សារព័ត៌មាន Japan Times បានរាយការណ៍ថា ប្រទេសចិន កំពុងបង្កើនយុទ្ធនាការការទូតយ៉ាងស្ងៀមស្ងាត់ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់តាមរយៈទីភ្នាក់ងារចំណុះតូចៗរបស់អង្គការសហប្រជាជាតិ ដើម្បីក្តោបក្តាប់ និងកំណត់ស្តង់ដាអន្តរជាតិ លើវិស័យប្រឈមចម្រូងចម្រាសបំផុតរួមទាំងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលកំពុងមានការដេញដោលគ្នាយ៉ាងក្តៅគគុកជាសកល រវាងអ្នកគាំទ្រគោលនយោបាយបើកចំហ និងអ្នកជំរុញឱ្យមានរបាំងសន្តិសុខតឹងរ៉ឹង។ យុទ្ធសាស្ត្រពង្រីកអំណាចស្ងាត់ៗរបស់ទីក្រុងប៉េកាំង ត្រូវបានបិទបាំងដោយជំនួបប្រជែងឥទ្ធិពលលើសង្គ្រាមពាណិជ្ជកម្ម បច្ចេកវិទ្យា និងសន្តិសុខរវាងមហាយក្សទាំងពីរ នៅពេលដែលលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង ជួបគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន។
ខណៈដែលលោក ដូណាល់ ត្រាំ បាន និងកំពុងកាត់បន្ថយថវិកាជំនួយរាប់រយលានដុល្លារ ព្រមទាំងដកសហរដ្ឋអាម៉េរិកចេញពីទីភ្នាក់ងារ UN ជាច្រើនរួមទាំងអង្គការសុខភាពពិភពលោក ប្រទេសចិន បានឆក់យកឱកាសមាសនេះចូលខ្លួនមកបំពេញចន្លោះប្រហោងអំណាចភ្លាមៗ។ ទិន្នន័យបានបង្ហាញថា ចំនួនបុគ្គលិកសញ្ជាតិចិន នៅក្នុងប្រព័ន្ធ UN បានកើនឡើងរហូតដល់ ១,៦៤១នាក់កើនឡើង១ភាគ៣។ ទន្ទឹមនឹងការផ្តល់កម្មវិធីសូហ្វវែរ ប្រព័ន្ធរុករកផ្កាយរណប និងការគាំទ្រហិរញ្ញវត្ថុ ក្រុងប៉េកាំង បានផ្លាស់ប្តូរមកវិញនូវសំឡេងកាន់តែមានទម្ងន់ ក្នុងការកំណត់ច្បាប់ទម្លាប់អន្តរជាតិ តាមរយៈការតែងតាំងមន្ត្រីចិន និងការដាក់បញ្ចូលរបៀបវារៈរបស់ខ្លួនទៅក្នុងក្រុមប្រឹក្សាភិបាលនានា។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហ្វ៊ូ កុង (Fu Cong) ឯកអគ្គរដ្ឋទូតចិន ប្រចាំ UN បានថ្លែងថា ចិន មិនដែលអះអាងថា ខ្លួនមានអំណាចខ្លាំងជាងគេនៅក្នុង UN នោះទេ ប៉ុន្តែចិន រីករាយដែលបានឃើញសហគមន៍អន្តរជាតិ ចាប់អារម្មណ៍កាន់តែខ្លាំងលើទស្សនៈ និងគោលជំហររបស់ប្រទេសចិន។
ទោះជាយ៉ាងណា លោក ជើក វុលគី (Joerg Wuttke) អ្នកជំនាញការទូតចិននៅរដ្ឋធានីវ៉ាស៊ីនតោន បានលើកឡើងថា បទបញ្ជាប្រតិបត្តិរបស់លោក ដូណាល់ ត្រាំ ដែលបានដកអាម៉េរិកចេញពីស្ថាប័ន UN រហូតដល់៣១ស្ថាប័ននោះបានជំរុញឱ្យសហរដ្ឋអាម៉េរិកដើរចេញពីប្រព័ន្ធអន្តរជាតិយ៉ាងលឿនបំផុត។ ទង្វើនេះបានបន្សល់នូវចន្លោះប្រហោងអំណាចយ៉ាងធំធេងលើឆាកអន្តរជាតិ ដែលបើកផ្លូវឱ្យចិន និងប្រទេសមហាអំណាចផ្សេងទៀតចូលទៅក្រសោប និងបំពេញចន្លោះទំនេរទាំងនោះយ៉ាងពេញដៃ៕
អត្ថបទៈ សួន ឡង់ទី