ដីស្នើនេះដែរ។

គណបក្សសាធារណរដ្ឋគ្រប់គ្រងសភាដោយសំឡេងភាគច្រើនតូចចង្អៀតក្នុងចំនួន ២២២ ទល់នឹង ២១៣។

ច្បាប់នេះព្យួរ ឬថារក្សាទុកជាបណ្ដោះអាសន្ន កម្រិតអតិបរមាសម្រាប់ការខ្ចីប្រាក់របស់រដ្ឋាភិបាលសហព័ន្ធរហូតដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥។ ការកំណត់ពេលវេលាបែបនេះអនុញ្ញាតឱ្យលោក Biden និងសភា ពិនិត្យមើលបញ្ហាប្រឈមផ្នែកនយោបាយរហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា ឆ្នាំ២០២៤។

ច្បាប់នេះ ក្រៅពីកាត់បន្ថយការចំណាយមួយចំនួនរបស់រដ្ឋាភិបាលក្នុងរយៈពេល ២ ឆ្នាំខាងមុខ នឹងបង្កើនល្បឿនការអនុញ្ញាតច្បាប់ឱ្យគម្រោងថាមពលមួយចំនួន, ប្រមូលមូលនិធិដែលមិនបានប្រើប្រាស់ទាក់ទងនឹង COVID-19 យកមកប្រើវិញ, ព្រមទាំងពង្រីកតម្រូវការការងារសម្រាប់កម្មវិធីជំនួយស្បៀងអាហារឱ្យដល់អ្នកត្រូវទទួលបន្ថែមទៀត។

ក្នុងព្រឹទ្ធសភា មេដឹកនាំនៃគណបក្សទាំងពីរបាននិយាយថា ពួកគេសង្ឃឹមថានឹងធ្វើចលនាដើម្បីអនុម័តច្បាប់នេះនៅមុនចុងសប្តាហ៍។ ប៉ុន្តែការពន្យារពេលណាមួយចំពោះការបោះឆ្នោត អាចនឹងធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញ។ ការជជែកដេញដោល និងការបោះឆ្នោតនៅព្រឹទ្ធសភាអាចអូសបន្លាយដល់ចុងសប្តាហ៍ ជាពិសេសប្រសិនបើសមាជិកព្រឹទ្ធសភាណាម្នាក់ក្នុងចំណោម ១០០ រូប ព្យាយាមរារាំងសំណើនេះ៕

ដោយ៖ ឯម មាឃ




អត្ថបទបន្ទាប់


តៃវ៉ាន់ និងអាមេរិកត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកដំបូងនៅក្រោមក្របខណ្ឌពាណិជ្ជកម្មថ្មី

រដ្ឋាភិបាលតៃវ៉ាន់ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយថា ភាគីទាំងពីរត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកដំបូងក្រោមក្របខ័ណ្ឌកិច្ចចរចាពាណិជ្ជ…

ឧបនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃថ្លែងថា បេក្ខជននាយករដ្ឋមន្ត្រីជាប់ឆ្នោត លោក ពីតា អាចបាត់បង់សិទ្ធិ ដោយសារជាប់បណ្ដឹងមួយ

ឧបនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃ លោក វីស្សានូ ក្រៀង៉ាម (Wissanu Krea-ngam) បានបង្ហើបឱ្យដឹងកាលពីថ្ងៃពុធ ទី៣១ ខែឧសភាថា បេក្ខជននាយករដ្ឋ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ