វិនិយោគ​អាមេរិក

អាមេរិក​គ្រោង​បោះទុន ៥០០​លាន​ដុល្លារ វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា


ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​របស់​កម្ពុជា នា​ពេល​បច្ចុប្បន្ន ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ ខណៈ​ដែល​មាន​ម្ចាស់​រោងចក្រ​និង​សហគ្រាស​ជា​ច្រើន តែងតែ​ត្អូញត្អែរ​ជា​ដដែលៗ​ថា តម្លៃ​អគ្គិសនី​នៅ​កម្ពុជា នៅតែ​មាន​ខ្ពស់​ជា​ប្រទេស​ជិត​ខាង ដែល​ធ្វើ​ឲ្យ​ការ​ផលិត​របស់​រោងចក្រ​សហគ្រាស​ទាំង​នោះ លំបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ទីផ្សារ ពិសេស គឺ​ការ​នាំចេញ​តែ​ម្ដង។ មើល​ឃើញ​ពី​ភាព​ខ្វះ​ចន្លោះ​នេះ ក្រុមហ៊ុន​អាមេរិក​ធំ​មួយ គ្រោង​ចាយ​ទុន​ប្រមាណ ៥០០​លាន​ដុល្លារ វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា។
អាមេរិក​គ្រោង​បោះទុន ៥០០​លាន​ដុល្លារ វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា។
ដោយ

ក្រុមហ៊ុន OMNI NAVITAS ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​ថាមពល​ធំ​មួយ​របស់​អាមេរិក បាន​សម្លឹង​ឃើញ​ឱកាស​វិនិយោគ​ថាមពល​អគ្គិសនី ដោយ​ប្រើ​បន្ទះ​សូឡា​នៅ​កម្ពុជា ហើយ​បើ​តាម​ការ​អះអាង​ពី​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេះ បាន​គូស​បញ្ជាក់​ថា ក្រុមហ៊ុន​ខ្លួន​គ្រោង​នឹង​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ៥០០​លាន​ដុល្លារ ដើម្បី​សាងសង់​ប្រព័ន្ធ​ថាមពល​សូឡា​នៅ​កម្ពុជា ជាមួយ​នឹង​ថាមពល​អគ្គិសនី​​ទំហំ ១៥០​មេហ្គាវ៉ាត់។

លោក Jim McAuliffe នាយក​​ប្រតិបត្តិ​​ក្រុមហ៊ុន OMNI NAVITAS បាន​​លើក​​ឡើង​​ថា ក្រុមហ៊ុន​​របស់​​លោក​​បាន​​សិក្សា​​​ពី​​ទីផ្សារ​កម្ពុជា​ជា​យូរ​​មក​​ហើយ ហើយ​បច្ចុប្បន្ន លោក​​កំពុង​​ស្វែងរក​​កិច្ច​​គាំទ្រ​ពី​​រាជ​​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អាច​សម្រួល​ដល់​គម្រោង​នេះ ឲ្យ​​ចេញ​​ជា​លទ្ធផល​ក្នុង​ពេល​ឆាប់​ខាង​មុខៗ។ 

លោក​បន្ថែម​ថា គម្រោង​វិនិយោគ​លើ​ប្រព័ន្ធ​ថាមពល​សូឡា​នេះ កំពុង​ត្រូវ​បាន​សិក្សា​ទីតាំង​នៅ​ខេត្ត​កោះកុង សម្រាប់​​រៀបចំ​​ដំឡើង​​ប្រព័ន្ធ​បន្ទះ​សូឡា ដែល​មាន​ផ្ទៃ​ដី​ប្រមាណ ៥០០​ហិកតា និង​ផ្ដល់​នូវ​កាងារ​ជូន​កម្មករ​ខ្មែរ​ប្រមាណ ៣​ពាន់​នាក់​ផង​ដែរ។

លោក ប៊ូ បញ្ញា ដៃគូ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន OMNICAM ដែល​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ ត្រូវ​បាន​បង្កើត​ឡើង​រវាង​ការ​សហវិនិយោគ​ជាមួយ​ក្រុមហ៊ុន​អាមេរិក OMNI NAVITAS បាន​លើក​ឡើង​ថា ការ​ចូលមក​របស់​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ ក៏​ត្រូវ​បាន​ចូលរួម​សហវិនិយោគ ជាមួយ​នឹង​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែរ ពោល​គឺ​ក្រុមហ៊ុន OMNI NAVITAS របស់​អាមេរិក​មាន​ភាគហ៊ុន ៥១% និង​ក្រុមហ៊ុន​ក្នុង​ស្រុក​មាន​ភាគហ៊ុន ៤៩%។

ក្រុមហ៊ុន OMNI NAVITAS របស់​អាមេរិក គ្រោង​វិនិយោគ​ ៥០០​លាន​ដុល្លារ លើ​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ (សូឡា) នៅ​កម្ពុជា។

លោក​បន្ថែម​ថា ថាមពល​អគ្គិសនី​ដែល​ផលិតបាន នឹង​ត្រូវ​លក់​ជូន​ទៅ​កាន់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា EDC ដើម្បី​ផ្គត់ផ្គង់​ការ​ប្រើប្រាស់​ក្នុង​ប្រទេស។ រីឯ​តម្លៃ​ដែល​ដាក់ជូន​ទៅ​កាន់ EDC គឺ​មានតម្លៃ ៩​សេន​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង និង​សុំ​ដំឡើង​តម្លៃ​បន្ដិចបន្តួចជាប្រចាំឆ្នាំ តែយ៉ាងណា តម្លៃនេះ នឹងមានការចរចាគ្នាជាថ្មីម្ដងទៀតជាមួយនឹង EDC ខណៈ​ដែល​តម្លៃ​ថាមពល​អគ្គិសនី​ដែល​ក្រុមហ៊ុន​ចិន​ផលិត​លក់​មក​ឲ្យ EDC នា​ពេល​បច្ចុប្បន្ន មាន​តម្លៃ​ប្រមាណ​ជាង ៧​សេន ទៅ ៨​សេន ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។ 

លោក​​បន្ត​​ថា ប្រសិនបើ​គម្រោង​នេះ​នឹង​ត្រូវ​បាន​គាំទ្រ​ឲ្យ​ដំណើរការ​ពេញ​លេញ នោះ​ការ​សាងសង់​ដំឡើង​ថាមពលពន្លឺព្រះអាទិត្យដោយប្រើបន្ទះសូឡានេះ នឹងចំណាយពេលប្រមាណ១ឆ្នាំប៉ុណ្ណោះ នឹងរួចរាល់ហើយ។ 

យ៉ាង​ណា​ក៏​ដោយ​ចុះ លោក ប៊ូ បញ្ញា ជឿ​ជាក់​ថា រាជ​រដ្ឋាភិបាល​នឹង​ជួយ​គាំទ្រ​ដល់​គម្រោង​វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​នេះ ដើម្បី​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី​កម្ពុជា​កាន់​តែ​មាន​ភាព​ពេញ​លេញ និង​ប្រកួត​ប្រជែង ក៏​ដូចជា​ការ​បើក​ទ្វារ​ឲ្យ​វិនិយោគិន​បរទេស ពិសេស វិនិយោគិន​អាមេរិក ចូល​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ផង​ដែរ។

ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ដែរ​ថា ក្រសួង​ពាណិជ្ជកម្ម​សាទរ​ចំពោះ​ការ​ចាប់​អារម្មណ៍​របស់​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ មក​លើ​ទីផ្សារ​កម្ពុជា និង​គាំទ្រ​ដល់​ការ​វិនិយោគ​ក្នុង​វិស័យ​អគ្គិសនី​នៅ​កម្ពុជា ព្រោះ​ថា បច្ចុប្បន្ន កម្ពុជា​ក៏​កំពុង​ខ្វះ​ខាត​ថាមពល​អគ្គិសនី​ប្រើប្រាស់​ផង​ដែរ។ ប៉ុន្ដែ ឯកឧត្តម​សង្ឃឹម​ថា ក្រុមហ៊ុន​នឹង​ពិចារណា​ធ្វើ​យ៉ាងណា​ឲ្យ​តម្លៃ​មាន​ទាប ឬ​ស្មើ​នឹង​ក្រុមហ៊ុន​ផ្គត់ផ្គង់​នា​ពេល​បច្ចុប្បន្ន នោះ​ទើប​អាច​ធានា​បាន​នូវ​ភាព​ប្រកួត​ប្រជែង​ទីផ្សារ។ 

ទោះយ៉ាង​ណា ឯកឧត្តម​បាន​គូស​បញ្ជាក់​ថា នៅ​ប្រមាណ​២​ឆ្នាំ​ទៀត ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​របស់​កម្ពុជា នឹង​មាន​សមត្ថភាព​កើន​ឡើង​ច្រើន​ទៀត ព្រោះថា បច្ចុប្បន្ន កម្ពុជា​ក៏​មាន​ទំនប់​វារី​អគ្គិសនី​ធំៗ​ជាច្រើន​ត្រូវ​បាន​និង​កំពុង​បង្កើត​ឡើង ដែល​នឹង​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​កាន់​តែ​ធំ​ជាង​មុន​ផងដែរ។

សូម​ជ្រាប​ដែរ​ថា បើ​តាម​របាយការណ៍​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​បង្ហាញ​ថា បច្ចុប្បន្ន កម្ពុជា​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​ប្រើប្រាស់​ក្នុង​ស្រុក​ប្រមាណ​ជាង ៨០% ហើយ ខណៈ​ដែល​ជិត ២០%​ទៀត ត្រូវ​បាន​ទិញ​ពី​ប្រទេស​ជិត​ខាង។ ទន្ទឹម​នឹង​នេះ ក្នុង​ឆ្នាំ​២០១៧ កន្លង​ទៅ អានុភាព​សរុប​នៃ​ថាមពល​អគ្គិសនី ដែល​កម្ពុជា​បាន​ប្រើប្រាស់ មាន​ប្រមាណ​ជាង ២.២៨៤ មេហ្គាវ៉ាត់ កើន​ឡើង​ប្រមាណ ១១%  ធៀបនឹង​ឆ្នាំ​២០១៦ ដែល​មាន​ប្រមាណ​តែ​ជាង ២.១១៥ មេហ្គាវ៉ាត់។

ប្រភព​អគ្គិសនី​ដែល​ផលិត​ឡើង​ក្នុង​ស្រុក​មាន​ដូចជា ប្រភព​ដុត​ធ្យូង​ថ្ម វារី​អគ្គិសនី ដុត​ប្រេង ប្រភព​កកើត​ឡើង​វិញ និង​ប្រភព​ផ្ទាល់​ខ្លួន​របស់​អ្នក​ចែកចាយ។ ក្នុង​នោះ គិត​ត្រឹម​ឆ្នាំ​២០១៧ ប្រភព​វារី​អគ្គិសនី​ត្រូវ​បាន​កត់​សម្គាល់​ឃើញ​ថា មាន​ទំហំ​នៃ​ការ​ផ្គត់ផ្គង់​ច្រើន​ជាង ពោល​គឺ​មាន ៩៧៩​មេហ្គាវ៉ាត់ ប្រភព​ធ្យូងថ្ម មាន ៥៣៨ មេហ្គាវ៉ាត់ និង​ប្រភព​ថាមពល​កកើត​ឡើង​វិញ មាន ៨៤​មេហ្គាវ៉ាត់។ រីឯ​តម្លៃ​អគ្គិសនី​អប្បបរមា សម្រាប់​ការ​ប្រើប្រាស់​បច្ចុប្បន្ន​មាន​ចាប់​ពី​ក្រោម ឬ​ស្មើ ៧៩០​រៀល និង​អតិបរមា មាន​ដល់ ២៦០០​រៀល ដល់ ៣០០០​រៀល។ ទោះ​យ៉ាង​ណា តម្លៃ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា នៅតែ​មាន​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង​នៅ​ឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នំបរទេសកំពុងវាយលុកទីផ្សារកម្ពុជា ខណៈនំខ្មែរបាត់បង់ជាបណ្តើរៗហើយ

ព័ត៌មាន
នំខ្មែរ ដែលធ្លាប់តែមានការពេញនិយមច្រើនពីសំណាក់អតិថិជន បែរជាបាននិង​កំពុងបាត់បង់ការគាំទ្របន្តិចម្តងៗ ស្ទើរលែងស្គាល់ឈ្មោះទៅហើយ បន្ទាប់ពីយុ…

សណ្ឋាគារ​ InterContinental សម្រេច​ប្តូរ​ឈ្មោះ​ថ្មី​ហើយ ក្រោយ​ពី​បាន​ដំណើរការ​២០​ឆ្នាំ​នៅ​កម្ពុជា!

ព័ត៌មាន
ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​ត​ទៅ សណ្ឋាគារ InterContinental ឬ​គេនិយម​ហៅ​ថា អ៊ីធើខន នឹង​ត្រូវ​ប្តូរ​ឈ្មោះ​ទៅ​ជា The Great Duke …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ