ប្រទេសថៃ កំពុងដាក់គោលដៅទាក់ទាញការវិនិយោគក្នុងវិស័យបន្ទះឈីប និងឧស្សាហកម្មអេឡិចត្រូនិកឱ្យបានរហូតដល់ទៅ៨០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៥០ ដើម្បីពង្រឹងតួនាទីរបស់ខ្លួនក្នុងខ្សែច្រវាក់ផ្គត់ផ្គង់បច្ចេកវិទ្យាពិភពលោក។ ក្រោមផែនការរយៈពេលវែងនេះ ថៃ មានគោលដៅទាក់ទាញការវិនិយោគឱ្យបានប្រមាណ១០ពាន់លានដុល្លារនៅឆ្នាំ២០៣០ ដោយផ្តោតលើការរចនាបន្ទះឈីប គ្រឿងអេឡិចត្រូនិកទំនើប ការធ្វើតេស្ត និងឧស្សាហកម្មពាក់ព័ន្ធ។
រដ្ឋាភិបាលថៃ ក៏មានផែនការអភិវឌ្ឍធនធានមនុស្សក្នុងស្រុក និងទាក់ទាញក្រុមហ៊ុនអន្តរជាតិ ឱ្យមក
វិនិយោគលើការផលិតបន្ទះឈីប និងឧស្សាហកម្មគាំទ្រផងដែរ។ ថៃ មើលឃើញវិស័យនេះថា អាចក្លាយជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត ខណៈតម្រូវការបន្ទះឈីបកំពុងកើនឡើងដោយសារការរីកចម្រើននៃបច្ចេកវិទ្យា AI រថយន្តអគ្គិសនី ទូរសព្ទស្មាតហ្វូន និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ។
ផែនការដ៏មហិច្ឆតានេះ ក៏កើតឡើង ខណៈដែលប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ កំពុងប្រកួតប្រជែងគ្នាទាក់ទាញការវិនិយោគក្នុងវិស័យបន្ទះឈីប ដើម្បីពង្រឹងតួនាទីរបស់ខ្លួនក្នុងឧស្សាហកម្មបច្ចេកវិទ្យាពិភពលោក។ ប្រសិនបើអាចសម្រេចបានតាមគោលដៅមហិច្ឆតានេះ ថៃ រំពឹងថា វិស័យនេះនឹងបង្កើតការងារថ្មីៗ អភិវឌ្ឍកម្លាំងពលកម្មជំនាញខ្ពស់ និងពង្រឹងតួនាទីរបស់ខ្លួនក្នុងខ្សែច្រវាក់ផ្គត់ផ្គង់បច្ចេកវិទ្យាក្នុងតំបន់៕
ដោយ: តែម សុខុម