ទីផ្សារផ្លែឈើវៀតណាម

ទីផ្សារផ្លែឈើវៀតណាមធ្លាក់ថ្លៃខ្លាំង ខណៈការនាំចេញទៅចិនបន្ដជាប់គាំង


បញ្ហានាំចេញទំនិញតាមច្រកព្រំដែនរបស់វៀតណាម ទៅកាន់ប្រទេសចិន បានជួបផលរំខាន និងជាប់គាំងមកជាច្រើនខែមកហើយ ដោយសារតែវិធានការទប់ស្កាត់កូវីដ១៩ដ៏តឹងរ៉ឹងពីសំណាក់អាជ្ញាធរចិន។ កត្តានេះ កំពុងធ្វើឲ្យការនាំចេញរបស់វៀតណាម ពិសេសកសិផលកំពុងជួបបញ្ហាកាន់តែខ្លាំងដែរ ដ្បិតថា ចិនជាទីផ្សារធំមួយសម្រាប់កសិផលវៀតណាម។
ទីផ្សារផ្លែឈើវៀតណាម កំពុងធ្លាក់ថ្លៃខ្លាំង

យ៉ាងណាមិញ ថ្មីៗនេះ តម្លៃផ្លែឈើរបស់វៀតណាមមួយចំនួន កំពុងធ្លាក់ថ្លៃខ្លាំងមែនទែន ដូចជាផ្លែស្រកានាគ ឪឡឹក និងកសិផលផ្សេងទៀត ដោយតម្លៃបច្ចុប្បន្ននៅលក់បានត្រឹមតែជាង ៣ពាន់ ទៅ៨ពាន់ដុងក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ឬស្មើនឹងប្រហែល ជាង៥០០ ទៅ ជាង១ពាន់៤រយរៀលក្នុងមួយគីឡូក្រាម។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន VN Express។

ក្រុមអាជីវករ​លក់ផ្លែឈើ​​វៀតណាម បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា VN Express ថ្មីៗនេះថា កាលពីមុន​ពួកគាត់ធ្លាប់លក់​ផ្លែឈើបានក្នុងតម្លៃខ្ពស់ ប៉ុន្ដែនៅមួយរយៈចុងក្រោយនេះ ពោលគឺតាំងពីផ្លែឈើនាំចេញទៅចិន​លែងបាន​ បាន​នាំឲ្យតម្លៃផ្លែឈើក្នុងស្រុក​​ធ្លាក់ថ្លៃខ្លាំងមែនទែន។ ជាក់ស្ដែង ពីមុនគាត់ធ្លាប់លក់ផ្លែឪឡឹក​បាន​ដល់តម្លៃជាង១ដុល្លារក្នុងមួយគីឡូក្រាម ប៉ុន្ដែ ឥឡូវនេះ លក់បាន​ត្រឹមតែពាក់កណ្ដាល​នៃតម្លៃពីមុនប៉ុណ្ណោះ។

រីឯតម្លៃផ្លែស្រកានាគវិញ ក្រុមអាជីវករខ្លះ​​ដាក់លក់​ត្រឹមតែប្រហែល ៤ពាន់រៀ​ល​ប៉ុណ្ណោះ សម្រាប់​ផ្លែស្រកានាគ​៦គីឡូក្រាម ពោលគឺមួយគីឡូ​ក្រាម​មានតម្លៃប្រហែលជាង ​៦០០រៀល។

ទន្ទឹមនឹងតម្លៃ​ផ្លែធ្លាក់ថ្លៃ ក្រុមអ្នកលក់ផ្លែឈើវៀតណាម​​ក៏កំពុង​ប្រឈម​នឹង​តម្លៃដឹកជញ្ជូនឡើងថ្លៃខ្ពស់ដែរ ដែល​វា​ធ្វើឲ្យពួកគេ​កាន់តែលំបាក និងស្ទើរតែលក់រកប្រាក់ចំណេញមិនឃើញនោះទេ។ 

បើងាកទៅមើល​ការនាំចេញផ្លែឈើតាមច្រកព្រំដែន​វៀតណាម ទៅកាន់ប្រទេសចិនវិញ គឺនៅតែបន្ដអូសបន្លាយជាប់គាំងមក​អស់រយៈពេល​៣ខែមកហើយ ដោយបង្ខំឲ្យ​អ្នកបើកបរកុងតឺន័រ​ដឹកទំនិញទាំងនោះត្រឡប់ចូលទីក្រុងវិញ ហើយដាក់លក់​ក្នុងតម្លៃត្រឹមតែ​ពាក់កណ្ដាល​ ឬ១ភាគបីនៃតម្លៃនាំចេញតែប៉ុណ្ណោះ។

នៅតំបន់ភាគខាងជើងនៃខេត្ត​ឡាក់សឺន ប្រទេសវៀតណាម ដែលជាច្រក​ព្រំដែន​ដ៏សំខាន់​ក្នុងការនាំចេញទំនិញទៅកាន់ប្រទេសចិននោះ ត្រូវបានភ្នាក់ងារគយវៀតណាម​រាយការណ៍ថា មានកុងតឺន័រ​ដឹកទំនិញ​ជាង​១ពាន់៣រយគ្រឿង​​បាន​ជាប់គាំងនៅទីនោះ នាដើមសប្ដាហ៍នេះ ហើយមាន ៣ភាគ៤នៃកុងតឺន័រទាំងនោះ គឺដឹកផ្លែឈើ។ ការកកស្ទះកុងតឺន័រដឹកទំនិញតាមច្រកព្រំដែន ត្រូវបានគេរំពឹងថា នឹងបន្ដកើនឡើងថែមទៀត នៅប៉ុន្មានថ្ងៃខាងមុខនេះ។

បើទោះបីជា ការនាំចេញតាមច្រកព្រំដែនគោក​មានការជាប់គាំងក្ដី ប៉ុន្ដែ បើមើលទៅលើ​ការនាំចេញ​ការនាំចេញ​​ផលិតផល​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​របស់វៀតណាមជារួម​ ទៅកាន់​ទីផ្សារ​ចិន​នៅក្នុងរយៈពេល​២ខែឆ្នាំ២០២២ គឺនៅតែ​សម្រេចបាន​ជាង​៨ពាន់លានដុល្លារ កើនឡើង​ជាង​២០% ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន ។ នេះបើតាម​របាយការណ៍ពី​ក្រសួង​កសិកម្ម និងអភិវឌ្ឍន៍ជនបទ៕

None



អត្ថបទបន្ទាប់


អាមេរិក និងជប៉ុនស្នើឱ្យអាស៊ានចូលរួមជួយដោះស្រាយវិបត្តិបន្ទះឈីបនាពេលខាងមុខ

សហរដ្ឋអាមេរិក និងជប៉ុននឹងស្នើឱ្យ អាស៊ានចូលរួមក្នុងការរៀបចំក្របខណ្ឌគោលនយោបាយ ខ្សែចង្វាក់ផ្គត់ផ្គង់ថ្មី ដើម្បីទប់ទល់នឹងបញ្ហាកង្វះខាតបន្ទះឈីប …

កម្ពុជានឹងទទួលបានហិរញ្ញប្បទានឥតសំណងថ្មីជាង ១០០លានដុល្លារពីអូស្ត្រាលី

ប្រទេសកម្ពុជា នឹងទទួលបានហិរញ្ញប្បទានឥតសំណងថ្មីជាង ១០០លានដុល្លារអាមេរិក បន្ថែមទៀតពីរដ្ឋាភិបាលប្រទេសអូស្ត្រាលី ដោយក្នុងនោះ ទឹកប្រាក់ប្រមាណ ៦…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ