ក្នុងនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តពង្រឹង និងពង្រីកភាពទាក់ទាញតំបន់សេដ្ឋកិច្ចនៅកម្ពុជា ដោយរួមបញ្ចូលនូវសួនឧស្សាហកម្ម សួនកសិ-ឧស្សាហកម្ម និងតំបន់ពាណិជ្ជកម្មសេរី ជាដើម។ ការជំរុញបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កើនការទាក់ទាញវិនិយោគិនបរទេសឲ្យចូលមកវិនិយោគនៅកម្ពុជាបន្ថែម។ យ៉ាងណាក៏ដោយ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីៗ និងជំរុញការប្រើតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា ដែលមានស្រាប់ឲ្យអស់សក្តានុពលនេះ ក៏គឺជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាអណត្តិមុនផងដែរ ក្នុងគោលបំណងបង្កើនការទាក់ទាញការវិនិយោគពីខាងក្រៅ។
ថ្លែងក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា បានបង្ហាញនូវផែនការក្នុងការជំរុញការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាឲ្យកាន់តែមានសក្ដានុពលបន្ថែមទៀត។ ស្ថិតក្នុងបញ្ចកោណទី២ ចំណុចទី៤ ពីការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ការពង្រឹងប្រសិទ្ធភាពតំបន់សេដ្ឋកិច្ចពិសេស គឺជាកិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពជាច្រើនទៀត របស់រាជរដ្ឋាភិបាលសម្រាប់អណត្តិទី៧ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តពង្រឹងប្រសិទ្ធភាព និងពង្រីកភាពទាក់ទាញ នៃតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដោយរួមបញ្ចូលនូវសួនឧស្សាហកម្ម សួនកសិ-ឧស្សាហកម្ម និងតំបន់ពាណិជ្ជកម្មសេរី។ ការជំរុញបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាល មានគោលដៅយុទ្ធសាស្រ្តផ្ដោតលើការប្រមូលផ្ដុំ និងការអភិវឌ្ឍបណ្ដាញផលិតកម្ម ឲ្យដើរតួនាទីសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជា សំដៅបង្កើនការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក។ ម្យ៉ាងវិញទៀត តាមរយៈការពង្រឹងប្រសិទ្ធភាព និងភាពទាក់ទាញនៃតំបន់សេដ្ឋកិច្ចពិសេស ក៏អាចជួយលើកកម្ពស់ផលិតកម្ម និងការកែច្នៃសម្រាប់នាំចេញ ជាពិសេសគាំទ្រដល់ការបង្កើតការងារ និងការលើកស្ទួយជីវភាពប្រជាជននៅទីជនបទថែមទៀតផង។
ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីៗ និងជំរុញការប្រើតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា ដែលមានស្រាប់ឲ្យអស់សក្តានុពល គឺជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីអណត្តិសម្ដេច ហ៊ុន សែន មកម្ល៉េះ ក្នុងការជំរុញនិងលើកកម្ពស់កំណើនសេដ្ឋកិច្ច។ ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុក តំបន់សេដ្ឋកិច្ចពិសេស ចូលរួមយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច ជាពិសេសដោះស្រាយបញ្ហាខ្វះការងារ និងបង្កើតការងារជូនពលរដ្ឋខ្មែរ យ៉ាងច្រើនកន្លែង។ ដូច្នេះ ក្នុងន័យនេះសម្ដេចក៏បានអះអាងទៀតថា កម្ពុជានៅតែបន្តជំរុញតំបន់សេដ្ឋកិច្ចពិសេសឲ្យក្លាយជាគោលដៅវិនិយោគ ដ៏មានសក្ដានុពល និងទាក់ទាញបំផុត។ បើតាមសម្ដេច ហ៊ុន សែន កម្ពុជានៅសល់ផ្ទៃដីជាច្រើនសម្រាប់អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដោយសម្ដេចបានលើកទឹកចិត្តដល់ក្រុមវិនិយោគបរទេស ឲ្យចាប់អារម្មណ៍វិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ន មានក្រុមហ៊ុនជាង៦០០ កំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង២៤ នៅកម្ពុជា ដែលមានទំហំវិនិយោគសរុបជាង ៨ពាន់លានដុល្លារអាមេរិក និងបានផ្តល់ការងារជូនប្រជាពលរដ្ឋជាង ១៧ម៉ឺនកន្លែង។ មុខទំនិញភាគច្រើនដែលបាននាំចេញពីតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងវិស័យមិនមែនកាត់ដេរសម្លៀកបំពាក់ ស្បែងជើង និងផលិតផលធ្វើដំណើរ ដែលមានរហូតដល់ជាង ៩០% ឯណោះ។ ក្នុងចំណោមក្រុមហ៊ុនដែលកំពុងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ គឺមានក្រុមហ៊ុនមិនមែនវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររហូតដល់ជាង ៩០% ឯណោះ ដូចជា ក្រុមហ៊ុនផលិតសំបកកង់រថយន្ត ក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្ត និងក្រុមហ៊ុនផលិតគ្រឿងបង្គុំអគ្គិសនី ជាដើម។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅពេញមួយឆ្នាំ២០២២ កម្ពុជាសម្រេចបានទំហំទឹកប្រាក់សរុបរហូតជាង ៥ពាន់២រយលានដុល្លារ ពីការនាំចេញទំនិញសំខាន់ៗ ចេញពីតំបន់សេដ្ឋកិច្ចពិសេស ខណៈកាលពីឆ្នាំ២០២១ ការនាំចេញទំនិញសរុបពីតំបន់សេដ្ឋកិច្ចពិសេស សម្រេចបានទំហំទឹកប្រាក់ជាង ៤ពាន់២រយលានដុល្លារ ប៉ុណ្ណោះ៕