តាមរយៈការសម្ទុះកំណើននៅរយៈពេល៣ខែដើមឆ្នាំនេះ ថ្នាក់ដឹកនាំរំពឹងជឿជាក់ថា ការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅពេញ១ឆ្នាំនេះ នឹងនៅតែបន្ដមានកំណើនខ្ពស់ជាងឆ្នាំមុន។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ទោះបីសេដ្ឋកិច្ចកម្ពុជារងផលប៉ះពីវិបត្តិកូវីដ-១៩ ប្រភេទអូមីក្រុង និងឥទ្ធិពលភូមិសាស្ត្រនយោបាយសកលក៏ដោយ តែវាមិនបានធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការរបស់អេស៊ីលីដានោះទេ។ ពោលគឺការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើពីអតិថិជនរបស់ ធនាគារនេះ នៅតែបង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលជិត៣ខែកន្លងមកនេះ។
បើតាមលោកបណ្ឌិត អ៊ិន ចាន់នី នៅក្នុងរយៈពេលជិត៣ខែកន្លងមកនេះការផ្តល់ឥណទានរបស់ អេស៊ីលីដា សម្រេចបានប្រមាណ ៣១៥លានដុល្លារមានការកើនឡើង៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការទទួលប្រាក់បញ្ញើពីអតិថិជនមានកំណើន៤% គិតជាទឹកប្រាក់ប្រមាណ២៦៥លានដុល្លារ។ ទោះបីមិនបានបញ្ជាក់ពីមូលហេតុលម្អិត ប៉ុន្ដែការកើនឡើងឥណទាននិងប្រាក់បញ្ញើរបស់អេស៊ីលីដា គឺបន្ទាប់ពីរាជរដ្ឋាភិបាលគ្រប់គ្រងការឆ្លងកូវីដ-១៩ បានល្អ គួបផ្សំអេស៊ីលីដា បានអភិវឌ្ឍន៍ឥតឈប់ឈរលើប្រព័ន្ធបច្ចេកវិទ្យាជាពិសេសអេស៊ីលីដាម៉ូបាលដែលអាចឲ្យអតិថិជនធ្វើប្រតិបត្តិការដោយខ្លួនឯង។
លោកបណ្ឌិត អ៊ិន ចាន់នីបានអះអាងទៀតថា ទំហំឥណទាន និងប្រាក់បញ្ញើពីរបស់អេស៊ីលីដានៅពេញ១ឆ្នាំ២០២២ នឹងមានកំណើនខ្ពស់ជាងឆ្នាំមុន បើការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើពីអតិថិជននៅតែអាចរក្សាភាពល្អប្រសើរដូចក្នុងរយៈពេលជិត៣ខែកន្លងមកនេះ។
អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុបានបង្ហាញសុទិដ្ឋិនិយមថា ការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅឆ្នាំនេះ នឹងនៅតែបន្តជំហរយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការចូលរួមអភិវឌ្ឍន៍ និងស្តារអាជីវកម្ម និងកំណើនសេដ្ឋកិច្ចកម្ពុជា ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ កន្លងមក។
យ៉ាងណាមិញ កាលពីឆ្នាំ២០២១ ទ្រព្យសកម្មភាពប្រព័ន្ធធនាគារនៅកម្ពុជាមានកំណើន១៦% ធៀបនឹងឆ្នាំ២០២០ ដោយមានតម្លៃជាង៦៨ពាន់លានដុល្លារអាមេរិក ក្នុងនោះ ឥណទានអតិថិជនមានជិត៤៦ពាន់លានដុល្លារកើនឡើង ជាង២១% ខណៈដែលប្រាក់បញ្ញើអតិថិជនវិញមានជាង៣៨ពាន់លានដុល្លារ កើនឡើងជាង១៥%។ នេះបើតាមទិន្នន័យពីធនាគារជាតិនៃកម្ពុជា៕