តើកម្ពុជាបានសងបំណុលដែលជំពាក់អន្តរជាតិប៉ុន្មានហើយ?

តើកម្ពុជាបានសងបំណុលដែលជំពាក់អន្តរជាតិប៉ុន្មានហើយ និងជំពាក់ប៉ុន្មានទៀត?


មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអះអាងថា គោលដៅនៃការខ្ចីបំណុលពីបរទេស សុទ្ធតែសម្រាប់ហិរញ្ញប្បទានលើគម្រោងនិយោគសាធារណៈ ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែក ទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង ពិសេសសម្រាប់អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ជាក់ស្ដែង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជា មានសន្និបំណុលសាធារណៈសរុបជាង៩ពាន់៨រយលានដុល្លារអាមេរិក ខណៈរាជរដ្ឋាភិបាលកម្ពុជា បានទូទាត់បំណុលជូនដៃដូអភិវឌ្ឍសរុបចំនួន ១៨៣លានដុល្លារអាមេរិកផងដែរ នៅក្នុងត្រីមាសទី១នេះ។
ទិដ្ឋភាពទីក្រុងភ្នំពេញ

មន្ត្រីនាំពាក្យក្រសួងសេដ្ឋកិច្ច បានចាត់ទុកការខ្ចីបំណុលបរទេសទាំងនេះ គឺដើម្បីយកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច កម្ពុជា មិនមែនជាបំណុលវ័នករនោះទេ ខណៈកម្ពុជាទើបតែមានអនុបាតបំណុលប្រមាណ ៣៣%ទៅ៣៥% នៃកម្រិតបំណុលដែលអាចខ្ចីបានដល់៤០% នៃផលិតផលក្នុងស្រុប។

ថ្លែងនាឱកាសចូលរួមសន្និសីទសារព័ត៌មានស្ដីពី«សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម មាស សុខសេនសាន្ត អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ពីបច្ចុប្បន្នភាពនៃវិស័យសេដ្ឋកិច្ច នារយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ពិសេសវឌ្ឍនភាពការងារដែលក្រសួងសម្រេចបានជាច្រើន រួមមាន ការគ្រប់គ្រងសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុ និងការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។ ទន្ទឹមនោះ ឯកឧត្តម មាស សុខសេនសាន្ត ក៏បានគូសបញ្ជាក់ អំពីស្ថានភាពបំណុលសាធារណៈ របស់កម្ពុជា នាពេលបច្ចុប្បន្ន ដោយឯកឧត្តម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានលក្ខខណ្ឌច្បាស់លាស់និងត្រឹមត្រូវស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ មិនមែនចេះតែខ្ចីនោះទេ។ បើតាមឯកឧត្តម មាស សុខសេនសាន្ត បច្ចុប្បន្ន កម្ពុជាទើបខ្ចីបំណុលពីបរទេសក្នុងកម្រិត ៣៣% ទៅ៣៥% នៃផលិតផលក្នុងស្រុកសរុបប៉ុណ្ណោះ ខណៈកន្លងមក កម្ពុជាបានដាក់ពិដានក្នុងការខ្ចីបំណុលពីបរទេសចំនួន៤០% នៃផលិតផលក្នុងស្រុកសរុប។ ដោយឡែក គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជា មានសន្និបំណុលសាធារណៈសរុបជាង ៩ពាន់៨រយលានដុល្លារអាមេរិក ខណៈរាជរដ្ឋាភិបាលកម្ពុជា បានទូទាត់បំណុលជូនដៃដូអភិវឌ្ឍសរុបចំនួន ១៨៣លានដុល្លារអាមេរិក។

កម្ពុជា បានដាក់ចេញនូវគោលការណ៍ ៥ចំណុច សំដៅពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងបំណុលសាធារណៈនិងការវិនិយោគបំណុលសាធារណៈ។ គោលការណ៍ទាំង៥ចំណុចនោះរួមមាន ទី១. ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកានិងសេដ្ឋកិច្ចអាចទ្រាំទ្របាន ទី២.ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់ ទី៣.ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម ទី៤.ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្ដិសិទ្ធិភាព ខ្ពស់បំផុត; និងទី៥ ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលមានស្ដង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

យ៉ាងណាក៏ដោយ ឯកឧត្តម មាស សុខសេនសាន្ត នៅតែបង្ហាញពីគំនិតសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចកម្ពុជា និងបានគូសរំលេចទៀតថា ការខ្ចីបំណុលពីអន្តរជាតិមកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា មិនបានធ្វើឲ្យកម្ពុជា មានបំណុលវ័ណ្ឌកឡើយ ។ យោងតាមរបាយការណ៍សង្ខេបស្ដីពីស្ថានភាពបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បង្ហាញថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជា មានបំណុលសាធារណៈសរុបជាង ៩ពាន់៨រយលានដុល្លារអាមេរិក ដែលសុទ្ធសឹងជាបំណុលសាធារណៈក្រៅប្រទេស។ ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី មាន៦៨% និងក្របខណ្ឌពហុភាគី មាន ៣២%។ ប្រទេសដែលកម្ពុជា បានជំពាក់បំណុលច្រើនជាងគេ មានដូចជា ប្រទេសចិន,ប្រទេសជប៉ុន,សាធារណៈរដ្ឋកូរ៉េ,បារាំង,ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ជាដើម៕




អត្ថបទបន្ទាប់


រឿងរ៉ាវព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតឡើងនៅមុន និងអំឡុងដំណើរទស្សនកិច្ចដ៏ព្រឺព្រួចរបស់លោកស្រី Pelosi នៅកោះតៃវ៉ាន់

ព័ត៌មាន
មនុស្សរាប់លាននាក់ កាលពីយប់ថ្ងៃទី២ សីហា បានតាមដានយ៉ាងដិតដល់ចំពោះ ដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី ប្រធានសភាអាមេរិក ទៅកាន់ក…

សម្តេច ហ៊ុន សែន៖ ត្រូវធ្វើជាមន្ត្រីជើងពីរ កុំធ្វើមន្ត្រីជើង១០ និងត្រូវរត់ទៅរកការងារធ្វើ កុំរង់ចាំការងារ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកមន្ត្រីក្រោមឱវាទ ត្រូវចេះចុះមូលដ្ឋានស្តាប់ការលើកឡើងនិងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ