ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបញ្ជាក់នៅក្នុងសារព័ត៌មាន Vietnam Express ថា ការសម្រេចចិត្តបិទព្រំដែនរយៈពេល ៣០ថ្ងៃ ចាប់តាំងតែពីថ្ងៃទី ១៧ មីនា កន្លងមក របស់សហភាពអឺរ៉ុបនេះ គឺនឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញវៀតណាមថយចុះជាងមុន ៨%។
បើទោះបីជាការបិទព្រំដែនរបស់អឺរ៉ុបនេះ មិនបានកំណត់លើទំនិញក៏ដោយ ប៉ុន្ដែ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម រំពឹងថា វិធានការសុវត្ថិភាពរបស់សហភាពអឺរ៉ុប ដែលជាទីផ្សារធំបំផុតទី២ របស់វៀតណាម បន្ទាប់ពីអាមេរិកនេះ នឹងធ្វើឲ្យពាណិជ្ជកម្ម និងការប្រើប្រាស់មានការធ្លាក់ចុះអន់ថយ។
ការដឹកជញ្ជូនទំនិញតាមយន្ដហោះ នឹងត្រូវប្រឈមនឹងបញ្ហា ដោយសារតែការរឹតត្បឹតលើការហោះហើរ ខណៈដែលតម្រូវការនៃផលិតផលនាំចេញតម្លៃរាប់ពាន់លានដុល្លាររបស់វៀតណាម ដូចជាវាយនភណ្ឌ ស្បែកជើង កុំព្យូទ័រ និងទូរស័ព្ទស្មាតហ្វូនជាដើម នឹងមានការថមថយចុះជាងមុន។ នេះបើតាមការគូសបញ្ជាក់របស់ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។
ជាមួយគ្នានេះដែរ អ្នកនាំចេញវៀតណាមក៏បានបង្ហាញពីការព្រួយបារម្ភចំពោះការរឹតត្បិតនេះដែរ។
លោក ផាម សៀន ហុង ប្រធានសមាគមកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌ ទីក្រុងហូជីមិញ បាននិយាយថា ដោយសារតែសហភាពអឺរ៉ុបបញ្ជាទិញជាង ១១% នៃផលិតផលវាយនភណ្ឌនាំចេញរបស់វៀតណាម ដូច្នេះ ឧស្សាហកម្មនេះ អាចនឹងជួបផលប៉ះពាល់ ប្រសិនបើអ្នកបញ្ជាទិញអឺរ៉ុប ផ្អាកការបញ្ជាទិញ។
ការនាំចេញសរុបទៅអឺរ៉ុប របស់ប្រទេសវៀតណាម កាលពីឆ្នាំមុន មានតម្លៃជាង ៤១ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១% ធៀបនឹងឆ្នាំ២០១៨ ក្នុងនោះ ផលិតផលសំខាន់ៗមានដូចជា វាយនភណ្ឌ ស្បែកជើង គ្រឿងម៉ាស៊ីន និងផលិតផលកសិកម្ម ហើយក្នុងនោះ ប្រទេសអាល្លឺម៉ង់ គឺជាទីផ្សារធំបំផុតក្នុងចំណោមប្រទេសជាសមាជិកសហភាពអឺរ៉ុបផ្សេងទៀត។
មិនមែនមានតែការនាំចេញវាយនភណ្ឌ និងស្បែកជើង របស់វៀតណាម ដែលត្រូវជួបបញ្ហាដោយសារតែអឺរ៉ុបកំពុងរឹតត្បិតព្រំដែននោះទេ។ បើយើងក្រឡេកមកមើលប្រទេសកម្ពុជាយើងឯណោះវិញ ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង ក៏កំពុងមានបញ្ហាប្រឈមដែរ។
ជាក់ស្ដែង បើតាមប្រធានសមាគមរោងចក្រ កាត់ដេរកម្ពុជា លោកឧកញ៉ា វ៉ាន់ ស៊ូអៀង កាលពីពេលថ្មីៗនេះ បានថ្លែងប្រាប់ភីអិនអិនថា ដោយសារតែបញ្ហាCovid-19 នេះ អ្នកបញ្ជាទិញអឺរ៉ុប រួមទាំងអ្នកបញ្ជាទិញពីអាមេរិកផងដែរ បានប្រាប់ឲ្យរោងចក្រកាត់ដេរមួយចំនួននៅកម្ពុជា ត្រូវបន្ដផ្អាកប្រតិបត្តិការផលិតរបស់ខ្លួនបន្ដទៀត។ ការស្នើឲ្យមានការផ្អាកប្រតិបត្តិការផលិតនេះ គឺធ្វើឡើងបន្ទាប់ពីរោងចក្រកាត់ដេរទាំងនោះ ទើបតែទទួលបានវត្ថុធាតុដើមពីប្រទេសចិន ដើម្បីផលិតបន្ដ ប៉ុន្ដែ ក៏ត្រូវតម្រូវឲ្យផ្អាកសកម្មភាពផលិតបន្ដទៀត ព្រោះតែមានការស្នើពីប្រទេសអ្នកបញ្ជាទិញ។
របាយការណ៍ពីក្រសួងពាណិជ្ជកម្មកម្ពុជា បង្ហាញថា សម្រាប់ខែមីនា ឆ្នាំ២០២០នេះ ការនាំចេញទៅអឺរ៉ុបមានប្រមាណតែជាង ២៥៥ លានដុល្លារអាមេរិកប៉ុណ្ណោះ ធ្លាក់ចុះប្រមាណ ២៧៤ លានដុល្លារអាមេរិក កាលពីខែកុម្ភៈ គិតជាអត្រាភាគរយ គឺមានមានការថយចុះ ៧%៕