លោក ធឺរី ប្រីតុន (Thierry Breton) ស្នងការទីផ្សារផ្ទៃក្នុងរបស់សហភាពអឺរ៉ុប បានប្រាប់សមាជិកសភានៅក្នុងសន្និសីទសារព័ត៌មាននាទីក្រុងព្រុចសែលកាលពីថ្ងៃព្រហស្បតិ៍ថា គណៈកម្មការអឺរ៉ុប ដែលជាលេខាធិការដ្ឋានរបស់ប្លុកនេះ ក៏នឹងដកឧបករណ៍របស់ក្រុមហ៊ុន Huawei និង ZTE ចេញពីការិយាល័យរបស់ពួកគេនៅទូទាំងទ្វីបអឺរ៉ុបដែរ។ លោក ប្រីតុន បានបន្ថែមថា គណៈកម្មការអឺរ៉ុបនឹងផ្តល់អនុសាសន៍ឱ្យសភា និងក្រុមប្រឹក្សាអឺរ៉ុប អនុវត្តតាមក្រោយ។ បម្រាមរបស់សហភាពអឺរ៉ុបនឹងអនុវត្តទាំងលើកិច្ចសន្យាថ្មី ទាំងលើកិច្ចសន្យាដែលមានស្រាប់។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អឺរ៉ុបធ្វើឡើងស្របតាមរបាយការណ៍មួយស្តីពីប្រព័ន្ធបណ្តាញ 5G ដែលថា «ការដក Huawei និងបណ្តាញ ZTE ចេញពីបណ្តាញប្រើប្រាស់ 5G នៅក្នុងប្រទេសអឺរ៉ុបគឺត្រឹមត្រូវ និងអនុលោមតាមច្បាប់»។
ទោះយ៉ាងណា គេមិនដឹងទេថា តើហានិភ័យខ្ពស់នោះជាអ្វីឱ្យពិតប្រាកដ ប៉ុន្តែយោងតាមរបាយការណ៍មួយរបស់សហភាពអឺរ៉ុប ក្រុមហ៊ុនចិនខាងលើអាចរងឥទ្ធិពលពីប្រទេសទីបី ដែលមានច្បាប់និងអភិបាលកិច្ចក្រុមហ៊ុនតាមរបៀបមួយដែលអាចបង្កគ្រោះថ្នាក់ផ្នែកសន្តិសុខចំពោះសហភាពអឺរ៉ុប។ របាយការណ៍នោះថែមទាំងបញ្ជាក់ថា សមាជិកសហភាពនេះត្រូវតែដាក់បម្រាមលើអ្នកផ្គត់ផ្គង់ទាំងឡាយដែលមានហានិភ័យ ដោយគ្មានការពន្យា។
ប៉ុន្តែការដកផលិតផលក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ចេញពីបណ្តាញអ៊ីនធឺណិតដែលត្រូវបានប្រើប្រាស់ជាប្រចាំនៅក្នុងប្រទេសសមាជិកសហភាពអឺរ៉ុប បង្ហាញពីការប្រឈមយ៉ាងខ្លាំង ដោយសារការវិនិយោគដ៏ធំដែលរដ្ឋាភិបាលប្រទេសអឺរ៉ុបបានពឹងផ្អែកខ្លាំងលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនទាំងនេះ។ ការសិក្សាមួយនៅឆ្នាំ២០២២ ដោយក្រុមហ៊ុនស្រាវជ្រាវ ស្ត្រាន ខនសាល់ (Strand Consult) បានរកឃើញថា សមាជិកមួយនៃសហភាពអឺរ៉ុបគឺប្រទេស ស៊ីប ពឺងផ្អែកទាំងស្រុង ១០០ ភាគរយ លើបណ្តាញ 5G របស់ប្រទេសចិន។ នៅប្រទេសរូម៉ានី មាន ៧៦ ភាគរយប្រើរបស់ចិន និងនៅក្នុងប្រទេសហូឡង់ មាន ៧២ ភាគរយ។ នេះគឺបង្ហាញថា ប្រទេសសមាជិកអឺរ៉ុបបានពឹងផ្អែកយ៉ាងខ្លាំងលើបណ្តាញអ៊ីនធឺណិតរបស់ប្រទេសចិន។
សូមរំលេចថា សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនេះកើតឡើងនៅពេលដែលខ្លួនគ្រោងចេញយុទ្ធសាស្ត្រសន្តិសុខសេដ្ឋកិច្ចថ្មីមួយនៅសប្តាហ៍ក្រោយ។ យុទ្ធសាស្ត្រនេះនឹងកំណត់ផែនការដើម្បីកាត់បន្ថយការពឹងពាក់លើប្រទេសចិនចំពោះធនធានសំខាន់ៗ និងដើម្បីទប់ស្កាត់បច្ចេកវិទ្យារបស់សហភាពអឺរ៉ុបកុំឱ្យធ្លាក់ចូលទៅក្នុងដៃរបស់ចិន ដោយសារការព្រួយបារម្ភអំពីបញ្ហាសន្តិសុខជាតិ៕