លោក ចេណេស ឡេណាស៊ីក (Janez Lenarcic) ប្រធានផ្នែកគ្រប់គ្រងវិបត្តិ និងជំនួយមនុស្សធម៌របស់សហភាពអឺរ៉ុប បានថ្លែងក្នុងពិធីបើកសន្និសីទមនុស្សធម៌នៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នៅដើមសប្តាហ៍នេះថា ទោះបីមានការកាត់បន្ថយបន្តិច តែថវិកាជំនួយមនុស្សធម៌នេះ គឺជាចំនួនដ៏ច្រើនមួយ ប៉ុន្តែវាក៏អាចនឹងកើនឡើងថែមទៀតផងដែរ។
ទោះជាយ៉ាងណាក៏ដោយ គម្រោងការចំណាយសម្រាប់ជំនួយមនុស្សធម៌នៅឆ្នាំនេះ គឺតិចជាងកាលពីឆ្នាំមុន ដែលពេលនោះរដ្ឋជាសមាជិកសហភាពអឺរ៉ុប និងគណៈកម្មការប្រតិបត្តិរបស់ប្លុកនេះ បានផ្ដល់ជំនួយមនុស្សធម៌សរុបជាង៩ពាន់លានដុល្លារ ប៉ុន្តែសហភាពអឺរ៉ុប មិនបានលាតត្រដាងពីមូលហេតុនៃការបន្ថយជំនួយនេះទេ។
អង្គការសហប្រជាជាតិបាននិយាយថា មនុស្សប្រមាណ៣០០លាននាក់ កំពុងត្រូវការជំនួយមនុស្សធម៌ ដែលពួកគេភាគច្រើនរងគ្រោះដោយសារជម្លោះ និងការប្រែប្រួលអាកាសធាតុ ហើយ អង្គការនេះ បានប៉ាន់ប្រមាណថា គម្លាតមូលនិធិទូទាំងពិភពលោក មានជិត៥០ពាន់លានដុល្លារអាម៉េរិក។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេហ្វ បូរែល (Josep Borrell) បាននិយាយថា បច្ចុប្បន្នមានមនុស្សត្រូវការជំនួយសង្គ្រោះបន្ទាន់ច្រើនជាងពេលមុនៗ ហើយថា ស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវការជំនួយខ្លាំងជាងគេបំផុត។ លោក បូរែល បាននិយាយថា ពលរដ្ឋនៅតំបន់ហ្កាហ្សា កំពុងស្ថិតក្នុងគ្រោះទុរ្ភិក្សទៀត ហើយថា អ៊ីស្រាអែលកំពុងប្រើការអត់អាហារធ្វើជាអាវុធក្នុងសង្គ្រាម៕
អត្ថបទ៖ សុខ ជា