ទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វប៉េ ផ្សាយថា ក្នុងពេលឆាប់ៗខាងមុខ ទួអេហ្វែល នឹងមានជញ្ជាំងរបងព័ទ្ធជុំវិញដែលធ្វើពីកញ្ចក់ការពារគ្រាប់កាំភ្លើង កម្ពស់ ២ម៉ែត្រកន្លះ ដើម្បីទប់ស្កាត់មិនឲ្យមនុស្ស ឬរថយន្តបើកបុកបានឡើយ។
អាជ្ញាធរបារាំងនិយាយថា គេចាត់វិធានការសន្តិសុខពិសេសនេះ ដោយសារថា ការគំរាមកំហែងភេរវកម្មនៅទីក្រុងប៉ារីស នៅតែមានកម្រិតខ្ពស់នៅឡើយ។
ជញ្ជាំងរបងកញ្ចក់ការពារគ្រាប់នេះ នឹងជំនួសរបងដែកដែលឡោមព័ន្ធប៉មនេះសព្វថ្ងៃ។
អាជ្ញាធរក្រុងប៉ារីសឲ្យដឹងថា ជញ្ជាំងរបងកញ្ចក់ថ្មីនេះគ្រោងនឹងចាយថវិកាអស់ជាង ២១លានដុល្លារ ហើយនឹងអនុញ្ញាតឲ្យអ្នកទេសចរអាចមើលឃើញទិដ្ឋភាព ទួអេហ្វែល បានល្អប្រសើរជាងមុន។
បញ្ហាសុវត្ថិភាពនៅទីក្រុងប៉ារីស នៅតែជាក្ដីកង្វល់របស់អាជ្ញាធរ បន្ទាប់ពីទីក្រុងនេះបានរងការវាយប្រហារភេរវកម្មកាលពីពីរឆ្នាំមុន គឺនាខែវិច្ឆិកា ឆ្នាំ២០១៥ ដែលកាលនោះមនុស្ស ១២៩នាក់បានស្លាប់។ រហូតមកទល់នឹងពេលនេះ សោកនាដកម្មមួយនេះនៅតែដក់ជាប់ក្នុងចិត្តរបស់ពលរដ្ឋបារាំង ជាពិសេស អ្នករស់នៅក្នុងទីក្រុងប៉ារីសតែម្ដង៕