
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិមួយនៅទីក្រុងតូកឃ្យូប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ដ្រី ប្រតិភូ អមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា មិនដល់៦ខែទៀតនោះទេ ពោលគឺនៅមុនពេលបោះឆ្នោតជាតិចូលមកដល់ តម្លៃថាមពលអគ្គិសនីនៅកម្ពុជា នឹងចុះថោកជាងមុន សម្រាប់ការប្រើប្រាស់នៅក្នុងរោងកច្រសហគ្រាស។
ឯកឧត្តម បានបន្ថែមថា ការបង្កើតទីតាំងផលិតថាមពលអគ្គិសនីថ្មីៗជាច្រើនកន្លែងជាបន្ដបន្ទាប់ដូចជា ការបំប្លែងថាមអគ្គិសនីពីពន្លឺព្រះអាទិត្យតាមរយៈផ្ទាំងសូឡា ទំនប់វារីអគ្គិសនី និងថាមពលចំហេះធ្យូងថ្មជាដើមនោះ បាននិងកំពុងចាប់ផ្ដើមប្រតិបត្តិការជាបន្តបន្ទាប់ សម្រាប់បំពេញតម្រូវការនៅក្នុងស្រុក ពិសេសរោងចក្រសហគ្រាស។ ជាលទ្ធផល ចាប់ពីឆ្នាំ២០១៨នេះ កម្ពុជានឹងមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ដោយខ្លួនឯង ខណៈដែលជាច្រើនឆ្នាំកន្លងមកនេះ ថាមពលអគ្គិសនីរបស់កម្ពុជាមួយចំនួនត្រូវបានទិញពីប្រទេសថៃ និងវៀតណាម។
ជុំវិញការបញ្ចុះតម្លៃអគ្គិសនីថោកជាងមុននេះទៀតសោត ក៏ជាការសម្រួលមួយដល់ម្ចាស់រោងចក្រសហគ្រាស ដែលកន្លងមកបានដំឡើងប្រាក់ឈ្នួលអតិបរមាដល់កម្មករ រហូតដល់១៧០ដុល្លារក្នុងមួយខែ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ឯកឧត្តម សុខ ចិន្ដាសោភា។
ជាមួយគ្នានេះដែរ បើតាមការលើកឡើងរបស់ឯកឧត្តម ទី ណារិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា ម្ចាស់រោងចក្រសហគ្រាស នឹងបានឃើញតម្លៃអគ្គិសនីចុះថ្លៃនាពេលឆាប់ៗនេះ ពោលគឺនឹងចុះថ្លៃតិចជាង២០រៀលក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើប្រាស់នៅតាមសហគ្រាសពាណិជ្ជកម្ម និងឧស្សាហកម្ម។ ខណៈដែល តម្លៃអគ្គិសនីតាមផ្ទះ អាចចុះថ្លៃរហូតដល់២០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ហើយការអនុវត្តបញ្ចុះតម្លៃអគ្គិសនីនេះ អាចនឹងចាប់ផ្ដើមឡើងនៅក្នុងខែមេសាខាងមុខ។

សូមជម្រាបដែរថា ប្រភពថាមពលអគ្គិសនីប្រើប្រាស់នៅកម្ពុជាមាន២ប្រភព គឺប្រភពអគ្គិសនីដែលផលិតក្នុងស្រុក និងប្រភពអគ្គិសនីដែលបាននាំចូល។ នៅឆ្នាំ២០១៧ ប្រភពអគ្គិសនីក្នុងស្រុករបស់កម្ពុជាមានជាង១៨០០ មេហ្គាវ៉ាត់ ឬស្មើនឹងជាង៨១% នៃប្រភពថាមពលអគ្គិសនីសរុប ខណៈដែលប្រភពអគ្គិសនីនាំចូលមានជាង ៤០០ មេហ្គាវ៉ាត់ ឬស្មើនឹងប្រមាណជាង១៨%។ ដោយឡែកនៅឆ្នាំ២០១៨នេះ កម្ពុជារំពឹងថា នឹងបង្កើនប្រភពអគ្គិសនីក្នុងស្រុកឲ្យបានដល់ជាង ២២០០មេហ្គាវ៉ាត់ ឬស្មើនឹងជាង ៨៣% នៃប្រភពថាមពលអគ្គិសនីសរុប៕