តាមរយ: Twitter លោក Joseph Borrell Fontelles បាននិយាយដូច្នេះថា “ខ្ញុំបានជួបជាមួយរដ្ឋមន្រ្តីការបរទេស #កម្ពុជា លោក ប្រាក់ សុខុន នៅខាងក្រៅ #កិច្ចប្រជុំអាស៊ី-អឺរ៉ុប។ យើងបាននិយាយអំពីលទ្ធភាពនៃការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម។ កិច្ចប្រឹងប្រែងនៅតែត្រូវការបន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។”
កាលពីខែវិច្ឆិកា កន្លងមកនេះ គណៈកម្មការអឺរ៉ុបបានបញ្ចប់នូវរបាយការណ៍ស៊ើបអង្កេតបឋមរបស់ខ្លួន អំពីប្រព័ន្ធអនុគ្រោះពន្ធសម្រាប់កម្ពុជា និងទុកពេលឲ្យកម្ពុជា ០១ខែ ដើម្បីឆ្លើយតប មុននឹងសម្រេចថា ដក EBA ឬអត់ ពីកម្ពុជា នៅខែកុម្ភៈ ឆ្នាំក្រោយ។
ក្រសួងការបរទេសកម្ពុជា បានឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់សហភាពអឺរ៉ុបរួចហើយ កាលពីថ្ងៃទី១២ ខែធ្នូនេះ ហើយបានអំពាវនាវឲ្យអឺរ៉ុប ពិចារណាអំពីផលប៉ះពាល់ដល់កម្មការិនីប្រមាណជិត ១លាននាក់ បើសិនជាសម្រេចដក EBA នោះ។
សហភាពអឺរ៉ុប បានព្រមានថា គេអាចនឹងដក EBA ពីកម្ពុជាជាបណ្តោះអាសន្ន បន្ទាប់ពីមានការចោទប្រកាន់ថា មានការធ្លាក់ចុះខាងផ្នែកសិទ្ធិមនុស្ស និងនយោបាយ។
លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលជាប់ឃុំនិងទទួលរងការចោទប្រកាន់ពីបទក្បត់ជាតិអស់រយៈពេលជាង ២ឆ្នាំមកហើយនោះ នឹងមានការជំនុំជម្រះក្តី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បាននិយាយតាមសារតេឡេក្រាម នៅថ្ងៃចន្ទ ទី១៦ ខែធ្នូនេះ ថា ពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិធ្វើនយោបាយ ដោយទូលំទូលាយ តែត្រូវធ្វើដោយ សុចរិត ហើយបាននិយាយបន្តថា គំនិតមិនចង់ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសផ្សេងៗ គឺជាល្បិចកលចង់ទុកឲ្យកម្ពុជាស្លាប់ដោយសារអត់ EBA៕