
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដ៏មានឥទ្ធិពល និងជាឪពុកបង្កើតរបស់នាយករដ្ឋមន្ត្រីថៃ បច្ចុប្បន្ន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានស្នើផែនការទិញយកបំណុលរបស់ពលរដ្ឋទាំងអស់ពីធនាគារនានា និងលុបចោលប្រវត្តិឥណទានរបស់ពួកគេចេញពីប្រព័ន្ធធនាគារ ហើយអនុញ្ញាតឱ្យប្រជាជនសងបំណុលត្រលប់មករដ្ឋវិញបន្តិចម្តងៗទៅតាមលទ្ធភាពដែលអាចទៅរួច។ ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះត្រូវបានសារព័ត៌មានថៃ ចុះផ្សាយព្រោងព្រាត និងទទួលបានការអបអរសាទរពីសំណាក់ប្រជាជនពាសពេញផ្ទៃប្រទេស។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញសេដ្ឋកិច្ចហាក់នៅមានមន្ទិល និងចង់បានសេចក្ដីលម្អិតបន្ថែមទៀតអំពីផែនការដ៏មហិច្ឆតានេះ។
ឆ្លើយតបទៅនឹងសំណើរបស់លោក ថាក់ស៊ីន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ពិឆៃ ជុនហាវ៉ាជីរ៉ា (Pichai Chunhavajira) បាននិយាយកាលពីថ្ងៃទី១៨ ខែមីនា ថា ក្រសួងចាំបាច់ត្រូវពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានទាំងអស់ និងពិចារណាមតិយោបល់របស់អ្នកពាក់ព័ន្ធផ្សេងៗទៀត។ ហើយនៅក្នុងអំឡុងកិច្ចប្រជុំរួមជាមួយសមាគមធនាគារថៃ (TBA) ក្នុងថ្ងៃដដែល រដ្ឋមន្ត្រីរូបនេះ បានបង្ហើបឱ្យដឹងថា បញ្ហានេះទំនងជាត្រូវពិភាក្សាលម្អិតបន្ថែមទៀត។
លោក ធើតសាក់ ថាវីធីរ៉ាថាម (Therdsak Thaveeteeratham) អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនមូលបត្រ Asia Plus Securities បានថ្លែងថា ផែនការសម្រាលបន្ទុកបំណុលរបស់ពលរដ្ឋដែលស្នើឡើងដោយលោក ថាក់ស៊ីន គឺជាគំនិតដ៏ល្អមួយ ប៉ុន្តែពិបាកក្នុងការអនុវត្ត។ បញ្ហាសំខាន់គឺនៅត្រង់ប្រភពហិរញ្ញប្បទាន ដែលមិនត្រូវបានពន្យល់បកស្រាយ។ តែយ៉ាងណា លោកទទួលស្គាល់ថា ប្រសិនបើផែនការនេះទទួលបានជោគជ័យ វាអាចជួយជំរុញកំណើនសេដ្ឋកិច្ច ប្រព័ន្ធធនាគារ និងវិស័យអចលនទ្រព្យក្នុងប្រទេសនេះ។
ទន្ទឹមនេះ អ្នកជំនាញសេដ្ឋកិច្ចផ្សេងៗទៀតដែលរួមមានទាំងប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនមូលបត្រ Krungsri Securities (KSS) ប្រធានក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅអង្គភាពស្រាវជ្រាវមួយក្រោមចំណុះធនាគារ Siam Commercial Bank ប្រធានក្លឹបអាជីវកម្មភោជនីយដ្ឋាន និងអនុប្រធានសភាពាណិជ្ជកម្មថៃ ផងដែរនោះបានលើកឡើងថា លោក ថាក់ស៊ីន ចាំបាច់ត្រូវផ្ដល់សេចក្ដីលម្អិតបន្ថែមទៀតពីផែនការទិញបំណុលរបស់ប្រជាជននេះ ជាពិសេសការចូលរួមពីវិស័យឯកជន ហើយបានជំរុញឱ្យមានការថ្លឹងថ្លែងដោយប្រុងប្រយ័ត្ននៃអត្ថប្រយោជន៍ និងហានិភ័យ។
បណ្ដាថ្នាក់ដឹកនាំធុរកិច្ចបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចាំបាច់ត្រូវមានដំណោះស្រាយដែលមានលក្ខណៈទូលំទូលាយជាងនេះ ពោលគឺដំណោះស្រាយមួយដែលលើសពីការជួយដោះស្រាយឥណទានមិនដំណើរការ NPL ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ និងដាក់ចេញផែនការល្អិតល្អន់ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចជារួមនៅក្នុងប្រទេស៕
ដោយ: តែម សុខុម