តាម Bloomberg បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៤ ខែកុម្ភៈ ទ្រព្យសម្បត្តិរបស់លោក Elon Musk នៅមានប្រមាណ ១៨៣ ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យលោកធ្លាក់ពីតំណែងកំពូលមហាសេដ្ឋីលេខមួយក្នុងលោក មកឈរនៅលេខ២វិញ ពោលគឺនៅពីក្រោយលោក Jeff Bezos ដែលមានទ្រព្យសម្បត្តិសរុប១៨៦ពាន់លានដុល្លារ។
ហេតុផលដែលធ្វើឲ្យលោក Musk ធ្លាក់ចុះទ្រព្យសម្បត្តិក្នុងពេលដ៏ខ្លីបែបនេះ គឺដោយសារតែតម្លៃភាគហ៊ុន Tesla របស់លោក មានការធ្លាក់ចុះជាលំដាប់នៅដើមសប្ដាហ៍នេះ។ គិតត្រឹមព្រឹកថ្ងៃទី ២៣ កុម្ភៈ ភាគហ៊ុនរបស់ Tesla បានរអិលធ្លាក់ចុះជិត ១៣% បន្ទាប់ពីបានធ្លាក់ចុះ ៨,៥% កាលពីថ្ងៃទី២២ កុម្ភៈ។ ការធ្លាក់ចុះនេះ គឺជាការធ្លាក់ចុះមិនធ្លាប់មាននោះទេ គិតតាំងពីខែកញ្ញាឆ្នាំមុនមក។
លោក Musk មានសុទិដ្ឋិនិយមខ្លាំងស្ទើរតែនៅគ្រប់ទម្រង់នៃ រូបិយវត្ថុឌីជីថល (Cryptocurrency) ប៉ុន្ដែ ឥឡូវនេះ ភាគហ៊ុនរបស់ Tesla គឺកាន់តែមានទំនាក់ទំនងជាមួយនឹងភាពជោគជ័យ ឬបរាជ័យ របស់រូបិយវត្ថុឌីជីថល កាក់ Bitcoin។
បើតាមឯកសារដែលក្រុមហ៊ុន Tesla បានដាក់ជូនទៅកាន់និយ័តករផ្សារមូលបត្របានឲ្យដឹងថា លោក Musk បានប្រើប្រាស់ក្រុមហ៊ុន Tesla ដើម្បីទិញយកកាក់ Bitcoin ក្នុងតម្លៃដល់ទៅ ១ពាន់៥រយលានដុល្លារអាមេរិកកាលពីដើមខែកុម្ភៈ ហើយឥឡូវនេះ មានប្រហែល៣% នៃសាច់ប្រាក់ក្នុងដៃរបស់ក្រុមហ៊ុន Tesla គឺត្រូវបានប្ដូរទៅជារូបិយវត្ថុឌីជីថលកាក់ Bitcoin វិញ។
តម្លៃរបស់ Bitcoin កំពុងជួបប្រទេសការធ្លាក់ចុះខ្លាំង ដោយបានធ្លាក់ចុះប្រហែល១២% កាលពីថ្ងៃទី ២៣ ខែកុម្ភៈ៕