បើតាមអង្គការ សមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) មុននឹងញាស់ សំបុកសត្វត្រដក់ធំដ៏កម្រនេះ ត្រូវបានការពារនិងថែរក្សាយ៉ាងល្អ ពីមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន ប្រជាជនមូលដ្ឋាននៅព្រែកទាល់ និងមន្ត្រីអង្គការ WCS។
លោក ឈន ឈូម គឺជាអតីតអ្នកប្រមូលពងកូនសត្វស្លាបទឹក ប៉ុន្តែ បច្ចុប្បន្ន លោកជាអ្នកអភិរក្សសំបុកសត្វស្លាបនៅតំបន់ រ៉ាមសារ ព្រែកទាល់។
លោកថ្លែងថា ៖ «ខ្ញុំមានមោទនភាពដែលបានធ្វើការជាមួយក្រុមអ្នកអភិរក្សដើម្បីការពារសត្វស្លាបដ៏កម្រនេះ។ ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលឃើញសត្វត្រដក់ធំ និងសត្វស្លាបទឹកដទៃទៀត រស់នៅនិងពងកូននៅទីនេះដោយសុវត្ថិភាព»។
សត្វត្រដក់ធំ គឺជាប្រភេទត្រដក់មានមាឌធំជាងគេបំផុត និងមានកម្ពស់ដល់ទៅ ១ម៉ែត្រកន្លះ។ សត្វស្លាបប្រភេទនេះ ស្ថិតក្នុងបញ្ជីអង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជនៅលើសកលលោក។
សព្វថ្ងៃ នៅទូទាំងពិភពលោក មានសត្វត្រដក់ពេញវ័យតែ ៨០០ ទៅ ១០០០ក្បាលប៉ុណ្ណោះ កំពុងរស់នៅ ហើយក្នុងនោះ នៅតំបន់រ៉ាមសារ ព្រែកទាល់ របស់កម្ពុជា ដែលជាបន្ទាយពងកូនចុងក្រោយគេបង្អស់នៅអាស៊ីអាគ្នេយ៍ មានសត្វត្រដក់ធំចំនួន ១៥០ ទៅ ២០០គូ កំពុងរស់នៅ។
លោក ស៊ុន វិសាល មន្ត្រីអង្កេតតាមដាននិងស្រាវជ្រាវសត្វស្លាបទឹកនៃក្រសួងបរិស្ថាន និងអង្គការ WCS ថ្លែងថា ៖ ព្រែកទាល់គឺជាជម្រកសត្វស្លាបទឹកដ៏សំខាន់បំផុតនៅកម្ពុជា។ សត្វស្លាបទឹកជាង ១៣០ប្រភេទ កំពុងរស់នៅនិងពងកូននៅតំបន់រ៉ាមសារ ព្រែកទាល់នេះ។
មន្ត្រីបរិស្ថានដដែលនេះ អំពាវនាវដល់ប្រជាសហគមន៍ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេស ម្ចាស់ជំនួយ សូមបន្តការគាំទ្រដល់សកម្មភាពអភិរក្សតំបន់ព្រែកទាល់នេះ ដើម្បីការពារសត្វស្លាបទឹកសំខាន់ៗនិងកម្រៗ ព្រមទាំងជម្រកពួកវាកុំឲ្យបាត់បង់៕