ជាមួយនឹងជើងហោះហើរថ្មីនេះ អេមីរ៉ាត ក៏ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ទី៣៧ហើយ ដែលប្រតិបត្តិការជើងហោះហើរមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ហើយជាមួយនឹងជើងហោះហើរពីទីក្រុង ឌូបៃ មកកាន់រាជធានីភ្នំពេញ ដោយសំចតមួយរយៈពេលខ្លីនៅទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា អាកាសចរណ៍ អេមីរ៉ាត បានពង្រីកគោលដៅហោះហើរទៅ ១៣ទីក្រុង នៅក្នុង ៨ប្រទេស នៃតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងសន្និសីទសារព័ត៌មាន នៅក្រោយការសម្ពោធជើងហោះហើរទីមួយមកកាន់រាជធានីភ្នំពេញ លោក Badr Abbas អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន អេមីរ៉ាត ថ្លែងថា ជើងហោះហើរថ្មីនេះ នឹងផ្ដល់ជម្រើសនិងភាពងាយស្រួលបន្ថែមទៀត សម្រាប់អ្នកទេសចរធ្វើដំណើរពីភ្នំពេញទៅទីក្រុងឌូបៃ និងប្រទេសជាច្រើនទៀត ដែលស្ថិតនៅក្នុងបណ្ដាញជើងហោះហើរជាង ១៥០ទិសដៅជុំវិញពិភពលោក។
លោក Abbas ថ្លែងផងដែរថា សេវាថ្មីនេះក៏តភ្ជាប់ទីក្រុងភ្នំពេញ និងទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា ផងដែរ សម្រាប់បម្រើកំណើនវិស័យទេសចរណ៍រវាងប្រទេសអាស៊ានទាំងពីរនេះ។
បន្ថែមលើនេះ អនុប្រធានជាន់ខ្ពស់នៃអាកាសចរណ៍ អេមីរ៉ាត ដដែល រំពឹងថា តាមរយៈជើងហោះហើរ ឌូបៃ-ភ្នំពេញនេះ កម្ពុជានឹងទទួលបានអ្នកដំណើរជាធុរជនច្រើនថែមទៀតមកពី អារ៉ាប់ អេមីរ៉ាត មជ្ឈិមបូព៌ា និងប្រទេសជាច្រើនទៀតនៅអឺរ៉ុប។
ឯកឧត្តម ម៉ៅ ហាស់វណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជើងហោះហើរ ឌូបៃ-ភ្នំពេញ គឺជាលទ្ធផលនៃការចរចាគ្នារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត ដែលចាប់ផ្ដើមតាំងពីឆ្នាំ២០១៤មកម្ល៉េះ។ ឯកឧត្ដមបន្ថែមថា ការតភ្ជាប់ជើងហោះហើរថ្មីរបស់ អេមីរ៉ាត នឹងជួយបំពេញតម្រូវការនៃកំណើនវិស័យទេសចរណ៍ និងផ្ដល់ជម្រើសច្រើនថែមទៀតដល់ប្រជាពលរដ្ឋកម្ពុជា ដែលធ្វើដំណើរទៅកាន់ប្រទេសនានានៅទូទាំងពិភពលោក។
នៅក្នុងសន្និសីទសារព័ត៌មានដដែល លោក Eric Delobel អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា (Cambodia Airports) ដែលគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានប្រសាសន៍ថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បាននាំមកនូវឱកាសជាច្រើន តាមរយៈការតភ្ជាប់ព្រលានយន្តហោះ និងកិត្តិយសរបស់ប្រទេសកម្ពុជា។
លោកថា នេះជាផ្លែការនៃកិច្ចសហប្រតិបត្តិការរវាងអាកាសចរណ៍ អេមីរ៉ាត ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលបានចាប់ផ្ដើមជាច្រើនឆ្នាំមកហើយ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត ត្រូវបានចាត់ថ្នាក់ជាអាកាសចរណ៍ល្អបំផុតនៅលើពិភពលោកប្រចាំឆ្នាំ២០១៧ ដោយក្រុមហ៊ុន TripAdvisor ហើយក្រុមហ៊ុន អេមីរ៉ាត ជាអាកាសចរណ៍ដំបូងគេបង្អស់ហើយដែលប្រើយន្តហោះប្រភេទ Boeing 777 នៅកម្ពុជា។
នៅឆ្នាំ២០១៦ ចំនួនអ្នកដំណើរតាមអាកាសឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានសរុប ៧លាននាក់។ ហើយនៅកម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិចំនួន ៣ គឺនៅភ្នំពេញ នៅខេត្តសៀមរាប និងនៅខេត្តព្រះសីហនុ៕