សេដ្ឋកិច្ចកម្ពុជា

តើការបែងចែកប្លុកសេដ្ឋកិច្ចបានក្លាយជាបញ្ហាប្រឈមមួយទៀតសម្រាប់សេដ្ឋកិច្ចកម្ពុជាមែនឬ?


ទាំងស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជានៅតែបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយបញ្ហាសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំៗ។ បញ្ហាសង្គ្រាម និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗ ជាពិសេសរវាងចិន និងអាម៉េរិកបានធ្វើឱ្យប្រព័ន្ធនៃការធ្វើពាណិជ្ជកម្មពិភពលោក ដែលធ្លាប់តែរួបរួមគ្នា បានបែកខ្ញែកជាប្លុកពាណិជ្ជកម្មតូចៗជាច្រើន ដែលម្ខាងគាំទ្រចិន និងម្ខាងគាំទ្រអាម៉េរិក និងផ្សេងៗទៀត។
សេដ្ឋកិច្ចកម្ពុជា
ដោយ

ការបែងចែកប្លុកសេដ្ឋកិច្ចនេះកំពុងក្លាយជាបញ្ហាប្រឈមមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា បើទោះបីកម្ពុជាប្រកាន់យកគោលជំហរកណ្តាលមិនគាំទ្រប្លុកណាមួយក៏ដោយ។

នៅប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះប្រព័ន្ធនៃការធ្វើពាណិជ្ជកម្មនៅលើពិភពលោកហាក់មានការបែកខ្ញែកគ្នាជាប្លុកផ្សេងៗ ហើយការបែកខ្ញែកជាប្លុកសេដ្ឋកិច្ចនេះបានលេចជារូបរាងកាន់តែច្បាស់ និងមានស្ថានភាពកាន់តែធ្ងន់ធ្ងរជាងមុន បន្ទាប់ពីរុស្ស៊ីបានវាយចូលឈ្លានពានអ៊ុយក្រែន ហើយភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងមហាយក្សចិន និងអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចកំពូលទាំងនៅលើពិភពលោកឡើងកម្តៅកាន់តែខ្លាំង។

ការបែកខ្ញែកនេះ បានធ្វើឱ្យមានការបែងចែកជាប្លុកនៃការគាំទ្រសម្រាប់បណ្តាប្រទេសផ្សេងៗ ដោយម្ខាងគាំទ្រមហាយក្សចិន និងម្ខាងគាំទ្រសហរដ្ឋអាម៉េរិក ដែលកត្តានេះបានធ្វើឱ្យការធ្វើពាណិជ្ជកម្ម និងស្ថានភាពសេដ្ឋកិច្ចពិភពលោកប្រឈមនឹងបញ្ហាផ្សេងៗ និងភាពមិនច្បាស់លាស់កាន់តែខ្លាំង។

ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាត់ទុកបែងចែកជាប្លុកសេដ្ឋកិច្ចនេះ គឺជាបញ្ហាប្រឈមមួយទៀតសម្រាប់ការធ្វើពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា បើទោះបីកម្ពុជាប្រកាន់យកជំហរកណ្តាលមិនគាំទ្រប្លុកណាមួយក៏ដោយ។ បញ្ហានេះបានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ស្រាប់ហើយនោះ អាចប្រឈមនឹងភាពមិនច្បាស់លាស់កាន់តែខ្លាំងបន្ថែមទៀត។ ក្រៅពីបញ្ហានេះ សេដ្ឋកិច្ចរបស់កម្ពុជាដែលពឹងផ្អែកលើសេដ្ឋកិច្ចសកល អាចបន្តរងឥទ្ធិពលពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងតំបន់ហ្កាហ្សា បញ្ហាភាពតឹងតឹងផ្នែកពាណិជ្ជកម្មរវាងមហាយក្សចិន និងសហរដ្ឋអាម៉េរិក និងរវាងចិនជាមួយសហភាពអឺរ៉ុប ក៏ដូចជាបញ្ហាកេរតំណែលបន្តទុកពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩។

បើតាមការវាយតម្លៃរបស់ឯកឧត្តម មាស សុខសេនសាន កម្ពុជាអាចត្រូវការពេលវេលាយូរទៀត ដើម្បីអាចស្តារស្ថានភាពសេដ្ឋកិច្ចឱ្យត្រឡប់មករកស្ថានភាពដូចមុនពេលមិនទាន់មានការផ្ទុះការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ប៉ុន្តែបើតាមការព្យាកររបស់ស្ថាប័នជាតិ និងអន្តរជាតិ ប្រសិនបើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចមិនមានការវិវត្តរីកកាន់តែធំ ហើយគ្មានបញ្ហាសង្គ្រាមថ្មីៗកើតឡើងទេនោះ កម្ពុជានឹងអាចសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%នៅក្នុងរយៈពេល៣ទៅ៤ឆ្នាំខាងមុខនេះ។

មន្ត្រីជាន់ខ្ពស់រូបនេះកត់សម្គាល់ឃើញថា ស្ថានសេដ្ឋកិច្ចរបស់កម្ពុជានៅឆមាសទី១ឆ្នាំនេះពុំមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហើយបើក្រឡេកទៅមើលស្ថានភាពក្នុងវិស័យសំខាន់ៗដែលជួយគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាដូចជាវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងសេវាកម្មឃើញថា ការនាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មទាំងផលិតផលកាត់ដេរ និងមិនមែនកាត់ដេរមានការកើនឡើងក្នុងរង្វង់២០% ខណៈការនាំចេញក្នុងវិស័យកសិកម្មមានកំណើនតិចតួច។

ចំណែកវិស័យសេវាកម្មក៏បានបង្ហាញពីកំណើនរបស់ខ្លួនផងដែរ តែកំណើននេះនៅតែទាបជាងពេលមិនទាន់មានការផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ដោយឡែក វិស័យសំណង់ និងអចលនទ្រព្យ ដែលធ្លាប់ជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់មួយផងនោះ មកទល់ពេលនេះមិនទាន់បានបង្ហាញសញ្ញាវិជ្ជមានឡើងវិញនៅឡើយទេ ពោលគឺការទិញលក់ និងជួលក្នុងវិស័យនេះនៅតែស្ថិតក្នុងកម្រិតទាបនៅឡើយ។

តែទោះជាយ៉ាងណាក៏ដោយទាំងស្ថាប័ន្ធជាតិ និងអន្តរជាតិរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា ស្ថាប័នរូបិយវត្ថុអន្តរជាតិ(IMF) និងធនាគារពិភពលោក(WB) និង ARMRO ជាដើមបានព្យាករថា កម្ពុជានឹងអាចសម្រេចបានកំណើនក្នុងរង្វង់ពីជាង៥%ទៅ៦%នៅឆ្នាំនេះ។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៤ នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារអន្តរជាតិ សម្រេចបានជាង២៦ពាន់លានដុល្លារមានការកើនឡើងជាង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារ កើនឡើងជាង១២% និងការនាំចូលពីទីផ្សារអន្តរជាតិមកវិញមានចំនួនជិត១៤ពាន់លានដុល្លារ កើនឡើងជាង១២%៕

None



អត្ថបទបន្ទាប់


អ្នកសារព័ត៌មានជាង៣០នាក់មកពី២០ស្ថាប័នចូលរួមផ្សព្វផ្សាយពីគុណភាព និងសុវត្ថិភាពអាហារនៅកម្ពុជា ដើម្បីពង្រីកទីផ្សារផលិតផលជលផល

អ្នកសារព័ត៌មានចំនួន៣៥នាក់មកពី២០ស្ថាប័នត្រូវបានរៀបចំឱ្យធ្វើទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយសមិទ្ធផលជលផលក្រោយការប្រមូលផលលើកទី៣ ដែលចាប់ផ្ដើមពីថ្…

តើកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនវៀតណាម VinFast ពន្យារពេលបើករោងចក្រតម្លៃ៤ពាន់លានដុល្លាររបស់ខ្លួននៅសហរដ្ឋអាម៉េរិកដល់ឆ្នាំ២០២៨?

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast នឹងពន្យារពេលបើកដំណើរការរោងចក្រតម្លៃ៤ពាន់លានដុល្លាររបស់ខ្លួននៅសហរដ្ឋអាម៉េរិករហូតដល់ឆ្នាំ២០២៨ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ